ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋម ដោយសារអំណោយផលទឹកភ្លៀងបានធ្លាក់ពីដើមរដូវ និងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងភ្ជួររាស់ដកស្ទូងស្រូវវស្សាបានលើសផែនការជាង១០១%នៃផែនការ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍បែបនេះក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារកោះសន្តិភាពយើង កាលពីរសៀលថ្ងៃសុក្រចុងសប្តាហ៍នេះ ។ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ៖ ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះភ្ជួររាស់ និងដាំដុះបានចំនួន១២៣ពាន់៦២០ហិកតា ស្មើនិង១០២,៤៩% លើផែនការ១២១ពាន់៨០០ហិកតា ។ ដោយក្នុងនោះស្រូវស្រាលចំនួន៨៨៨៣ហិកតា ស្រូវកណ្តាល ៧០ពាន់៩៨១ហិកតា និងស្រូវធ្ងន់៤៣ពាន់៥៣២ហិកតា ។
ចំពោះការធ្វើស្រូវវស្សារបស់ប្រជាកសិករខេត្តកំពង់ឆ្នាំងស្ទើ៩០% គឺធ្វើពង្រោះមានប្រមាណតែ១០% ប៉ុណ្ណោះដែលពូកគាត់ធ្វើសន្ទូង ។ ទាំងនេះមកពីបងប្អូនខ្លះកម្លាំងពលកម្មដែលមានកូនចៅទៅធ្វើកម្មករោងចក្រ ឬចេញទៅធ្វើការនៅក្រៅប្រទេសជាដើម ហើយចំពោះការកាត់បន្ថយធ្វើស្រូវសន្ទូងនេះ គឺចាប់តាំងពីអំឡុងឆ្នាំ២០១៤ រហូតដល់សព្វថ្ងៃ ។ ចំណែកឆ្នាំនេះកត្តាដែលកសិករធ្វើស្រូវវស្សាដែលបានធ្វើលើផែនការ គឺដោយសារទទួលអំណោយផលទឹកភ្លៀងបានច្រើនពីដើមរដូវ បើបូកយោងមកដល់សប្តាហ៍ទី១ នៃខែសីហានេះ ខេត្តទទួលបានរបបទឹកភ្លៀងសរុប ចំនួន៦៤៤, ៧៩ មម ។ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថា ៖ គិតមកដល់ពេលនេះស្រូវវស្សារបស់បងប្អូនប្រជាកសិករនៅមិនទាន់ជួបបញ្ហាអ្វីនៅឡើយទេ គ្រាន់តែមានតិចតួចដូចជានៅ ស្រុកជលគីរី ផ្ទៃដីស្រែខ្វះទឹកមានជាង១០០ហិកតា ប៉ុន្តែយើងបានដោះស្រាយទាន់ពេលវេលា ។
ជាចុងក្រោយលោកសំណូមពរដល់ប្រជាពលរដ្ឋ សូមមេត្តាថែរក្សាទឹកទុកនៅក្នុងស្រែឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសវាងគ្រោះរាំងស្ងួតដែលអាចមានកូនរដូវប្រាំងក្នុងខែវស្សានេះជាដើម ។ ជាងនេះទៅទៀត បើជួបការរាំងស្ងួត ឬមានសត្វបំផ្លាញណាមួយត្រូវរាយការណ៍ជាបន្ទាន់មកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា ។
សូមរំលឹកថា ខេត្តកំពង់ឆ្នាំង អាចផលិតស្រូវបានជាង៥០ម៉ឺនតោនក្នុង១ឆ្នាំ ហើយបើគិតតុល្យភាពស្បៀង ដែលត្រូវទុកហូប និងទុកពូជខេត្តមួយនេះនៅសល់ពីស្រូវចំនួនជាង៣០ម៉ឺនតោនជារៀងរាល់ឆ្នាំសម្រាប់ធ្វើការនាំចេញ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ