ខេត្តក្រចេះ ៖ បុរសម្នាក់ក្នុងចំណោម២នាក់នាំគ្នាដើរកាត់ព្រៃបម្រុងទៅឆក់ត្រីនៅទឹកអូរបានឆក់ប្រកាច់ស្លាប់ នៅពេលដើរទៅជាន់ខ្សែភ្លើង ដែលមានជនមិនស្គាល់មុខរាយនៅក្នុងព្រៃ ក្នុងគោលបំណងសម្រាប់ឆក់យកសត្វព្រៃ ។ ជនរងគ្រោះឈ្មោះ ស៊ាង សាវី អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ជាកម្មករនៅក្នុងក្រុមហ៊ុនគ្រីនអាយលែន ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។
នគរបាលមូលដ្ឋានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ សីហា បុរសរងគ្រោះជាកម្មករក្រុមហ៊ុនម្នាក់នេះ និងគ្នីគ្នាម្នាក់ទៀត ដើរស្ពាយឧប្ករណ៍ឆក់ត្រីដើរកាត់ព្រៃក្នុងគោល បំណងទៅឆក់ត្រីក្នុងទឹកអូរនៅតាមក្រុមហ៊ុន។
នៅពេលកំពុងដើរជនរងគ្រោះ ក៏ជាន់ឧបករណ៍ឆក់សត្វ ដែលមានជនមិនស្គាល់មុខដាក់ពង្រាយខ្សែភ្លើងក្នុងព្រៃ ក៏បណ្តាលឲ្យឆក់ប្រកាច់ស្លាប់ភ្លាមៗមិនអាចសង្គ្រោះបាន។
ករណីគ្រោះថ្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើងពីការដាក់ពង្រាយឆក់សត្វក្នុងព្រៃនេះ គឺតែងតែកើតមានឡើងជាបន្តបន្ទាប់នៅតាមព្រៃនានាក្នុងស្រុកសំបូរ ដែលតំបន់ព្រៃទាំងនោះសព្វថ្ងៃគេដឹងថា នៅមានសេសសល់សត្វព្រៃ ដួចជាសត្វជ្រូកព្រៃ សត្វឈ្លូស ហើយការរាយអន្ទាក់សម្រាប់ចាប់យក ក៏ដូចជាពង្រាយខ្សែភ្លើង សម្រាប់ឆក់យកពីក្រុមជនល្មើស នៅតែមានការលួចដាក់ពង្រាយជាហេតុតែងតែធ្វើឲ្យមានការឆក់ដល់មនុស្ស ដែលដើរចូលទៅក្នុងព្រៃដោយមិនបានប្រុងប្រយ័ត្ន ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ