ស្លេស ឬទឹករំអិលគឺជាសារធាតុមួយប្រភេទដែលត្រូវបានបង្កើតឡើង និងបញ្ចេញដោយកោសិកាពិសេសៗ ដែលមានក្នុងប្រហោងច្រមុះ និងផ្លូវដង្ហើមខាងលើដើម្បីចាប់មេរោគ ធូលីដី និងសារធាតុបង្កការរលាកដែលជ្រៀតចូលទៅក្នុងផ្លូវដង្ហើម។ភាគច្រើន ស្លេសគឺជួយមនុស្សយើងមិនឲ្យធ្លាក់ខ្លួនឈឺ។ ប៉ុន្តែការមានស្លេសចេញច្រើនពេក វាគឺជារឿងគួរធុញទ្រាន់ទៅវិញ។
កាលណារាងកាយផលិតស្លេសកាន់តែច្រើន អាចដោយសារតែបាក់តេរី វីរុស សារធាតុបង្កអាឡែហ្ស៊ី និងការប៉ះពាល់សារធាតុបង្ករលាកដូចជា ផ្សែងបារី ផលិតផលលាងសម្អាតផ្ទះដែលមានជាតិគីមីច្រើន។ យ៉ាងណាមិញ ការញ៉ាំទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោក៏អាចបណ្តាលឲ្យឡើងស្លេសច្រើនដែរ។
អ្នកជំនាញនិយាយថា ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោផ្សេងៗទៀតអាចបង្កើនការផលិតស្លេសក្នុងខ្លួនកាន់តែច្រើន។ សារធាតុ Casein និង Lactose ដែលមានក្នុងទឹកដោះគោត្រូវបានគេយល់ថា ជាដើមហេតុនាំឲ្យកើតស្លេសនេះឯង។
ចំពោះការ៉េមក៏អាចធ្វើឲ្យស្លេសកើនឡើងក្នុងផ្លូវដង្ហើមខាងលើ និងច្រមុះច្រើនដែរ។ ដូច្នេះបើសិនជាអ្នកមិនចង់ឲ្យកើតស្លេសច្រើន ឬឧស្សាហ៍មានស្លេសក្នុងបំពង់ក និងច្រមុះនោះ គួរតែកាត់បន្ថយការញ៉ាំទឹកដោះគោសិនទៅ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ