រាជធានីភ្នំពេញ ៖ ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF(International Taekwondo Federation)កម្ពុជា បានបង្ហាញសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន១៦រូបត្រៀមចូលរួមប្រកួតជើងឯកពិភពលោកលើកទី១៤នៅទីក្រុងប្លូវឌីវ(Plovdiv)ប្រទេសប៊ុលហ្គារី។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាត្រៀមបញ្ជូនកីឡាករជម្រើសជាតិ៧រូបក្នុងនោះនារី១រូប កីឡាករថ្នាល៧រូបមាននារី១រូបទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារីដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ដល់ថ្ងៃទី៣០សីហា ។ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូរូបនេះបានបង្ហាញពីការជឿជាក់ថា កម្ពុជានឹងដណ្ដើមបានចំណាត់ថ្នាក់ល្អ ទោះការប្រកួតនេះមានបណ្ដាប្រទេសរហូតដល់ទៅជាង៧០ចូលរួមក៏ដោយ។
លោកមានការជឿជាក់លើវិញ្ញាសាប្រយុទ្ធតែ៧០ភាគរយប៉ុណ្ណោះ ប៉ុន្តែចំពោះវិញ្ញាសាមេគុននិងវិញ្ញាសាសម្ដែងបច្ចេកទេសពិសេសវិញលោកមានការជឿជាក់ខ្លាំង ។ លោកថ្លែងបែបបេះនៅក្នុងឱកាសផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយពីចប់កម្មវិធីនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ធានជាតិ។
លោកប្រធានសហព័ន្ធរូបនេះបានបញ្ជាក់ឱ្យដឹងបន្ថែមថា កាលពីប្រកួតជើងឯកពិភពលោកនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ក្នុងចំណោមបណ្ដាប្រទេសជាង៧០ចូលរួម កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១០ បានន័យថាលើបណ្ដាប្រទេសជាង៦០ទៀត ។ លោកថា តេក្វាន់ដូ ITFគឺជាក្បាច់គុនរបស់ប្រទេសកូរ៉េខាងជើងមានអាយុកាល៥០ឆ្នាំមកហើយ ហើយនៅពេលនោះម្ចាស់ក្បាច់គុនបានសរសើរថា កម្ពុជាធ្វើបានកាន់តែល្អ ។
សព្វថ្ងៃនេះ កម្ពុជាមានលោកChoi Narm ដែលជាគ្រូធំជនជាតិកូរ៉េខាងជើងកំពុងតែធ្វើការបង្ហាត់ដល់កីឡាករ កីឡាការិនីកម្ពុជា យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើនសមត្ថភាពត្រៀមចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍នៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ជាមួយនឹងការបង្ហាញសមត្ថភាព កីឡាករ-កីឡាការិនីដែលត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនេះផងដែរ ក៏មានការប្រគល់សញ្ញាបត្របញ្ជាក់ពីកម្រិតខ្សែក្រវាត់ពិភពលោកដល់កីឡាករ កីឡាការិនីចំនួន៣៣នាក់ ដោយក្នុងនោះមួយរូបកម្រិត៥ដាន់ ក្រៅពីនោះមានកម្រិត៤ដាន់ កម្រិត៣ដាន់ កម្រិ២ដាន់និងកម្រិត១ដាន់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ