ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ទាក់ទង​គ្នា​រវាង​ខ្មែរ និង​ចិន​តាំងពី​សម័យ​មុន​ប្រវត្តិសាស្ដ្រ

4 ឆ្នាំ មុន

ការ​ទាក់ទង​គ្នា​រវាង​ចិន និង​ខ្មែរ​បាន​ផ្តើម​ឡើង​តាំងពី​សម័យ​មុន​ប្រវត្តិសាស្ត្រ ពោល​គឺ​តាំងពី​មុន​ការ​បង្កើត​នៃ​រដ្ឋ​ហ្វូ​ណ​ន​មក​ម៉្លេះ ក៏​ប៉ុន្តែ​ទើបតែ​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​បំផុត ចាប់តាំងពី​មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច​ប៉ុណ្ណោះ ។ បើ​តាម​ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ថា​ការ​ស្រាវជ្រាវ ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា…

ការ​ទាក់ទង​គ្នា​រវាង​ចិន និង​ខ្មែរ​បាន​ផ្តើម​ឡើង​តាំងពី​សម័យ​មុន​ប្រវត្តិសាស្ត្រ ពោល​គឺ​តាំងពី​មុន​ការ​បង្កើត​នៃ​រដ្ឋ​ហ្វូ​ណ​ន​មក​ម៉្លេះ ក៏​ប៉ុន្តែ​ទើបតែ​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​បំផុត ចាប់តាំងពី​មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច​ប៉ុណ្ណោះ ។

បើ​តាម​ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ថា​ការ​ស្រាវជ្រាវ ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា សំ​ណេ​រ​ចិន​ស្តី​ពី​ប្រវត្តិសាស្ដ្រ​ខ្មែរ ចែក​ចេញ​ជា​ច្រើន​សម័យកាល តែ​ឯកសារ​សំខាន់​ជាងគេ ដែល​គេ​អាច​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​គ្រឹះ គឺ​ស្ថិត​នៅ​ក្នុង​រាជវង្ស​ហាន់ ខាងលិច ប្រមាណ​ជា ១០០​ឆ្នាំ មុន​គ្រឹ​ស្ដ​សករាជ និង​១០០​ឆ្នាំ នៃ​គ្រឹ​ស្ដ​សករាជ និង​ក្នុង​សម័យ​រាជវង្ស​វ៉ូ (២២០-២៨០​នៃ​គ​.​ស​) ។

១-សម័យ​រាជវង្ស​ហាន់ ខាងលិច ៖ សម័យនេះ គឺជា​សម័យ​មុន​ការ​បង្កើត​រដ្ឋ​ហ្វូ​ណ​ន​បន្តិច ហើយ​ជា​សម័យ​ចាស់​ជាងគេ​បំផុត ។ តាំងពី​អតីតកាល​ដ៏​យូរលង់​មក​មិន​ថា ក្នុង​បរិបទ​សង្គម​វប្បធម៌​ណា ឬ​រជ្ជកាល​របស់​ព្រះមហាក្សត្រ​អង្គ​ណា​ទេ ជនជាតិ​ចិន​តែងតែ​ខិតខំ​ឈ្វេងយល់​អំពី​វិស័យ​នយោបាយ​វប្បធម៌ និង​សេដ្ឋកិច្ច​របស់​ជនជាតិ​ដែល​រស់នៅ​ជិតខាង​របស់​ខ្លួន ។

ដោយ​សំ​ណេ​រ​ដៃ​ជា​លាយ​លក្ខណ៍​អក្សរ ហើយ​ចាស់​ជាងគេ​បំផុត​របស់​ចិន​ស្តី​ពី​ជនជាតិ​បរទេស ជា​ពិសេស​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ចារ​ឡើង​ក្នុង​រាជវង្ស​ហាន់ ខាងលិច យ៉ា​ន​ហាន​ស៊ូ ប្រមាណ​១០០​ឆ្នាំ មុន​គ្រឹ​ស្ដ​សករាជ និង​១០០​ឆ្នាំ​នៃ​គ្រឹ​ស្ដ​សករាជ ។

គឺ​ដោយសារ​ឯកសារ​នេះ​ហើយ​បានជា​យើង​អាច​ដឹង​ជា​ប្រយោល​ថា ជនជាតិ​ខ្មែរ​ធ្លាប់​មានការ​ទាក់ទង​ជាមួយ​ចិន មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច ហើយ​ដែនដី​ខ្មែរ​ពី​ដើម គឺជា​តំបន់​ឆ្លងកាត់ ឬ​ជា​ផ្លូវត្រឡែងកែង​វប្បធម៌ ដែល​មាន​វប្បធម៌​ចម្រុះ​ពហុ​វប្បធម៌ ។ សម្រង់​ព័ត៌មាន​ដែល​បាន​មក​ពី​ឯកសារ​ខាងលើ បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ចាំបាច់​អ្នកដំណើរ​តាម​សមុទ្រ ដោយ​ឆ្លងកាត់​ទីប្រជុំ​ជន​មួយ​ចំនួន ដែល​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ និង​វៀតណាម​ខាងត្បូង ក្រោយ​ពី​ឱនភាព​នៃ​សម័យ​មហានគរ និង​ក្រោយ​អង្គរ​មក ។

ការ​ពិនិត្យ​ខ្លឹមសារ​នៃ​សំ​ណេ​រ​ដៃ​ចិន កត់ត្រា​តាំង​តែ​១០០​ឆ្នាំ​មុន​គ្រឹ​ស្ដ​សករាជ បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ពិចារណា​ឡើង​វិញ​អំពី​ចំណាស់​នៃ​សម្ព័ន្ធភាព​មិន​គ្រាន់តែ​ចិន និង​ឥណ្ឌា​ទេ ក៏​ប៉ុន្តែ​រវាង​ចិន និង​ខ្មែរ ឬ​ក៏​ខ្មែរ និង​ឥណ្ឌា​ផង​ដែរ ដែល​បាន​ទាក់ទង​រកគ្នា ដោយ​មូលហេតុ​ផ្សេង​ៗ​យ៉ាង​ពិតប្រាកដ ។

តាម​រយៈ​វត្ថុ​បុរាណ​ចិន​មួយ​ចំនួន​ដែល​បាន​ជួប​ប្រទះ យើង​ក៏​អាច​បញ្ជាក់​នូវ​ភាព​ត្រឹមត្រូវ​នៃ សំ​ណេ​រទាំង​នោះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទាក់ទង​ចិន​-​ខ្មែរ​ខាងលើ​នេះ​ដែរ ។ តាម​ពិត​ទៅ​ផ្តើម​ចេញពី​រាជវង្ស​ហាន់​ការ​ទាក់ទង​នេះ មាន​លក្ខណៈ​ច្បាស់លាស់ និង​ពិស្តារ​ចាប់តាំងពី​សតវត្សរ៍​ទី​១ រហូត​ដល់​បច្ចុប្បន្នភាព បើ​សំអាង​ប្រភព​ឯកសារ ផ្សេង​ៗ ដែល​ជា​រួម​មាន​ទិន្នន័យ​ខាង​បុរាណវិទ្យា និង​លទ្ធផល​នៃ​ការ​ជីក​រុករក​វត្ថុ​បុរាណ​នៅ​តាម​ស្ថានីយ ផ្សេង​ៗ​ជាដើម ។

ហេតុ​ដែល​យើង​ចាប់អារម្មណ៍​លើ​ស្លាកស្នាម​វប្បធម៌​បុរាណ​ចិន គឺ​ដោយសារ​តែ​ចំណុច​នេះ មិនសូវ​ត្រូវ​បាន​គេ​លើកយក​មក​និយាយ​ឡើយ ហើយ​ជា​អ្វីមួយ​ដែល​ពុំ​បាន​ចែង ឬ​អធិប្បាយ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ។

ម្យ៉ាងទៀត​យើង​ចង់​បង្ហាញ​ថា ការ​កត់ត្រា​នូវ​ព្រឹត្តិការណ៍ ផ្សេង​ៗ​ដោយ​ចិន ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រវត្តិសាស្ដ្រ​ខ្មែរ មាន​ភាព​ត្រឹមត្រូវ​ល្អ​មិន​ផ្ទុយ​នឹង​ទិន្នន័យ​ខាង​បុរាណវិទ្យា​នេះ ។ តាម​ពិត​នៅ​ទី​នេះ គឺ​យើង​ចង់​បញ្ជាក់​ឲ្យ​ឃើញ​អំពី​សេចក្តី​សំខាន់​របស់​វត្ថុ​បុរាណ​ទាំងនោះ​ក្នុង​ការ​ចងក្រង​ប្រវត្តិសាស្ដ្រ​ខ្មែរ​តែ​ប៉ុណ្ណោះ ។

២-សម័យ​រជ្ជកាល​វ៉ូ ៖ តាម​សំ​ណេ​រ​ចិន​ជា​លាយលក្ខណ៍អក្សរ​ស្តី​ពី​ហ្វូ​ណ​ន និយាយ​រួម និង​ការ​ទាក់ទង​ខ្មែរ​-​ចិន និយាយ​ដោយឡែក​ត្រូវ​បាន​គេ​សិក្សា​វិភាគ​ដោយ​បោះពុម្ពផ្សាយ​តាំង​តែ​ពី​ឆ្នាំ​១៨៨៣​ម៉្លេះ ។ ដូច្នេះ​តាម​ដំណើរ​នៃ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សម័យ​ហ្វូ​ណ​ន យើង​សូម​រំឭក​ឡើង​វិញ​នូវ​ឯកសារ​មូលដ្ឋាន​ទាំងនោះ ដែល​គប្បី​យើង​ត្រូវ​សិក្សា​វិភាគ​តទៅ​ទៀត ។

គេ​សង្កេត​ឃើញ​មាន​អ្នក​ប្រវត្តិវិទូ​ចិន​ច្រើន​រូប ដែល​មានការ​ចេះ​ដឹង​យ៉ាង​ជ្រៅជ្រះ​បាន​បន្សល់​នូវ​កំណត់​ហេតុ​មួយ​ចំនួន​ស្តី​ពី​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ ពិត​ៗ​របស់​ខ្មែរ​នា​សម័យ​ដើម ។ ប៉ុន្តែ​អ្នក​កាល​ប្បវត្តិ​ចិន ដែល​ល្បីល្បាញ​ជាងគេ​នោះ គឺ​កាំ​ង​ថៃ និង​ជូ​យី​ន ដោយ​លោក​បាន​សរសេរ​កត់ត្រា​អំពី​ហ្វូ​ណ​ន ជា​លើក​ដំបូង​បង្អស់ ។

កំណត់ហេតុ​របស់​ចិន​ទាំងនោះ ដែល​ជា​វិភាគទាន​មាន​តម្លៃ​ឥត​កាត់ថ្លៃ​បាន សុទ្ធតែ​ធ្វើ​ឡើង​អាស្រ័យ​ហេតុផល​ដូច​ពោល​ខាងលើ គឺថា​កើត​ចេញពី​ចក្ខុវិស័យ​របស់​អ្នកដឹកនាំ​ចិន ដើម្បី​មូលហេតុ​សេដ្ឋកិច្ច និង​វប្បធម៌​ច្រើន​ជាង​នយោបាយ​វាតទី​និយម​ទឹកដី ។

ជាបឋម​សូម​រំឭក​ថា កំណត់ហេតុរ​របស់​ចិន​ដែល​ចាស់​ជាងគេ​នោះ ហើយ​ក៏​ជាដំបូង​ផង​ដែរ គឺ​កាលប្រវត្តិ​របស់​រាជវង្ស​ហាន​ខាងលិច (១០០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ និង​១០០​ឆ្នាំ​នៃ​គ្រឹ​ស្ត​សករាជ​) តែ​ដូចដែល​បាន​ពោល​ខាងលើ កំណត់ហេតុ​ដែល​ពិស្តារ និង​សំខាន់​បំផុត​នោះ គឺ​កំណត់ហេតុ​ចងក្រង​ឡើង​នៅ​ក្នុង​សម័យ​​រាជវង្ស​វ៉ូ (២២០-២៨០​នៃ​គ្រឹ​ស្ត​សករាជ​) ដោយ​កាំ​ង​ថៃ និង​ជូ​យី​ន ។

ក្រៅពី​នេះ​យើង​ក៏​បាន​ជួប​ប្រទះ​នូវ​ព័ត៌មាន​ស្តី​ពី​នគរ​ភ្នំ​ក្នុង​ឯកសារ​ចិន​មួយ​ចំនួន​ទៀត​ដូច​ជា ប្រវត្តិសាស្ត្រ​សន្តតិវង្ស​លាំង (៥០២-៥៥៦​នៃ​គ្រឹ​ស្ត​សករាជ​) ឈ្មោះ​លាំង​ស៊ូ (Liang Shu) ប្រវត្តិសាស្ត្រ​នៃ​សន្តតិ​វង្ស​សយ (Sui Shu) និង​ប្រវត្តិសាស្ត្រ​នៃ​រាជវង្ស​ថា​ង (Xin Tang Shu) ដោយ​ម៉ា​តួន​លិ​ន សង្ខេប​ប្រវត្តិសាស្ត្រ​របស់​ព្រះ​ចៅ​អធិរាជ​ក្នុង​រជ្ជកាល​ថៃ​ភី​ញ (Tai Ping Yu Lan) សៀវភៅ​នៃ​ចក្រវាល (Tai Ping Huan Yu Ji) និង​ប្រជុំ​វិទ្យា​តុង​ទៀន (Tong Tian) ជាដើម ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​សំ​ណេ​រ​ដៃ​របស់​លោក​កាំ​ង​ថៃ និង​ជូ​យី​ង គឺជា​ឯកសារ​មូលដ្ឋាន ស្តី​ពី​ប្រវត្តិសាស្ត្រ​របស់​នគរ​ភ្នំ ឬ​ហ្វូ​ណ​ន ឆ្នាំ ២៣០-២៣១ ដែរ ។

សូម​រំឭក​ថា ប្រវត្តិវិទូ​ចិន​ទាំង​ពីរ​នេះ​បាន​មក​ដល់​នគរ​ភ្នំ​តាម​បញ្ជា​របស់​អភិបាលខេត្ត​ជាវ​ចូ​វ (Jiao Zhou) ឈ្មោះ​ឡឺ​ដា នៅ​ឆ្នាំ​២៣ ។ ស្នាដៃ​របស់​លោក​កាំ​ង​ថៃ​ត្រូវ​បាន លោក​លី តា​វ​យៀន (Li Dao Yuan) អធិប្បាយ​នៅ​ក្នុង​ឯកសារ «​សេចក្តីអធិប្បាយ​នៃ​ផ្លូវទឹក​» ដែល​មាន​៣៦​ភាគ ពោល​គឺ​ភាគ​១ ដល់​ភាគ​៣៦ សរសេរ​នៅ​ចុង​សតវត្ស​ទី​៥ និង​ដើម​សតវត្ស​ទី ៦ ក្រោម​ចំណងជើង​ថា ប្រវត្តិ​និទាន​ពី​ហ្វូ​ណ​ន (Fu Nan Chuan) និង​រឿងនិទាន​ពី​ហ្វូ​ណ​ន​ជី (Fu Nan Ji)​។

នៅ​ក្នុង​កំណត់ហេតុ​របស់​អធិរាជ​នៃ​រជ្ជកាល​ថៃ​ភីង ច្បាប់​៧៨៧ លោក​លី តា​វ​យៀន បាន​ដាក់​ចំណងជើង​ថា «​ប្រវត្តិ​ទំនៀមទម្លាប់​ប្រពៃណី​នៅ​ហ្វូ​ណ​ន​» (Fu Nan Tu Su) ប្រជុំ​វិទ្យា (១៨៨​ច្បាប់​) និង​សៀវភៅ​នៃ​ចក្រវាល (១៧៧​ច្បាប់​) ត្រូវ​បាន​លោក​ដាក់​ឈ្មោះ​ថា «​ប្រវត្តិ​នៃ​ទំនៀមទម្លាប់​ប្រពៃណី​របស់​ហ្វូ​ណ​ន​» (Fu Nan Tu Su Chuan)​។

ក្រៅពី​នេះ​យើង​ក៏​បានឃើញ​នូវ «​ការ​រិះគន់​របស់​មហា​ប្រវត្តិវិទូ​» (Shi Ji Sheng yi) ១២៣​ច្បាប់ ដែល​ធ្វើ​ឡើង​លោក​អ្នកនិពន្ធ ហ្សា​ង គូ ជី (Sheng Qu Ji) ។ ជា​ពិសេស​សេចក្តីអធិប្បាយ​ពី​អត្ថបទ ផ្សេង​ៗ​របស់​មហា​ប្រវត្តិវិទូ​ហ្ស៊ី ជី (Shi Ji) ដោយ​អ្នកនិពន្ធ​ស៊ី​ម៉ា​ឈាន (Si Ma Qian) ក្រោម​ចំណងជើង​ថា «​រឿងរ៉ាវ​នៃ​នគរ​បរទេស​» ដោយ​សំអាង​លើ «​កំណត់ហេតុ​របស់​លោក​កាំ​ង ថៃ​» (Kan Tai Wei Guo Chuan) មាន​ឯកសារ​មួយទៀត​គឺ​សង្ខេប​ប្រវត្តិសាស្ត្រ​របស់​ព្រះ​ចៅ​អធិរាជ​ចិន ដែល​ស្ថិត​ក្នុង​រជ្ជកាល​ថៃ​ពី​ញ ។ ឯកសារ​នេះ សរសេរ​ឡើង​សម្រាប់​ព្រះ​បរមរាជវាំង ដោយ​ភាគច្រើន​បាន​ស្រង់​ប្រភព​ព័ត៌មាន​ចេញពី «​រឿងរ៉ាវ​ដែល​មាន​ក្នុង​នគរ​បរទេស​» ខាងលើ​នេះ ។

លោក​ជូ យី​ន ដែល​ជា​អន្ទាក់​និពន្ធ «​រឿងរ៉ាវ​ចម្លែក​នៃ​ហ្វូ​ណ​ន​» (Fu Nan Yi Zhi) ឯកសារ​នេះ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សន្តតិវង្ស​សួយ (Sui) នៅ​ភាគ​៣៣ និង​នៅ​ប្រវត្តិសាស្ដ្រ​ថ្មី​នៃ​សន្តតិវង្ស​ថា​ង​នៅ​ភាគ​ទី​៣ ។

សូម​រំឭក​ផង​ដែរ​ថា មាន​ព្រះ​ភិក្ខុសង្ឃ​ចិន​មួយ​ព្រះ​អង្គ​ឈ្មោះ​យី​ជី​ន បាន​និមន្ត​ទៅ​ភូមិភាគ​សមុទ្រ​ខាង​ត្បូង​ពី​ឆ្នាំ​៦៧១ ដល់ ៦៨៥​នៃ​គ្រឹ​ស្ត​សករាជ ព្រះ​អង្គ​បាន​បន្សល់​ទុក​កំណត់ហេតុ​មួយ​ចំនួន​ស្តី​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រមទាំង​ភូមិសាស្ត្រ​នៃ​ហ្វូ​ណ​ន​ផង​ដែរ​។

ឯកសារ​នេះ​មាន​ចំណងជើង​ថា «​ប្រវត្តិ​នៃ​គណៈកម្មាធិការ​ទៅ​កាន់​សមុទ្រ​ខាងត្បូង​» (Nan Hai Ji Qui Nei Fa Ghuan) និង «​ប្រវត្តិ​ស្តី​ពី​ការ​ស្វែងរក​ធម៌​ទៅ​កាន់​ស៊ី​យូ ដោយ​ព្រះ​ភិក្ខុសង្ឃ​នៃ​មហា​សន្ត​វង្ស​ថា​ង​» (Da Tang Xi Yu Qiu Fa Quo Seng Chuan)​។

ម្យ៉ាងវិញទៀត​ក្នុង «​ប្រវត្តិសាស្ត្រ​ទូទៅ​នៃ​នគរ​យ៉េ​» (Qun Ding Yuei Shi Tong Chan Gang Mu) រឿងរ៉ាវ​នៃ​នគរ​បី (San Guo Zhi) ប្រវត្តិសាស្ត្រ​នៃ​សន្តតិវង្ស​ឈី​ង (Qing Shu) ប្រវត្តិសាស្ត្រ​នៃ​សន្តតិវង្ស​សុង (Sing Shu) និង​ប្រវត្តិសាស្ត្រ​ដែល​សន្តតិវង្ស​ឈី​ខាងត្បូង (Nan Qi Shu) យើង​ក៏​អាច​ប្រមូល​នូវ​ទិន្នន័យ​ជា​ប្រវត្តិសាស្ត្រ​ជា​វិជ្ជមាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទាក់ទង​រវាង​ខ្មែរ​-​ចិន​ផង​ដែរ ដែល​គេ​ពុំ​ធ្លាប់​ជួប​ប្រទះ​នៅ​ក្នុង​ច្បាប់​ព្រះរាជ​ពង្សាវតារ​ខ្មែរ​ម្តងណា​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ