ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​ប្រទាក់ក្រឡា​បាក់…អាជ្ញាធរ​កំពុង​ចាត់វិធានការ​ទប់​ឡើង​វិញ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទំនប់​ទឹក​ប្រឡាក់​ក្រឡា​ដ៏​ធំ ​ដែល​ជា​កន្លែង​ស្តុក​ទឹក និង​ជា​រមណីយដ្ឋាន​ទេសចរណ៍ ស្ថិត​នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ បាន​បាក់​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា…

ខេត្តកំពត ៖ ទំនប់​ទឹក​ប្រឡាក់​ក្រឡា​ដ៏​ធំ ​ដែល​ជា​កន្លែង​ស្តុក​ទឹក និង​ជា​រមណីយដ្ឋាន​ទេសចរណ៍ ស្ថិត​នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ បាន​បាក់​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ។ ក្រោយ​ពី​ការ​បាក់​ទំនប់​ទឹក​នេះ​ភ្លាម ទឹកបាន​ហូរ​បាចសាច​ធ្វើ​ឱ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​និង​ផ្លូវលំ​មួយ​ចំនួន​ត្រូវ​ជន់​លិច។
លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ ក៏​បាន​ទៅ​ពិនិត្យជាក់ស្ដែង​នៅ​កន្លែង​កើត​ហេតុ ។

លោក នាក់ សុ​វ​ណ្ណា​រី អភិបាលស្រុក​ទឹកឈូ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា​ថា បន្ទាប់​ពី​ទំនប់​បាន
បាក់ លោក​បាន​ប្រកាសប្រាប់​ដល់​ពលរដ្ឋ​ដែលមាន​លំនៅ​ឋាន​កៀក​នឹង​ទំនប់​ឱ្យ​មានការ​ប្រុង​ប្រយ័​ត្ន បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។ លោក​បានឱ្យ​ដឹង​ថា ទំនប់​ដែល​ចាក់​បេតុង​នោះ​មាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ និង​បាក់​៧​ទៅ​៨​ម៉ែត្រ ប៉ុន្តែ​អាច​នឹង​បាក់​បន្ថែម​ទៀត ។

លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តដែល​បាន​ចុះ​ពិនិត្យ​ដែរ​នោះ បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា ការ​បាក់​ទំនប់​នេះ​ក៏​ត្រូវ​បាន​លោករដ្ឋមន្ត្រី​មក​ពិនិត្យ​ផល​ប៉ះពាល់​ច្រើន​ដូច​ជា ផ្ទះសម្បែង និង​ផ្លូវ​នានា​ត្រូវ​រង​ការ​ខូចខាត ។ ឥឡូវនេះ​ ក្រុមការងារ​មាន​ខាង​មន្ទីរ​ធនធានទឹក និងមន្ទីរ​សាធារណការ​ខេត្ត បាន​នាំ​យក​គ្រឿងចក្រ​មក​កាន់​ទី​នេះ​ដើម្បី​ទប់​ទំនប់​ដែល​បាក់នោះ​វិញ ។

ស្ថានភាព​ជំនន់​ទឹកភ្លៀង​និង​ការ​បើកទ្វារ​ទឹក​ពី​វា​រី​អគ្គិសនី​កំចាយបន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​អស់
រយៈពេល​ជា​ច្រើន​ថ្ងៃ​នា​ដើមខែ​សីហា​នេះ ធ្វើឱ្យ​មាន​ជំនន់​ទឹកភ្លៀង​លិចលង់​ប៉ះពាល់​ដល់​ផលដំណាំ​​លំនៅ​ឋាន ផ្ទះសម្បែង និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខ្លះ​ៗ​ក្នុងស្រុក​ទឹកឈូ​និង​ក្រុង​កំពត ។ ផ្ដើម​ចេញ​កង្វល់ និង​ការ​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ រយៈពេល​ពេញ​មួយ​ថ្ងៃ​ទី​១០ ខែសីហា លោក ជាវ តា​យ អភិបាលខេត្ត និង​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជា​មួយនឹង​មន្ត្រី​មូលដ្ឋា​ន និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ទឹក ក្នុង​នោះ​មាននៅ​ភូមិ​អណ្ដូង​ជី​ម៉ឺន ភូមិ​កំពង់​គ្រែង ឃុំ​កំ​ពង​គ្រែង ព្រមទាំង​តាម​ភូមិសាស្ត្រ​ដងព្រែក​កំចាយ​នៃ​ស្រុក​ទឹកឈូ​និង​ភូមិ​ស្វាយ​ធំ ភូមិ​ក្រាំង​នៃ សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត ។

លោក ជាវ តា​យ មាន​ប្រសាសន៍​សំណេះសំ​ណា​ល​ថា ដោយ​ផ្ដើម​ចេញពី​កង្វល់​និង​មានការជំរុញ​យក​ចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ជួប​គ្រោះ​មហន្តរាយ ក៏​ដូច​បញ្ហា​ផ្សេង​ៗ ក្នុង​នាម​លោក ប៉ែន សុ​ី​ម៉​ន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពត និង​ក្នុង​នាម​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ខេត្តកំពត លោក​បាន​សម្តែង​ការ​ចូលរួម​នូវ​ក្ដី​ទុក្ខ​លំបាក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​នេះ ។

លោក ជាវ តា​យ ថ្លែង​ថា បញ្ហា​គ្រោះ​មហន្ត រាយ​គឺ​យើង​មិន​អាច​កំណត់​បាន​ឡើយ ប៉ុន្តែ​បញ្ហាសំខាន់​គឺ​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ចូលរួម​តាម​រយៈ​យន្តការ ឬ​វិធានការ​នានា ដើម្បី​បង្ការ​ទប់ស្កាត់​និង​ដោះស្រាយ​សង្គ្រោះ​អាយុជីវិត​មនុស្ស ឱ្យ​បាន​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ជា​ការ​ចាំបាច់ ។ នា​ឱកាស​នោះ លោក​អភិបាលខេត្ត​ក៏​បាន​នាំ​យក​នូវ​អំណោយ​មាន មី និង​អង្ករ ព្រមទាំង​ថវិកា​មួយ​ចំនួន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់កាល​បន្ទាន់​ផង
​ដែរ ។

តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែសីហា នៅ​ស្រុក​ទឹកឈូ​មាន​ឃុំ​៣ ដែល​កំពុង​ប្រឈម​ប៉ះ​ពាល់​ដោយ​ជំនន់​ទឹកភ្លៀង​គឺ ឃុំ​កំពង់​គ្រែង ឃុំ​ស្ទឹង​កែវ និង​ឃុំ​ព្រៃ​ឃ្មុំ ។ ឯ​ក្រុង​កំពត​ក៏​មាន​ផល​ប៉ះពាល់​តិច​ឬ​ច្រើន​នៅ​សង្កាត់​ទាំង​៥​ផង​ដែរ ។ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ភូមិសាស្ត្រ​ក្រុងកំពត និង​ស្រុក​ទឹកឈូ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់ពេញ​មួយ​យប់​ថ្ងៃ​ទី​៩ ខែសីហា លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ តាម​ការ​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង គឺ​ផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ក្រុង​កំពត​រង​ការ​ជន់​លិច ជា​ពិសេស​ផ្លូវ​ជុំវិញ​ផ្សារ​សាមគ្គី​ទីរួមខេត្ត ។ ឯ​លំនៅ​ឋាន​នៅ​តាម​ដងព្រែក​កំពត ក្នុងភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ កាលពី​ល្ងាច​ថ្ងៃ​ទី​៩
ខែសីហា ក៏​រង​ការ​លិចលង់​មួយ​ចំនួន​ដែរ ។

លុះ​មក​ដល់​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ង​ទី​១១ ខែសីហា ទឹកបាន​ស្រក់​អស់​វិញ​ហើយ ប៉ុន្តែ​នៅកន្លែង​លក់ដូរ​ក្នុង​ផ្សារ​នៅ​មានទឹក​ដក់​កន្លែង​ខ្លះ​ៗជា​អន្លើ តែ​ក៏​មិន​រំខាន​ដល់​បងប្អូន​ប្រជាជននិង​អាជីវករ​លក់ដូរ​ដែរ គឺ​នៅ​លក់ដូរ​បានជា​ធម្មតា ។ ចំណែក​ទឹក​ព្រែក​កំពង់បាយ​វិញ ទោះបី​ក្រុមហ៊ុន​ស៊ី​ណូ​ហា​យ​ដ្រូ បើកទ្វារ​ទំនប់​ដើម្បី​បន្ថយ​កំណើន​ទឹក​ស្តុក​ក្នុង​ទំនប់​វា​រី​អគ្គិសនី ដែល​ហូរ​ធ្លាក់​ពី​ជួរ​ភ្នំ​កំចាយ​ដោយសារ​ភ្លៀង​ខ្លាំង​កាលពី​យប់​ក៏​ដោយ ក៏​ស្ថានភាព​ទឹក​ព្រែក​មិន​បាន​ឡើងខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ ។ តាម​ប្រភព​ព័ត៌មានថា ក្រុម​ហ៊ុន​ចិន​ដែល​បើកទ្វារ​ទំនប់​នេះ​បាន​បន្ថយ​ពី​៥​មក​នៅ​ត្រឹម​៤​វិញ ធ្វើ​ឱ្យ​ទឹក​មិន​មានការ​ជន់​​លិច​ខ្លាំង​នោះ​ទេ ។

មាន​កត្តា​ពីរ​យ៉ាង​ដែល​នាំ​ឲ្យ​លំនៅ​ឋាន​ជា​ច្រើន​ខ្នង​ត្រូវ​ទឹក​ជន់​លិច​ស្ទើរតែ​ទាំងស្រុង គឺ៖ ទី​១-​ចិន​បើកទ្វារ​ទំនប់​វា​រី​អគ្គិសនី ទឹក​អាច​ហូរ​តាម​ដងព្រែក​មិន​ទាន់​ក៏​ចាល់​ឡើង​មក​ទី​ទំនា​ប​សងខាង​ដៃ​ព្រែក បណ្តាល​ឲ្យ​មានការ​លិច លំនៅ​ឋាន​ដែល​នៅ​ក្បែរ​ដៃ​ព្រែក​និង​វាលទំនាប​ដែល​នៅ​ខាងក្រោម​ទំនប់​វា​រី​អគ្គិសនី ។ ទី​២-​ភ្លៀង​ហូរ​ពី​ភ្នំ​ធ្លាក់​ខ្លាំង​ពី​ឃុំ​ស្ទឹង​កែវ តាមបណ្តោយដៃ​ព្រែក​កំពត ដែល​បំបែក​ពី​ស្ទឹង​កែវ មក​ប្រសព្វ​គ្នា​នឹង​ព្រែក​កំពត​ដែរ ទើប​អាច​ហូរ​តាម​ព្រែក​មិន​ទាន់ ធ្វើ​ឲ្យ​ទឹក​ចាល់​ឡើង​ទីទួល​និង​វាលទំនាប​ក្នុងភូមិ​មួយ​ចំនួន​ដូច​ជា​ភូមិ​ម៉ាក់​ប្រាង្គ ភូមិ​អណ្តូង​ជី​ម៉ឺន ភូមិ​មាត់ពាម ក្នុង​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ និង​ភូមិ​មួយ​ចំនួន ទៀត​ដូច​ជា​ភូមិ​បឹង​តា​រោង ក្នុង​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ឃុំ​កំពង់​គ្រែង​ដែរ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ