ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ពិតជាសាហាវឃោរឃៅណាស់ ជនដៃដល់ម្នាក់យកកាំបិតបុ័ងតោកាប់ជ្រូកយកទៅកាប់បុរសម្នាក់ជាជនរងគ្រោះជាច្រើនកន្លែងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយសារធ្លាប់មានទំនាស់ពាក្យសម្តីនឹងគ្នា កាលទៅធ្វើការនៅប្រទេសថៃ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែសីហានេះ នៅចំណុចក្បែរផ្លូវលំខាងជើងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
សេចក្តីរាយការណ៍បានបន្ត ជនរងគ្រោះឈ្មោះ ពត ហ៊ង អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ងន សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
នគរបាលគួរបញ្ជាក់ថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានយកលុយចំនួន២៩០.០០០រៀល ប្រាប់ថា ទៅទិញអាគុយនៅផ្សារព្រែកថ្មី ស្រុកកៀនស្វាយ មកប្រើប្រាស់ ហើយក៏បាត់រហូតដល់ម៉ោងប្រហែលជា១១និង៣០នាទី ជនរងគ្រោះបានទូរស័ព្ទមកប្រាប់ប្រពន្ធថា « ខ្លួនត្រូវគេកាប់ហើយនៅដេកក្បែរផ្លូវខាងជើងភូមិលេខ៥» ភ្លាមៗនោះប្រពន្ធ ជនរងគ្រោះបានជិះម៉ូតូឌុបមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ដេកខ្លួនប្រឡាក់សុទ្ធតែឈាម បន្ទាប់មកបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ឃុំគគីរធំ ស្រុកកៀនស្វាយ ពេលទៅដល់ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ករណីនេះជាករណីឃាតកម្ម មូលហេតុគំនុំ ។ យោងតាមលទ្ធផលពិនិត្យសាកសពឈ្មោះ ពត ហ៊ង អាយុ៣០ឆ្នាំ មានស្នាមរបួស៦កន្លែង ដោយបច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ