ខេត្តបន្ទាយមានជ័យ ៖ ប្រពៃណីប្រជាពលរដ្ឋស្រុកជាប់ជាយដែន ខណៈនៅពេលជួបគ្រោះរាំងស្ងួត បាននាំគ្នាយកសត្វឆ្មាដាក់ទ្រុង ហើយហែរឆ្មា ឬមានន័យថា «ហែរនាងម៉ែវ» ដើម្បីឱ្យភ្លៀងធ្លាក់ ដែលបានធ្វើឡើងកាលពីពេលថ្មីនេះ ស្ថិតនៅភូមិថ្មីលិច ឃុំថ្មពួក ស្រុកថ្មពួក។
សកម្មភាពដែលប្រជាពលរដ្ឋហែរឆ្មា ឬនាងម៉ែវនេះ ឃើញមានប្រជាពលរដ្ឋជាច្រើននាក់ភាគច្រើនជាបុរស់ចំណាស់ៗបានយកឆ្មាចាប់ដាក់ជាទ្រុង ឬឡូបក្នុង១ទ្រុង មានឆ្មា១ទៅ២ក្បាល ហើយមានធុងបាស់ដាក់លើគោយន្ត និងមានអ៊ុំប្រុសចំណាស់ម្នាក់យកថង់យាមចងនឹងចុងឫស្សី ហើយដើរកាន់ និងឃើញមានប្រជាពលរដ្ឋក្នុងភូមិបានយកលុយដាក់ក្នុងថង់យាមហើយប្រជាពលរដ្ឋយកទឹកជះ ឬស្រោចដាក់ឆ្មាក្នុងទ្រុង និងងអ្នកហែរឱ្យសើម។
បើតាមអ៊ុំប្រុសម្នាក់ក្នុងចំណោមអ្នកដែលដង្ហែឆ្មា ឬនាងម៉ែវ បានប្រាប់ថា នេះជាទំនៀមទម្លាប់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ដូចជាខេត្តបន្ទាយមានជ័យតែម្តង នៅពេលដែលមានគ្រោះរាំងស្ងួត ហួតហែង ចាស់ៗតែងតែចាប់ឆ្មាដាក់ទ្រុង ឬឡូបដាក់ ហើយសម័យមុនមានអ្នកកូតទ្រូ និងទះស្កូរដៃ មានអ្នកច្រៀងបទនាងម៉ែវ តែសម័យនេះដាក់ធុងបាស់លើគោយន្ត ហើយធ្វើពិធីដង្ហែតាមភូមិដែលមានបងប្អូនអ្នកស្រុកបានយកទឹកស្រោចលើឆ្មា ឬស្រោចដល់អ្នកហែជោគខ្លួនសើម ហែតាមផ្លូវក្នុងភូមិ។
អ៊ុំប្រុសបានបញ្ជាក់ថា នៅពេលដង្ហែនាងម៉ែវជុំវិញភូមិហើយ បានដង្ហែចូលខ្ទមអ្នកតាដោយដង្ហែជុំវិញវិញ៣ដង ហើយលុយដែលប្រជាពលរដ្ឋដាក់ថង់យាមយកទៅទិញមាន់ស្ងោរ និងស្រា.សដាក់សែនជូនអ្នកតា ដើម្បីសុំឱ្យមានភ្លៀងធ្លាក់ឱ្យមានទឹកធ្វើស្រែ និងចំការ តែសម័យមុននៅពេលបុណ្យស្រន់ហើយ គឺភ្លៀងធ្លាក់។
ប្រជាពលរដ្ឋភូមិថ្មីលិចបានបញ្ជាក់ថា ពិធីហែនាងម៉ែវ ឬឆ្មានេះត្រូវបានអ្នកភូមិធ្វើនៅពេលដែលជួបគ្រោះរាំងស្ងួតគ្មានភ្លៀងធ្លាក់ តែឆ្នាំនេះក្រោយពេលដង្ហែនាងម៉ែវ ហើយឃើញមេឃខ្មៅ ហើយស្រះទៅវិញ ឬមានរលឹមតិចតួចតែប៉ុណ្ណោះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ