ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ដាំ​ឈូក​កម្រើក​ឡើង​វិញ​នៅ​ព្រៃវែង

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ ប្រជា​កសិករ​នៅ​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ដាំ​ឈូក​ធ្វើ​ជា​មុខរបរ​ទី​២ បន្ទាប់​ពី​ការងារ​ធ្វើស្រែ ដោយសារ​តែ​មុខរបរ​នេះ​ងាយស្រួល​ធ្វើ ហើយ​ផ្តល់ ប្រាក់​ចំណូល​បាន​ច្រើន​គ្រាន់បើ ។…

ព្រៃវែង ៖ ប្រជា​កសិករ​នៅ​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ដាំ​ឈូក​ធ្វើ​ជា​មុខរបរ​ទី​២ បន្ទាប់​ពី​ការងារ​ធ្វើស្រែ ដោយសារ​តែ​មុខរបរ​នេះ​ងាយស្រួល​ធ្វើ ហើយ​ផ្តល់ ប្រាក់​ចំណូល​បាន​ច្រើន​គ្រាន់បើ ។ ទន្ទឹម​នឹង​យកដៃ​ប្រឡេះ​គ្រាប់​ឈូក​ទុក​ហាល​នោះ បងស្រី អៀង លាង ជា​កសិករ​នៅ​ភូមិ​ពោធិ៍​២ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ​បាន​និយាយ​ថា គាត់​បាន​ប្រកប​មុខរបរ​ដាំ​ឈូក​នេះ ១​ឆ្នាំ​មក​ហើយដោយ​ដាំ​នៅ​លើ​ដីស្រែ ទំហំ​កន្លះ​ហិ​កតា ហើយ​ពេល​នេះ​គាត់​កំពុង​តែ​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ ។

គាត់​បាន​បន្ត​ទៀត​ថា មុខរបរ​ដាំ​ឈូក​ងាយស្រួល​ជាង​មុខរបរ​ធ្វើស្រែ​ទាំង​ការ​ដាំ​ដុះ និង​ការ​ថែទាំ ជា​ពិសេស​ផ្លែ​ឈូក​សំបូរ​ទីផ្សារ​មាន​ប៉ុន្មាន​ក៏​គេ​ទិញ​យក​អស់​ដែរ ។ ដូច្នេះ​ហើយ​ទើប​ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​រួច អ្នក​ភូមិ​ពួក​គាត់​តែងតែ​បន្ត​ធ្វើការ​ដាំ​ឈូក នៅ​លើ​ដីស្រែ​បន្ត​ទៀត ព្រោះ​មិន​ចង់​ទុក​ដី​អោយ​នៅ​ទំនេរ​ចោល ។

កសិករ​ខ្លះ​ដាំ​នៅ​លើ​ដីស្រែ​ដែល​ប្រមូល​ផល​ស្រូវ​រួច តែ​ខ្លះ​ទៀត​គេ​ដាំ​នៅ​លើ​ដី​ផ្សេង​ព្រោះ​ឈូក​ត្រូវ​ប្រើ​រយៈពេល​៤​ទៅ​៥​ខែ​ទើប អាច​ប្រមូល​ផល​បាន ហើយ​ផ្លែ​ឈូក​គេ​អាច​ប្រមូល​ផល​បាន​៣​ទៅ​៤​ដង​ក្នុង​រយៈពេល​១​ខែ​ចុង​ក្រោយ ។ បន្ទាប់​ពី​ប្រមូល​ផល​ហើយ​គេ​ត្រូវ​ភ្ជួរ​ដី​ចោល​ដើម្បី​សម្លាប់​ដើម​ឈូក​ចាស់ រួច​ទើប​យក​កូន​ឈូក ពូជ​ថ្មី​មក​ដាំ​វិញ ។ ប៉ុន្តែ​កសិករ​ខ្លះ​គេ​មិន​ចង់​ចំណាយ​លុយ​ទិញ​ពូជ​ថ្មី​គេ​ក៏​អាច​ប្រើ​ឈូក​ចាស់​តទៅ​ទៀត​ដែរ ដោយ​ដើរ​ដក​ដើម​ចាស់​ៗ​ចោល​ទុក​អោយ​ឬ​ស​ឈូក​បែកខ្នែង​ដុះ​កូន​ថ្មី​មក​វិញ ។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ ឈូក​អោយ​ផល​មិន​បាន​ច្រើន​ដូច​គេ​ដាំ​កូន​ពូជ​ថ្មី​នោះ​ទេ ។

កសិករ​នៅ​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ បានអោយ​ដឹង​ថា ប្រាក់​ចំណូល​ពី​ការ​ដាំ​ឈូក​មិន​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​ពួក​គាត់​បាន​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​អោយ​ជីវភាព​ពួក​គាត់​បាន​ធូរស្រាល​ច្រើន​ដែរ ហើយ​បើ​តម្លៃ​គ្រាប់​ឈូក​នៅ​លើ​ទីផ្សារ​នឹងនរ និង​ឡើង​ដល់​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​នោះ​ពួក​គាត់​ជា​អ្នក​ដាំ​ក៏​កាក់កប​គួរសម​ដែរ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​តម្លៃ​គ្រាប់​ឈូក​នៅ​លើ​ទីផ្សារ​លក់​បាន​តែ​៦៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ។ កសិករ​ទាំងនោះ​បញ្ជាក់​ថា ពួក​គាត់​ចង់បាន​ទីផ្សារ​ឈូក​ធំ​ជាង​បច្ចុប្បន្ន ហើយ​តម្លៃ​ក៏​សូម​អោយ​នឹងនរ ដោយ​កុំអោយ​ស្ថិត​នៅ​លើ​មាត់​របស់​ឈ្មួញ​ដូច​សព្វ​ថ្ងៃនេះ ។

ចំណែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា ផ្ទៃដី​ដាំ​ឈូក​នៅ​ទូ​ទាំង​ខេត្តព្រៃវែង​មាន​ចំនួន​៣៥០០​ហិ​កតា ប៉ុន្តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដោយសារ​តែ​តម្លៃ​ឈូក​ចុះថោក​ខ្លាំង ប្រជា​កសិករ​មួយ​ចំនួន​បាន​បោះបង់​មុខរបរ​នេះ​ចោល​ធ្វើ​អោយ​ចំនួន​នៃ​ការ​ដាំ​បាន​ថយ​ចុះ​ជា​ច្រើន ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ​តម្លៃ​គ្រាប់​ឈូក​បាន​កើនឡើង​ខ្ពស់​ទើប​ប្រជា​កសិករ​មួយ​ចំនួន​ធំ​ចាប់ផ្តើម​ប្រកប​មុខរបរ​នេះ​វិញ​បូក​រួម​ទាំង​កសិករ​នៅ​ឃុំ​ដូន​កឹង​ផង​ដែរ ។

លោក និយាយ​ថា វិធានការ​ចំពោះ​មុខ គឺ​ត្រូវ​ទប់​តម្លៃ​ហាងឆេង​ឈូក​នៅ​លើ​ទីផ្សារ​កុំអោយ​ធ្លាក់​ចុះ​ខ្លាំង​រហូត​ដល់​កសិករ​ដាំ​លែង​ចំណេញ ហើយ​បោះបង់​មុខរបរ​នេះ​ចោល​ដូច​ឆ្នាំ​មុន​ៗ​ទៀត ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ