ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​ពេទ្យ​ដើរ​ព្យាបាល​…​ធ្វើ​ឱ្យ​អ្នក​ជំងឺ​​ស្លា.ប់​ម្នាក់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន ខណៈ​តាំងខ្លួន​ជា​គ្រូពេទ្យ​ដើរព្យា​បាល​ជំងឺ​អ្នក​ភូមិ និង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី ១០ ខែសីហា ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង​នៅ​ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​គ្រៀល ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ត្រូវ​នគរបាល​ឃាត់ខ្លួន ខណៈ​តាំងខ្លួន​ជា​គ្រូពេទ្យ​ដើរព្យា​បាល​ជំងឺ​អ្នក​ភូមិ និង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី ១០ ខែសីហា ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង​នៅ​ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈូក ម៉ៅ អាយុ​២៤​ឆ្នាំ ចំណែក​គ្រូពេទ្យ​ត្បាញ​អាយ​នេះ​ឈ្មោះ ស្រឿង ប៊ុ​ន​រិ​ទ្ធ អាយុ​៦១​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ក្នុង ភូមិ​សង្កាត់​ខាងលើ​ជាមួយ​គ្នា ។

ឪពុក​ម្តាយ​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូនស្រី​របស់​គាត់​សង្ស័យ​មាន​ជំងឺ​ទាស់សរសៃ ហើយ​ពួក​គាត់​ឪពុក​ម្តាយ​ក៏ហៅ​ពេទ្យ​មក​មើល ។ ពេល​ពេទ្យ​មក​ដល់​បាន​ដាក់​សេរ៉ូម​ឱ្យ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច​ទើប​អស់​សេរ៉ូម ។ លុះដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ពេទ្យ​រូប​នេះ​បានឱ្យ​ថ្នាំ​គ្រាប់​លេប​បន្ត​គឺ​ថ្នាំ​Glugose​និង​ថ្នាំ​Vitamin Becomplex ។ ក្រោយ​ពី​បាន​លេប​រួច​មក នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ស្រាប់តែ​កូនស្រី​គាត់​ប្រកាច់​ស្លាប់​តែ​ម្តង ។

ទាក់ទិន​នឹង​ព័ត​មាន​នេះ លោក​ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​បានទទួល​ព័ត​មាន​ថា មាន​ពេទ្យ​ព្យាបាល​អ្នកជំងឺ​ស្លាប់​នោះ លោក​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ដោយ​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​តាមដាន​ពិនិត្យ​ជន​រង​គ្រោះ និងការ​ប្រើប្រាស​ថ្នាំ​គឺ​ខុស​បច្ចេកទេស​របស់​គ្រូពេទ្យបណ្តាល​ឱ្យ​អ្នកជំងឺ​ស្លាប់ ព្រោះ​មិន​អាច​ប្រើប្រាស់​ថ្នាំ​Glugose និង​Vitamin Becom​plex ដែល​មាន​សារធាតុ​បេ​អង​លើស​ចំណុះ​បណ្តាល​ឱ្យ​ប្រតិកម្ម និង​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង ។


លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ពេទ្យ​ត្បាញ​អាយ​ដែល​តាំងខ្លួន​ប្រកបរ​បរចាក់​ថ្នាំ​តាម​ភូមិ​រូប​នេះ ពុំ​មាន​សញ្ញាបត្រ​បញ្ជាក់​ថា​មាន​វិជ្ជាជីវ​: ជា​ពេទ្យ​នោះ​ទេ និង​ក៏​ពុំ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ឬ​ពី​មន្ទីរ​សុខាភិបាល​ដែរ ។ មន្ត្រី​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​ស្ត្រី​រង​គ្រោះដោយ​មា​ការ​សម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​បាន​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះ ស្រឿង ប៊ុ​ន​រិ​ទ្ធ នា​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែសីហា នាំ​មកស្នងការដ្ឋាន​នគ​បាល​ខេត្ត ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី ។

ស្ថានភាព​បែប​នេះ​តែង​កើត​មាននៅ​តាម​តំបន់​ជនបទ ហើយ​ក៏​លំបាក​នឹង​ទប់ស្កាត់​ដែរព្រោះ​ប្រជាពលរដ្ឋ​យើង​នៅ​តែ​យក​សេវា​ព្យាបាល​ជំងឺ​បែប​នេះ​តទៅ​ទៀត ដោយសារ​តែ​មិនចង់ទៅ​មន្ទីរពេទ្យ​ព្រោះ​ត្រូវ​ចំណាយ​អស់ប្រាក់​ច្រើន ដូច​ជា​ករណី​នេះ​ជាដើម​តើ​កំហុស​អ្នក​ណា? កំហុស​ពេទ្យ​អត់​សញ្ញាបត្រ​ឬ​កំហុស​គ្រួសារ​អ្នកជំងឺ ? យើង​គិត​ថា បើ​នាំ​គ្នា​ឈប់​រក​សេវា​ព្យាបាល​បែប​នេះ​តទៅ​ទៀត ប្រហែលជា​គ្មាន​បញ្ហា​បែប​នេះ​កើតឡើង​ទេ ៕​

អត្ថបទសរសេរ ដោយ