ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅឃុំច្រណូកនិងឃុំដា នៅព្រឹកថ្ងៃទី១២ សីហា បានលើកគ្នា មកកាន់សាលាស្រុកកំពង់លែង ដើម្បីឲ្យជួយដោះស្រាយបញ្ហាដល់ខែវស្សា ហើយពួកគាត់មិនអាចភ្ជួរស្រែធ្វើស្រូវលើដី ដែលគាត់ធ្លាប់អាស្រ័យផលជារៀងរាល់ឆ្នាំ ដោយសារតែអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងមន្ត្រីជំនាញ ហាមឃាត់ ហើយបើនៅតែហ៊ានធ្វើគេនឹងចាប់ជាមិនខាន ។
តំណាងឲ្យប្រជាពលរដ្ឋបានលើកឡើងថា៖ ដីដែលគាត់ធ្លាប់អាស្រ័យផលជារៀងរាល់ឆ្នាំពេលនេះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញជលផល ហាមមិនឲ្យពួកគាត់ចុះធ្វើស្រែជាដាច់ខាតដោយលើកហេតុផលថា៖ដីព្រៃលិចទឹកនិងម្យ៉ាងវិញទៀតថា ជាដីស្ថិតនៅក្នុងទំនាស់៥៣០ហិកតា ។
ទាក់ទងនឹងបញ្ហានេះ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងបានបញ្ជាក់ថា មិនមែនហាម ឃាត់បងប្អូនមិនអោយធ្វើស្រែ ដែលពួកគាត់ធ្លាប់អាស្រ័យផលទេ តែកន្លងមកមានជនខិលខូចនៅពីក្រោយខ្នងប្រជាពលរដ្ឋ ដោយទន្ទ្រានដីព្រៃលិចទឹក ហេតុនេះហើយទើបឆ្នាំនេះ អាជ្ញាធរមានការរិតបន្តឹងខ្លះ ដោយអោយបងប្អូន ធ្វើលិខិតស្នើសុំទៅអាជ្ញាធរខេត្ត ព្រោះថ្នាក់ស្រុកមិនហ៊ានសម្រេចទេ ។
នៅពេលខេត្តសម្រេចអោយពួកគាត់ភ្ជួររាស់លើដីពួកគាត់ធ្លាប់ធ្វើស្រែហើយ មន្ត្រីជំនាញជលផល និងអាជ្ញា ធរស្រុកនឹងចុះទៅពិនិត្យដល់កន្លែងដីស្រែ ដែលពួកគាត់ត្រូវធ្វើ ដោយមិនអោយបំពាន្តលើដីព្រៃលិចទឹកឡើយ ព្រោះយើងដឹងហើយថា៖ ដីនៅចំណុចនោះជាដី តំបន់៣ ដែលពួកគាត់ខ្លះធ្លាប់ធ្វើស្រែ តែកន្លែងខ្លះជាដីព្រៃលិចទឹកតែម្តង ហើយកន្លងមកក៍មានជនខិលខូចលួចឈូសឆាយជារៀងរាល់ឆ្នាំ ទើបឆ្នាំមានមានការរិតបន្តឹងពីអាជ្ញាធរខេត្ត ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ