ព្រះធម៌តែងទ្រទ្រង់សត្វលោកឱ្យបានសុខចម្រើន តែបើជីវិតឥតធម៌រមែងភប់ប្រសព្វតែសេចក្តីទុក្ខលុះអវសាននៃជីវិត ហេតុនោះព្រះបរមគ្រូទេសនាអប់រំពុទ្ធបរិស័ទឱ្យតម្កល់ខ្លួនដោយប្រពៃក្នុងគុណធម៌សព្វៗកាល ទោះបីជួបប្រទះនូវសេចក្តីទុក្ខលំបាកយ៉ាងណា ក៏កុំចោលព្រះធម៌ឱ្យសោះ ព្រោះការដែលយើងមាននូវព្រះធម៌ តាំងទុក្ខនៅក្នុងខ្លួនបានមាំមួនហើយនោះ ហ្នឹងហើយជាសិរីសួស្តីនៃគ្រួសារ ។
មែនហើយព្រះធម៌តែងរក្សាសត្វលោកឱ្យបានសុខក្នុងជាតិនេះផងនិងជាតិខាងមុខផង មានតែព្រះធម៌ប៉ុណ្ណោះ ដែលធ្វើឱ្យកក់ក្តៅក្នុងជីវិត ព្រោះព្រះធម៌បានស្ថាបនាមនុស្ស ដែលធ្លាប់តែអន់ថយទន់ ទាប ដោយត្រកូល ឬដោយទ្រព្យធន់ជាដើមឱ្យបានជាមនុស្សប្រសើរខ្ពង់ខ្ពស់ រហូតដល់ថ្នាក់ទេវតាប្រណម្យអញ្ជលីសំពះថ្វាយបង្គំទៀតផង ។
តាមធម្មតាព្រះធម៌តែងស្ថិតនៅកៀកនឹងយើងជានិច្ចមិនបានឃ្លាតទៅណាឆ្ងាយឡើយ មានតែសត្វលោកទេដែលចេះតែលះបង់ព្រះធម៌ចោល ហើយលាចាកលោកនេះស្ពាយយកកម្មដែលខ្លួនបានសាងទៅជាមួយ ។
ពិតណាស់ព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយ សូមសត្វលោកទុកចិត្តលើព្រះធម៌ ជឿជាក់លើព្រះធម៌ចុះ នឹងបានល្អជាងការទុកចិត្តក្នុងអ្វីៗសព្វបែបយ៉ាង ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ