ខេត្តកណ្ដាល ៖ ស្ត្រីចំណាស់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តរឿងជំពាក់បំណុលគេច្រើនពេកបានខលទៅកាន់ប្ដីរបស់គាត់ដោយបានផ្ដាំផ្ញើរថា«សូមឯងជួយមើលថែកូនៗផងខ្ញុំទៅស្លាប់ហើយ» ក្រោយមកបានបិទទូរស័ព្ទរួចក៏ស្រាប់តែបាត់ខ្លួនរហូតទោះជាប្ដីខំតាមរកយ៉ាងណាក៏មិនបានឃើញដែរ ។ លុះរយៈពេលជាង១០ថ្ងៃក្រោយមកស្រាប់តែអ្នកភូមិប្រទះឃើញសាកសពអណ្ដែតទឹកស្រះមានសភាពហើមស្អុយរលួយទៅហើយ ។ បន្ទាប់មកនគរបាលបានចុះទៅពិនិត្យកោសល្យវិច្ច័យ និងបានរកឃើញថា គាត់ស្លាប់ដោយលង់ទឹកដែលសង្ស័យថា គាត់ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនព្រោះតែវិបត្តិខាងលើ ។
ករណីនោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅខាងកើតភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ស្ត្រីចំណាស់ដែលស្លាប់ខាងលើនោះឈ្មោះ ស៊ន គា អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអ្នកអនាម័យ មានទីលំនៅក្នុងភូមិជំទប់មាន់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ ។ មានប្តីឈ្មោះ កែវ ប៉េ អាយុ៥១ឆ្នាំ មុខរបរសន្តិសុខរោងចក្រ និងមានកូន៥នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី២នាក់នៅក្នុងបន្ទុកគ្រួសារ ។
បើតាមបុរសម្នាក់ឈ្មោះ ផែង គីមហៀង អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិកើតហេតុបានបំភ្លឺប្រាប់នគរបាលថា នៅមុនពេលមានការភ្ញាក់ផ្អើលខាងលើ ខណៈដែលគាត់ទៅបេះផ្លែក្រសាំងនៅខាងកើតផ្ទះដើម្បីយកមកស្លរស្រាប់តែឃើញសពអណ្តែតទឹក ។ ពេលនោះគាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយក៏បានហៅបងប្អូនឲ្យទៅជួយមើលព្រមទាំងប្រាប់លោកមេភូមិឲ្យដឹង និងខលប្រាប់លោកមេប៉ុស្តិ៍រដ្ឋបាលបែកចានឲ្យរាយការណ៍បន្តទៅកាន់នគរបាលស្រុកអង្គស្នួលចុះទៅពិនិត្យមើលភ្លាមៗដែរ ។
ដោយឡែកស្ត្រីម្នាក់ឈ្មោះ សឿន សុខនៅ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ជាអ្នកភូមិនោះដែរបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ គាត់បានយកខោអាវទៅបោកគក់នៅស្រះទឹកខាងលើហើយបានឃើញមួក និងទូរស័ព្ទ១គ្រឿងនៅមាត់ស្រះទឹកនោះ ។ បន្ទាប់មកគាត់ក៏បានយកទូរសព្ទ័នោះទៅឲ្យម្ដាយគាត់ទុកប្រើ ប៉ុន្តែខណៈនោះម្ដាយគាត់អត់ចេះប្រើទេ និងបានទុកចោលនៅក្នុងផ្ទះហើយក៏មិននឹកស្មានថាម្ចាស់ទូរស័ព្ទនេះស្លាប់នៅក្នុងទឹកស្រះបែបនេះឡើយ ។ បន្ទាប់មកគាត់ក៏បានយកទូរស័ព្ទរួមជាមួយមួកដែលរើសបាននៅមាត់ស្រះទឹកនោះទៅប្រគល់ជូននគរបាលទុកជាភស្តុតាងផងដែរ ។
ក្រោយពេលប្រទះឃើញអណ្ដែតទឹកភ្លាមៗនោះសាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ខណៈនោះនគរបាលបានបើកទូរស័ព្ទដែលគាត់រើសបានខលតាមលេខនៅក្នុងនោះស្រាប់តែចូលទៅប្ដីសពទើបបានស្គាល់អត្តសញ្ញាណ ។
លោក កែវ ប៉េ ដែលជាប្ដីបាននិយាយប្រាប់នគរបាលថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ប្រពន្ធគាត់បានខលទៅប្រាប់គាត់ដែលកំពុងយាមថា«សូមឯងជួយមើលថែកូនៗផងខ្ញុំទៅស្លាប់ហើយ» ។ ខណៈនោះគាត់បានឆ្លើយថា«ឯងទៅស្លាប់?» ប្រពន្ធក៏ឆ្លើយវិញថា «គ្រាន់តែផ្ដាំឲ្យមើលកូនប៉ុណ្ណឹងសោះម្ដេចក៏និយាយអាក្រក់ម្ល៉េះ ! » ។
ក្រោយមកក៏បានបិទទូរស័ព្ទរួចក៏ស្រាប់តែបាត់ខ្លួនរហូតទោះជាគាត់ខំតាមរកយ៉ាងណាក៏មិនបានឃើញដែរ ហើយខលក៏លែងចូលទៀត លុះរយៈពេលជាង១០ថ្ងៃក្រោយមកស្រាប់តែប្រពន្ធគាត់ស្លាប់មែន និងត្រូវបានអ្នកភូមិប្រទះឃើញសាកសពអណ្ដែតទឹកស្រះមានសភាពហើមស្អុយរលួយទៅហើយ ។
នគរបាលបាននិយាយថា ស្ត្រីចំណាស់រូបនេះស្លាប់ដោយលង់ទឹកដោយសង្ស័យថា ធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនព្រោះតែវិបត្តផ្លូវចិត្តរឿងជំពាក់បណុលគេច្រើន ព្រោះបើតាមកូនស្រីរបស់គាត់ម្នាក់បានបំភ្លឺប្រាប់ថា មុនពេលស្លាប់គាត់ចេះតែត្អូញត្អែរថា ពិបាកចិត្តខ្លាំងណាស់រឿងជំពាក់លុយគេនេះ ។
ខណៈនោះនាងតែងតែបានលួងលោមប្រាប់ទៅម្ដាយថា ជំពាក់គេប៉ុណ្ណឹងកុំពិបាកចិត្តធ្វើអ្វី តែម្ដាយមិនស្ដាប់ឡើយ លុះក្រោយមកស្រាប់តែប្រទះឃើញស្លាប់បែបនេះទៅវិញ ។ ក្រោយពេលកម្លាំងពិនិត្យកោសល្យវិច្ច័យរួចរាល់ហើយក្រុមគ្រួសារក៏បាននាំសពទៅធ្វើបុណ្យតាមប្រពៃណី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ