រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ បន្ទាប់ពីទំនាស់ពាក្យសំដី រឿងនិយាយដើមគ្នាឈានទៅដល់ការបង្កជាហិង្សាវាយបុរសម្នាក់ទៀត បណ្តាលឲ្យបែកមាត់សន្លប់ស្តូកតែម្ដង ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទល់មុខផ្ទះលេខ ៨២ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ គង់ កៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះ៨២ ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ជនបង្កឈ្មោះ ហុង សាន ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះជួល ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមសម្តីជនបង្កបានអោយដឹងថា មុននឹងឈានទៅដល់ការប្រើហិង្សា គឺគាត់ខឹងជនរងគ្រោះរឿងនិយាយដើមគ្រួសារគាត់ថារកស៊ី អត់សល់ ដោយសារតែលេងល្បែង លុះពេលឮបែបនេះ គាត់ក៏បានទៅប្រាប់ជនរងគ្រោះថា «កុំចេះដឹងរឿងគ្រួសាររបស់ខ្ញុំ» ស្រាប់តែជនរងគ្រោះ ស្រវឹងបានវាយទៅលើគាត់ មិនតែប៉ុណ្ណោះមានទាំងប្រុសមានទាំងស្រីមកព្រួតវាយគាត់បន្ថែមទៀត ទើបគាត់ការពារខ្លួនក៏បានទាញកៅអីវាយទៅវិញ បណ្តាលអោយជនរងគ្រោះ រងរបួសបែកមាត់សន្លប់ស្តូកតែម្តងទៅ ។
ដោយឡែកសាច់ញាតិរបស់ជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះ និងជនបង្កសុទ្ធតែជាអ្នកស្គាល់គ្នា ហើយធ្លាប់រស់នៅជាមួយគ្នាទៀតផង តែដោយសារតែខាងក្រុមគ្រួសាររបស់ពួកគាត់ ប្រើពាក្យសម្តីមិនសមរម្យ ទើបធ្វើអោយជនបង្កខឹង រហូតទំនាស់ពាក្យសម្តីគ្នា ទើបឈានទៅដល់ការប្រើហិង្សា បណ្តាលអោយជនរងគ្រោះរងរបួសសន្លប់បែបនេះ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនជនបង្កយកទៅសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ តែម្តង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចំណែកជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ