ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការសារព័ត៌មានអាស៊ានប្រចាំថៃ…​​ចូលរួមបុណ្យសព​លោក នួន ជា​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​ប្រា​ស៊ិ​ត សែន​រុងរឿង អគ្គលេខាធិការ​សារព័ត៌មាន​អាស៊ាន​ប្រចាំ​ប្រទេស​ថៃ បាន​មក​ចូលរួម​បុណ្យសព​លោក នួន ជា អតីត​មេដឹកនាំ​ខ្មែរក្រហម ដែលត្រូវ​បាន​រៀបចំ​បូជានៅ​វេលា​​ម៉ោង​០៧​​យប់​ថ្ងៃ​ទី​៩…

ខេត្តបាត់ដំបង ៖ លោក​ប្រា​ស៊ិ​ត សែន​រុងរឿង អគ្គលេខាធិការ​សារព័ត៌មាន​អាស៊ាន​ប្រចាំ​ប្រទេស​ថៃ បាន​មក​ចូលរួម​បុណ្យសព​លោក នួន ជា អតីត​មេដឹកនាំ​ខ្មែរក្រហម ដែលត្រូវ​បាន​រៀបចំ​បូជានៅ​វេលា​​ម៉ោង​០៧​​យប់​ថ្ងៃ​ទី​៩ ​សីហា ក្នុង​បរិវេណ​វត្ត​ព្រំ​មរកត ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ក្នុង​ជំនួប​ជាមួយ​ភរិយា​លោក​នួន ជា នោះ លោក​ប្រា​ស៊ិ​ត សែន​រុងរឿង បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ ក្នុង​​ពេល​នេះ ហើយ​ការ​ដែល​មក​ចូលរួម​នា​ពេល​នេះ គឺ​ក្នុង​នាម​មនោសញ្ចេតនា​ពី​អតីតកាល ដែល​ធ្លាប់​បាន​ធ្វើបុណ្យ​រួម​ជាមួយ​គ្នា​ជា​ច្រើន​លើក​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ចំពោះ​រឿង​ផ្សេង​ៗ​ទៀត​ ​គឺ​គ្មាន​អ្វី​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្នា​ឡើយ ។

តាម​សង្ឃដីកា​ពី​ព្រះសង្ឃ​នៅ​វត្ត​នេះ​បានឱ្យ​ដឹង​ថា សព​លោក នួន ជា ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​ព្រំ​មរកត ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​កូនចៅ​នាំ​គ្នា​រៀបចំ​ធ្វើ​បុណ្យសព​ក្នុង​វត្ត​ខាងលើ​នេះ​ តាម​បណ្តាំ​របស់​លោក​នួន ជា កាលពី​នៅ​រស់ ដោយ​ប្រាប់​ថា ពេល​គាត់​អស់​ជីវិត​ទៅ​ត្រូវ​តែ​យក​សព​របស់​គាត់​មក​បូជា​នៅ​វត្ត​នេះ ព្រោះ​គាត់​ធ្វើបុណ្យ​ទាន​នៅ​វត្ត​នេះ​តាំងពី​ដើម​មក ។

ចំពោះ​ក្រុម​គ្រួសារ​លោក​នួន ជា មិន​អាច​សុំ​ការ​មាន​មតិយោបល់ ឬ​បង្ហាញ​ពី​មនោសញ្ចេតនា​ជាមួយ​រឿង​អ្វី​ដែល​លើស​ពី​បុណ្យសព​ឡើយ ហើយ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ជនជាតិ​ថៃ ដែល​​បាន​គោរព​ស្រឡាញ់​រាប់អាន​កន្លង​មក និង​បាន​មក​ចូលរួម​នា​ពេល​នេះ តែ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា អតីត​មេដឹកនាំ​របប​ខ្មែរក្រហម លោក នួន ជា អាយុ​៩៣​ឆ្នាំ បាន​ទទួលមរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​ត្រូវ​បាន​រៀបចំ​បូជាសព​បង្ហើយ​បុណ្យ​ក្នុង​វេលា​យប់​នេះ ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ