ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ធាតុ​ដាក់​ឆ្អឹង​២ នៅ​សំណង់​ប្រាសាទបុរាណ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយ​ក្ដី

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នក​ស្រាវ​ជ្រាវ​​នៃ​សាកលវិទ្យាល័យ​ប្រទេស​ជប៉ុន បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​រក​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទបុរាណ​មួយ​កន្លែង​ក្នុង​បរិវេណ​ប្រាសាទបន្ទាយក្ដី ហើយ​ក៏​ប្រទះ​ឃើញ​ធាតុ​ដាក់​ឆ្អឹង​មនុស្ស​មួយ​ចំនួន​ផង​ដែរ​។ សេចក្តីរាយការណ៍​បន្ត​ថា មុន​នឹង​រក​ឃើញ​ធាតុ​ដាក់​ឆ្អឹង​មនុស្ស​នេះ គឺ​មុន​ដំបូង…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នក​ស្រាវ​ជ្រាវ​​នៃ​សាកលវិទ្យាល័យ​ប្រទេស​ជប៉ុន បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​រក​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទបុរាណ​មួយ​កន្លែង​ក្នុង​បរិវេណ​ប្រាសាទបន្ទាយក្ដី ហើយ​ក៏​ប្រទះ​ឃើញ​ធាតុ​ដាក់​ឆ្អឹង​មនុស្ស​មួយ​ចំនួន​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា មុន​នឹង​រក​ឃើញ​ធាតុ​ដាក់​ឆ្អឹង​មនុស្ស​នេះ គឺ​មុន​ដំបូង ដើម្បី​បានដឹង​ពី​រចនា​សម្ព័ន្ធ​​សំណង់​ប្រាសាទបុរាណ​ខឿន​ព្រះពុទ្ធ​សាសនា និង​ប៉ម C19 ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយក្ដី ហើយ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​អ្នក​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ធ្វើ​កំណាយ​មួយ​កន្លែង​នៅ​ចន្លោះ​ខឿន​ព្រះពុទ្ធ​សាសនា និង​ប៉ម C19 ក្នុង​គោលបំណង​ស្រាវជ្រាវ​អំពី​រចនាសម្ព័ន្ធ និង​ទំនាក់ទំនង​គ្នា​រវាង​ខឿន​ព្រះពុទ្ធ​សាសនា និង​ប៉ម​C19​។ ហើយ​ការ​ធ្វើ​កំណាយ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​១០ រហូត​មក​ដល់​ថ្ងៃ​ទី​១២ សីហា​នេះ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​វត្ថុ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ពី​សម័យ​មុន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សាសនា​ទៀត​ផង​។

បើ​តាម​លោក ញឹ​ម សុធា​វិន្ទ អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ប្រទេស​ជប៉ុន បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ សីហា​នេះ​ថា កាលពី​ឆ្នាំ​១៩៩៦ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណាយ​នៅ​ក្នុង​បរិវេណ​ប្រាសាទបន្ទាយក្តី​នេះ​រួច​ម្តង​មក​ហើយ ដោយពេល​នោះ​គេ​បាន​រក​ឃើញ​កោ​ដ​ចិន​ដាក់​ឆ្អឹង ដែល​ក្រុម​អ្នកជំនាញ​អះអាង​ថា កោ​ដ​ដាក់​ឆ្អឹង​ទាំងនោះ​ត្រូវ​គេ​យក​មក​បញ្ចុះ​នៅ​ជុំវិញ​ខឿន​សាសនា​នេះ​។ ហើយ​សម្រាប់​ការ​កំណាយ​លើក​នេះ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែសីហា ស្រាប់តែ​ប្រទះ​ឃើញ​ធាតុ​ដាក់​ឆ្អឹង​ចំនួន​២ ប៉ុន្ដែ​មិន​ទាន់​ដឹង​ច្បាស់​ថា នៅ​ពី​សម័យ​កាលណា​នៅឡើយ​នោះ​ទេ ដោយ​លោក​ចាំ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​សិន​។

ចំណែក​លោក ថូ ថុ​ន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្កា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ដែរ​ថា ការ​ធ្វើ​កំណាយ​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​អាជ្ញាធរ​អប្សរា ព្រោះ​អាជ្ញាធរ​អប្សរា គឺ​អ្នកគ្រប់គ្រង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ ដូច្នេះ​ការ​ដែល​បានដឹង​ច្បាស់​ពី​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទបុរាណ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ធ្វើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទបុរាណ​។

លោក​បន្ត​ថា ក្រៅពី​បានដឹង​ច្បាស់​ពី​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទបុរាណ​ហើយ​នោះ កំណាយ​នេះ​ក៏​បាន​ផ្តល់​ចំណេះដឹង​ដល់​និស្សិត​ផ្នែក​បុរាណ​វិទូ​ផង​ដែរ ព្រោះថា ការ​ធ្វើ​កំណាយ​នេះ​មាន​និស្សិត​ចូលរួម​សិក្សា​ឈ្វេងយល់ ហើយ​ពួក​គេ​គឺជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការងារ​អភិរក្ស​ប្រាសាទបុរាណ​។

រីឯ​កញ្ញា អ៊ឹ​ង មរកត និស្សិត​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ថ្លែង​ថា កញ្ញា​បាន​ចូលរួម​ធ្វើ​កំណាយ​នេះ​ចំនួន​៣​ដង​មក​ហើយ ដោយ​ធ្វើ​ឱ្យ​កញ្ញា​បាន​យល់​ដឹង​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​របៀប​ធ្វើ​កំណាយ ជា​ពិសេស​បានដឹង​ពី​រចនាសម្ព័ន្ធ​ប្រាសាទ និង​បានឃើញ​សម្ភារៈ​ប្រើប្រាស់ និង​វត្ថុ​អស្ចារ្យ​ជា​ច្រើន​ដែល​បាន​សល់​ពី​សម័យ​បុរាណ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ