ផ្លូវការ ៖ Zidane ចេញ​មុខ​បញ្ជាក់​អនាគត Gareth Bale និង James Rodriguez


តាម​ប្រភព Goal បានឱ្យ​ដឹង​ថា ខណៈ​ដំណឹង​នៃ​ក្លិប​អធិរាជ​ស Real Madrid ចង់​វ៉ៃ​ចេញ​ខ្សែប្រយុទ្ធ​កំពូល​ល្បឿន Gareth Bale និង Jame Rodriguez នៅ​ពេល​នេះ​ត្រូវ​បាន​គ្រូបង្វឹក​ចេញ​មុខ​បញ្ជាក់​ច្បាស់​ហើយ​អំពី​អនាគត​របស់​ពួក​គេ​ជាមួយ​ក្លិប Real Madrid ។

គ្រូបង្វឹក​លោក Zinedine Zidane បាន​បញ្ជាក់​ថា លោក​ច្បាស់​១០០​ភាគរយ​ហើយ​ថា​ក្លិប​នឹង​មិន​លក់​ចេញ​កីឡាករ​ឆ្នើម Gareth Bale និង James Rodriguez នៅ​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បាន​បិទ​នោះ​ទេ ។

Gareth Bale និង James Rodriguez មានការ​ផ្ទុះ​ព័ត៌មាន​ជា​ខ្លាំង​ទាក់ទង​នឹង​ការ​ចាក​ចេញពី​ក្លិប​អធិរាជ​ស Real Madrid មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បាន​បិទ ប៉ុន្តែ​នា​ពេល​នេះ​ត្រូវ​ក្លិប​បាន​ច្រានចោល​ដោយ​បញ្ជាក់​ច្បាស់​ថា កីឡាករ​ទាំង​២​នេះ​នៅ​តែ​ជា​សមាជិក​ក្រុម​អធិរាជ​ស​ដដែល ។

កីឡាករ​កូ​ឡុំ​ប៊ី Jame Rodriguez ត្រូវ​បាន​ក្លិប​នៅ​អ៊ី​តា​លី Napoli និង​ក្លិប​នៅ​អេ​ស្ប៉ា​ញ Atletico Madrid តាម​ចែចូវ​ជា​យូរណាស់​មក​ហើយ បន្ទាប់​ពី​បញ្ចប់​កុងត្រា​ខ្ចី​ជើង​ពី​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich រួច​មក ខណៈ​ដែល​ខ្សែប្រយុទ្ធ​កំពូល​ល្បឿន Bale ត្រូវ​បាន​ក្លិប​ចិន​មានការ​ចាប់អារម្មណ៍​ចង់បាន​កាលពី​ខែ​មុន ។

លោក Zidane បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ការ​ប្រកួត​នៅ​ទីក្រុង​រ៉ូ​ម​ថា «​កីឡាករ James និង Bale គឺជា​កីឡាករ​របស់​ក្រុម​អធិរាជ​ស ។ ពួក​គេ​ទាំង​ពីរ​បាន​ចុះ​ឈ្មោះ​ហើយ ប៉ុន្តែ​អ្វី​ៗ​អាច​កើតឡើង​ហើយ​ខ្ញុំ​ក្នុង​នាម​ជា​គ្រូបង្វឹក​របស់ Real Madrid ត្រូវ​តែ​ពឹងផ្អែក​លើ​ពួក​គេ ។ ខ្ញុំ​ហ៊ាន​ធានា ១០០ ភាគរយ ។ ថ្វី​ត្បិត​តែ James មិន​ត្រូវ​បាន​កោះហៅ ប៉ុន្តែ​រឿង​នេះ​អាច​ផ្លាស់​ប្តូរ​បាន ។ សូ​ម្បី​តែ​មុន​ពេល​បញ្ចប់​ទីផ្សារ​ដោះ​ដូរ​អ្វី​ៗ​ក៏​អាច​កើតឡើង​បាន​ដែរ​» ។

នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​សួរ​អំពី Pogba និង Neymar គ្រូបង្វឹក Zidane បាន​ឆ្លើយ​តប​ថា «​នៅ​ពេល​នេះ​យើង​កំពុង​នៅ​ជាមួយ​កីឡាករ​របស់​យើង​ដែល​មាន​ក្នុង​ក្លិប ហើយ​យើង​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ពួក​គេ ។ ការ​គិត​របស់​ពួក​យើង​នៅ​ពេល​នេះ​គឺ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​ប្រកួត​បន្ទាប់ » ។

ក្លិប​រហស្សនាម​អធិរាជ​ស​មួយ​នេះ​នឹង​ត្រូវ​ប្រកួត​ជាមួយ Celta Vigo នៅ​ក្រប​ខណ្ឌ​កំពូល La Liga របស់​អេ​ស្ប៉ា​ញ​ក្នុង​ការ​ប្រកួត​លី​គ​ដំបូង​របស់​ពួក​គេ​នៅ​រដូវ​កាល​ថ្មី ។ ទោះ​យ៉ាងណា​គេ​នៅ​តែ​ទន្ទឹង​រង​ចាំ​មើល​ថា តើ​កីឡាករ​ណាមួយ​ដែល​បាត់​មុខ​ក្នុង​ក្រុម​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​អឺរ៉ុប​ត្រូវ​បាន​បិទ ៕

ប្រភព ៖ Goal, កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ