ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ដ៏​រន្ធត់​ផ្តាច់ជីវិត​មនុស្ស​៣​នាក់ និង​ព្រះសង្ឃ​២​អង្គ​របួសធ្ងន់​ស្គាល់​អត្តសញ្ញាណ​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សម្តី​របស់​សមត្ថកិច្ច​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ថា​ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា នោះ​ស្គាល់​អត្តសញ្ញាណ​ហើយ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៥​នាក់​ដែល​៣​នាក់​បាន​ស្លាប់ និង​ព្រះសង្ឃ​២​អង្គរង​របួសធ្ងន់​នៅ​ផ្លូវ​ទៅ​ស្រះស្រង់…

ខេត្តសៀមរាប ៖ បើ​តាម​សម្តី​របស់​សមត្ថកិច្ច​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ថា​ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា នោះ​ស្គាល់​អត្តសញ្ញាណ​ហើយ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៥​នាក់​ដែល​៣​នាក់​បាន​ស្លាប់ និង​ព្រះសង្ឃ​២​អង្គរង​របួសធ្ងន់​នៅ​ផ្លូវ​ទៅ​ស្រះស្រង់ ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ ស្ថិត​នៅ​ចំណុច​ខាងកើត​កន្លែង​ឆែក​សំបុត្រ​ផ្លូវ​ទៅ​ស្រះស្រង់ ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ទៀត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​ស្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ហើយ​នោះ​មាន​ទី​១-​ឈ្មោះ ហ៊ាន ប៉េង លី​ហូ​វ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខ្មៅ​លា​យស ពាក់​ផ្លា​ក​លេខ សៀមរាប 1Z-7242 បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត ។ ទី​២-​ឈ្មោះ ហ៊ុយ លី​តា​វ​ហ៊ួ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប ។

ចំណែក​ភាគី​ដឹក​លោកសង្ឃ​២​អង្គ​ទៅ​បិណ្ឌបាត​នៅ​ក្នុង​ក្រុង​សៀមរាប​នោះ​មានឈ្មោះ នី យ៉ែ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ (​ស្លាប់​) បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច បើកបរ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CE-7784 ដោយ​ដឹក​ព្រះសង្ឃ​២​អង្គ​ព្រះ​នាម​ទី​១-​ភិក្ខុ ហ៊​ន យុក ព្រះ​ជន្ម​២២​វស្សា មានស្រុក​កំណើត នៅ​ខេត្តតាកែវ​(​របួសធ្ងន់​) កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​យីហោ ស៊ឹង រិ​ទ្ធី​រ៉េ​ត ក្នុង​ក្រុង​សៀមរាប និង​ទី​២-​សាមណេ ម៉េ​ង ចិន្ដា ព្រះ​ជន្ម​១៥​វស្សា មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ (​របួសធ្ងន់​) ត្រូវ​បាន​ញាតិ​ញោម​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​សង្គ្រោះ​នៅ​ខេត្តបាត់ដំបង ។

ប្រភព​បាន​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ ព្រះសង្ឃ​ទាំង​២​អង្គ​នោះ​មាន​មួយ​អង្គ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ខេត្តបាត់ដំបង និង​មួយ​អង្គ​ទៀត កំពុង​រៀបចំ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​វិញ ។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​បន្ថែម​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ។

​ចំពោះ​មូលហេតុ​ដោយសារ​ការ​បង្ក​ឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា ខណៈ​ឡើង​វ៉ា​រថយន្ត​ទាំង​សងខាង​ទើប​ទាញ​ចង្កូត​យក​មក​វិញ​មិន​ទាន់​ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ទាំង​សងខាង​បែប​នេះ​។

សូម​បញ្ជាក់​ថា ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នោះ​បច្ចុប្បន្ន​គង់នៅ​វត្ត កេ​កន្យា​រាម ហៅ​វត្ត​បន្ទាយក្តី ស្ថិត​ក្នុងភូមិ​ស្រង់​ត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ន​ម៉ូតូ​ទាំង​សងខាង​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​ដើម្បី​ទុក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ