ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្លាំងជំនាញនៃអធិការស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន នេះបើយោងតាមព័ត៌មានបឋមរបស់សមត្ថកិច្ច។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យរូបនោះ ឈ្មោះ អេង សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញអធិការស្រុកសំពៅលូន ធ្វើការបង្ក្រាបបានជាមួយនឹងវត្ថុតាងរួមមានថ្នាំញៀនមួយចំនួនដែលត្រូវបានដកហូត។
បើយោងតាមរបាយការណ៍ខាងលើបន្តឲ្យដឹងថា វត្ថុតាងដែលរឹបអូសបាននោះរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន08ថង់, ម៉ូតូចំនួន១គ្រឿង សម្រាប់ជិះធ្វើសកម្មភាព និងសម្ភារ:សម្រាប់ចូកថ្នាំញៀន រួមទាំងថង់សម្រាប់វេចខ្ចប់ជាច្រើនទៀតផង។
បើតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មបំផុតដែលកម្លាំងជំនាញតែងតែតាមឃ្លាំមើលជាប្រចាំ រហូតឈានដល់ការឃាត់ខ្លួនជាមួយនឹងវត្ថុតាងជាច្រើនទៀតផង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានមន្ត្រីជំនាញសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ