ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​ល្ខោននិយាយ​ចង់បាន​ការ​គាំទ្រ​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ អន បញ្ញា មាន​បំណង​ចង់​រៀប​ចំការ​សម្ដែង​ល្ខោននិយាយ​ឡើង​វិញ ដើម្បី​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ ។ ជា​ពិសេស​គឺ​ការ​នាំ​យក​ទម្រង់​ល្ខោននិយាយ​នេះ​សម្ដែង​ឡើង​វិញ​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​តាម​រយៈ​ខ្លឹមសារ​អប់រំ​ជីវិត​ដែល​មាន​បង្កប់​ក្នុង​ស្នាដៃ​ល្ខោន​នេះ​ផង ។ សាច់​រឿង​ដែល​លោក​អន…

រាជធានី​ភ្នំពេញ​៖ លោក​សាស្ត្រាចារ្យ អន បញ្ញា មាន​បំណង​ចង់​រៀប​ចំការ​សម្ដែង​ល្ខោននិយាយ​ឡើង​វិញ ដើម្បី​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ ។ ជា​ពិសេស​គឺ​ការ​នាំ​យក​ទម្រង់​ល្ខោននិយាយ​នេះ​សម្ដែង​ឡើង​វិញ​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​តាម​រយៈ​ខ្លឹមសារ​អប់រំ​ជីវិត​ដែល​មាន​បង្កប់​ក្នុង​ស្នាដៃ​ល្ខោន​នេះ​ផង ។

សាច់​រឿង​ដែល​លោក​អន បញ្ញា ចង់​រៀបចំ​សម្ដែង​មាន​ចំណងជើង​ថា «​ស្នេហា និង​កិត្តិយស​» ជា​ស្នាដៃ​អក្សរសិល្ប៍​បរទេស ។ ផ្ទៃរឿង​ចង់​ឆ្លុះ​បញ្ចាំង​តថភាព​សង្គម ដែល​ក្នុង​ដំណាក់កាល​ជីវិត​យើង​ណាមួយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​សម្រេចចិត្ត​ថា គួរ​ជ្រើសរើស​យក​ស្នេហា ឬ​កិត្តិយស ។ បើ​តាម​លោក​អន បញ្ញា បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ដំឡើង​ស្នាដៃ​ចាស់​នេះ​សម្រាប់​សម្ដែង គឺថា ក្នុង​កាលៈទេសៈ​ខ្លះ​បុគ្គល​ម្នាក់​នឹង​ជួប​ឧបសគ្គ​ពិបាក​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​យក​ជម្រើស​ណាមួយ ។

ស្នាដៃ​រឿង​បរទេស «​ស្នេហា និង​កិត្តិយស​» នេះ គឺជា​គំរូ​ដ៏​ល្អ​ដែល​អ្នក​ទស្សនា នឹង​បានឃើញ​ការ​សម្រេចចិត្ត​របស់​តួអង្គ នីមួយ​ៗ ព្រមទាំង​លទ្ធផល​នៅ​ទី​បញ្ចប់​នៃ​រឿង ។ ទស្សនិកជន​នឹង​ទទួល​បាន​ពុទ្ធិ ព្រមទាំង​អាច​ដក​ពិសោធន៍​ចេញពី​សាច់​រឿង​សម្រាប់​ជីវិត​យើង​ប្រចាំ​ថ្ងៃ​ដើម្បី​កសាង​សុភមង្គល ។

លោក​អន បញ្ញា សង្ឃឹមថា គម្រោង​នេះ​នឹង​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ច្រើន​ពី​សប្បុរសជន​ក្នុងស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ព្រោះ​ដើម្បី​ឲ្យ​ការ​សម្ដែង​មួយ​មានគុណ​ភាព​ខ្ពស់ ចាំបាច់​ត្រូវ​មានការ​រៀបចំ​យ៉ាងច្រើន ហើយ​ខ្ទង់ចំណាយ​ក៏​ខ្ពស់​ណាស់​ដែរ ។ ក្រៅពី​នេះ​លោក​ក៏​សង្ឃឹមថា ទស្សនិកជន​នឹង​ទទួល​បាន​ពុទ្ធិ​ពី​ការ​សម្ដែង​ល្ខោននិយាយ ដើម្បី​កសាង​សុភមង្គល​ក្នុង​ជីវិត ឬ​ក្នុង​ក្រុម​គ្រួសារ ។

លោក​អន បញ្ញា ជា​អ្នកជំនាញ និង​មានបទពិសោធន៍​យូរ​ឆ្នាំ​ផ្នែក​លោ្ខ​ន​និយាយ វ័យ​៦០​ឆ្នាំ បាន​បញ្ជាក់​ថា ល្ខោននិយាយ​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​តាំងពី​ចុង​សម័យ​អាណានិគម​បារាំង ដោយ​ជនជាតិ​បារាំង ឈ្មោះ​លោក​ហ្គី​ប៉ា​រ៉េ ។

ក្នុង​សម័យ​នោះ​លោក​ទទួល​បន្ទុក​កិច្ចការ​អប់រំ​នៅ​ស្រុក​ខ្មែរ ហើយ​ដើម្បី​ជំរុញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​នោះ​អាច​មាន​ភាព​ស្ទាត់ជំនាញ​ប្រើប្រាស់​ភាសា​បារាំង លោក​ក៏​មានគំនិត​រៀបចំ​ជា​សាច់​រឿង​សម្ដែង ខ្លី​ៗ​រយៈពេល​១៥ ឬ​២០​នាទី ហើយ​ឲ្យ​កូនសិស្ស​ហាត់រៀន​តាម​ពាក្យ​សន្ទនា ។ ដោយ​ទទួល​បាន​ជោគជ័យ​ខ្លាំង គម្រោង​នេះ​ក៏​បាន​រីកសាយ​ភាយ​ពីសា​លា​ស៊ី​សុវត្ថិ ទៅ​ដល់​សាលា​នានា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ