ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅឆ្នេរសមុទ្រព្រែកត្រែង នាំគ្នាឆ្ងល់…? ហេតុអីត្រី និងឈ្លើងសមុទ្រងាប់អណ្តែតមកទើរនៅលើឆ្នេរច្រើនម្ល៉េះ ក្រោយមានជំនន់ទឹកភ្លៀង និងរលកសមុទ្រធំៗ…?
បើតាមការបង្ហើបឲ្យដឹងបែបចម្ងល់របស់លោក សុខ ប៊ុនថាន ហៅ ( អៀង) ជាអ្នកទេសចរណ៍មកកំសាន្តនៅឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ០៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីមានជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់បង្កើតឱ្យមានជារលកធំៗនៅលើផ្ទៃសមុទ្រដែលអូសបន្លាយអស់រយៈពេលជាងមួយសប្តាហ៍កន្លងផុតទៅ។
ប្រភពដដែលបន្តថា លុះនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ខណៈពេលគាត់ធ្វើដំណើរមកកំសាន្តនៅឆ្នេរព្រែកត្រែង នៅទីតាំងខាងលើ ស្រាប់តែបានឃើញប្រភេទឈ្លើង និងត្រីសមុទ្រ ងាប់ ហើយអណ្តែតមកទើរនៅលើឆ្នេរជាច្រើន ដោយមិនដឹងពីមូលហេតុ។
បើតាមលោក នេន ចម្រើន ប្រធានមន្ទីរកសិកម្ម ខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១០ ខែកក្កដាថា ជុំវិញបញ្ហាខាងលើនេះ លោកមិនបានដឹងទេ ចាំលោកសួរទៅមន្ត្រីនៅក្រោមឱវាទសិន។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ