សេដ្ឋវិទូ​ ៖ ការ​ភ័យ​ខ្លាច​ចំពោះ​​សង្គ្រាម​ពាណិជ្ជកម្ម​ប្រទេសទាំង២​ ​នាំ​ឱ្យ​មាន​វិបត្តិ​​សេដ្ឋកិច្ច


​សហរដ្ឋអាមេរិក​ ៖ ក្រុមហ៊ុន Goldman Sachs Group Inc (GS.N) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ការ​ភ័យ​ខ្លាច​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក – ចិន​ដែល​នាំ​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​កំពុង​កើនឡើង​ខ្ពស់ ហើយ​សេដ្ឋវិទូ​របស់ Goldman មិន​រំពឹង​ទៀត​ទេ​ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នឹង​សម្រេច​បាន​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ ២០២០ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី ១២ ខែសីហា ម្សិលមិញ​នេះ ។

​«​យើង​រំពឹង​ថា ពន្ធគយ​ដែល​កំណត់​គោលដៅ​លើ​ការ​នាំ​ចូល​របស់​សហរដ្ឋអាមេរិក​ពី​ប្រទេស​ចិន​ចំនួន ៣០០ ប៊ី​លាន​ដុល្លារ​នឹង​ចូល​ជា​ធរមាន​ពិតប្រាកដ​»​។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រុមហ៊ុន Goldman Sachs Group Inc (GS.N) ដែល​បាន​ផ្ញើ​ជូន​អតិថិជន​របស់​ខ្លួន​។ សូម​បញ្ជាក់​ថា Goldman Sachs Group Inc គឺជា​ធនា​ការ​វិនិយោគ​និង​សេវាកម្ម​ពហុ​ជាតិ​របស់​អា​មេ​រិ​ក​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូ​វ​យ៉​ក និង​ជា​ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​សេវាកម្ម​ក្នុង​ការ​គ្រប់គ្រង​ការ​វិនិយោគ​មូលប័ត្រ ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​អន្តរការី និង​មូលប័ត្រ​ធានា​ទិញ​មូលប័ត្រ​។

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១ ខែសីហា​ថា​លោក​នឹង​ដាក់​ពន្ធ ១០ ភាគរយ​លើ​ការ​នាំ​ចូល​ចុង​ក្រោយ​របស់​ចិន​ដែល​មាន​តម្លៃ ៣០០ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ការ​អនុវត្ត​ពន្ធ​ថ្មី​បន្ថែម​នេះ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែកញ្ញា តទៅ ដែល​បាន​បណ្តាល​ឲ្យ​ប្រទេស​ចិន​បាន​សម្រេច​បញ្ឈប់​ការ​ទិញ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋ​អា​មេ​រិ​ក​ផង​ដែរ ។

​សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​ថា​ចិន​ជា​អ្នក​រៀបចំ​នូវ​ស​ហត្ថា​ករ​ណ៍​រូបិយ​វត្ថុ (​ការ​ក្រឡុក​រូបិយប័ណ្ណ​/​រូបិយ​វត្ថុ​) បន្ទាប់​ពី​ចិន​បាន​សម្រេច​ធ្វើ​ឲ្យ​លុយ​យន់​ចិន​ចុះថោក​ជាង​មុន តែ​ប្រទេស​ចិន​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​កេង​ប្រាក់​យ័ន​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នៃ​ការ​ប្រកួតប្រជែង​នេះ​ទេ​។ ជម្លោះ​ពាណិជ្ជកម្ម​ដែល​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​នេះ​បាន​បង្កើត​ជា​បញ្ហា ដូច​ជា​ពន្ធគយ​ការ​ឧបត្ថម្ភ​ធន​បច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា​និង​សន្តិសុខ​អ៊ិ​ន​ធឺ​ណិ​ត​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​។

​យ៉ាងណាមិញ ក្រុមហ៊ុន Goldman Sachs បាន​និយាយ​ថា​ខ្លួន​បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នៅ​ត្រីមាស​ទី​បួន​របស់​ខ្លួន​ត្រឹម ២០ ពិន្ទុ ស្មើនឹង ១,៨ ភាគរយ​លើ​ផល​ប៉ះពាល់​ធំ​ជាង​ការ​រំពឹង​ទុក​ពី​កា​រវិ​វត្ត​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​។

​ក្រុមហ៊ុន​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​កំណត់ចំណាំ​ដែល​សរសេរ​ដោយ​អ្នក​សេដ្ឋកិច្ច​បី​រូប​របស់​ខ្លួន​គឺ​លោក Jan Hatzius, Alec Phillips និង David Mericle ថា «​សរុប​មក​យើង​បាន​បង្កើន​ការ​ប៉ាន់ស្មាន​របស់​យើង​អំពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​”»​។ កំណត់​ចំណាំបាន​លើក​ឡើង​ថា​ការ​កើនឡើង​ថ្លៃដើម​ពី​ការ​រំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់​អាច​នាំ​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​កកាត់​បន្ថយ​សកម្មភាព​ក្នុងស្រុក​របស់​ពួក​គេ​។ ក្រុម​សេដ្ឋវិទូ​បាន​បន្ថែម​ថា «​ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​» នេះ​ក៏​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ