ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​ស្ត្រី​ច្រើន​ជាង​បុរស​ជាង​៤​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា តួលេខ​បណ្តោះអាសន្ន​ក្នុង​ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា តួលេខ​បណ្តោះអាសន្ន​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​មាន​ប្រជាជន​ជាង​១៥​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស ហើយ​ក្នុង​នោះ​ស្ត្រី​មាន​ច្រើន​ជាង​បុរស​រហូត​ដល់​ជាង​៤​ម៉ឺន​នាក់​។

សម្តេច​ក្រឡាហោម​ស ខេ​ង បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​តួលេខ​បណ្តោះអាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ កាល​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ ។

សម្តេច​ក្រឡាហោម បាន​ថ្លែង​ទៀត​ថា តាម​តួលេខ​បណ្តោះអាសន្ន​ក្នុង​ទូ​ទាំង​ប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ប្រជាជន​សរុប​តាម​វិធីសាស្ត្រ​ឃើញ​រាប់ (de-facto) មាន​ចំនួន​១៥.២៨៨.៤៨៩​នាក់ ក្នុង​នោះ​ប្រុស​៧,៤១៨.៥៧៧​នាក់ និង​ស្រី​៧.៨៦៩.៩១២​នាក់​។ តាម​តួលេខ​បណ្តោះអាសន្ន​នេះ ពិនិត្យ​ឃើញ​ថា ចំនួន​ប្រជាជន​កម្រិត​ថ្នាក់​ជាតិ​មាន​និន្នាការ​កើនឡើង​យឺត ដោយសារ​អត្រា​ផ្តល់​កំណើត និង​អត្រាកំណើន​ប្រជាជន​បាន​ថយ​ចុះ ស្រប​តាម​ការ​ព្យាករណ៍​ដែល​បាន​រំពឹង​ទុក​។

អត្រាកំណើន​ប្រជាជន​ប្រចាំឆ្នាំ​បាន​ថយ​ចុះ​ពី ១,៥​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨ និង​២០០៨​មក ១,២​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​២០០៨ និង​២០១៩ ហើយ​អត្រាកំណើន​ប្រចាំឆ្នាំ​របស់​កម្ពុជា​ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​ពិនិត្យ​ឃើញ​ថា ខ្ពស់​ជាង​អត្រាកំណើន​មធ្យម​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​តែ ១,០​ភាគរយ​។

រាជធានី​-​ខេត្ត ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត គឺ​ភ្នំពេញ​មាន ២,១២៩,៣៧១​នាក់ ហើយ​ខេត្ត​កែប មាន​ប្រជាជន​តិច​ជាងគេ​បំផុត ៤១,៧៩៨​នាក់ ប៉ុណ្ណោះ​។ ដង់ស៊ីតេ​ប្រជាជន​ស្មើនឹង​៨៦​នាក់ ក្នុង​ផ្ទៃដី​មួយ​គីឡូ​ម៉ែត្រការ៉េ នៅ​ឆ្នាំ​២០១៩​។ អត្រា​ភេទ​តាម​តួលេខ​បណ្តោះអាសន្ន នៃ​ជំរឿន​ប្រជាជន ឆ្នាំ​២០១៩ មាន​បុរស ៩៤​នាក់ ក្នុង​ចំណោម​ស្ត្រី ១០០​នាក់ ដោយ​មិន​មានការ​ប្រែប្រួល​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៨​។

យ៉ាងណា​ក៏​ដោយ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ការ​ជំរឿន​ក្នុង​ឆ្នាំ​២០១៩​នៅ​កម្ពុជា​នេះ នឹង​ផ្តល់​ទិន្នន័យ​ច្បាស់លាស់​អំពី​ទំហំ​ប្រជាជន និង​ច​រិ​ក​លក្ខណៈ​ប្រជាជន បន្ទាប់​ពី​ជំរឿន​ប្រជាជន​ឆ្នាំ​២០០៨​។ ទិន្នន័យ​ទាំង​អស់នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​ប្រើប្រាស់​ទាំងឡាយ​ធ្វើ​សេចក្តីសម្រេច​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​កសាង​ផែនការ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព​។

សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​បញ្ជាក់​ថា គោលនយោបាយ​ជាតិ​ប្រជាជន គឺជា​លទ្ធផល​សំខាន់​មួយ​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩​ផង​ដែរ ហើយ​ការ​ធ្វើ​ចំណាល​ប្រជាជន​ដោយ​ផ្អែក​លើ​ទិន្នន័យ​ជំរឿន​ក៏​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​រាជរដ្ឋាភិបាល ក្រសួងផែនការ និង​បណ្តា​ក្រសួង​ផ្សេង​ៗ​ជាដើម​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ឆាយ ថន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនការ បាន​ថែ្ល​ង​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ថា ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៩​នេះ វា​មាន​លក្ខណៈ​ទំនើប​ជាង​ការ​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨​កន្លង​ទៅ ដោយ​ក្រុមការងារ​បាន​ដាក់​ប្រព័ន្ធ​សម្រាប់​វាយតម្លៃ​ភាព​សុ​ក្រឹត្យ​នៃ​ការ​ធ្វើ​ជំរឿន ដោយ​ប្រើប្រាស់​ប្រព័ន្ធ Tablet PDA និង​បច្ចេកទេស​NBS​។ ការ​ធ្វើ​ជំរឿន​ឆ្នាំ​នេះ គឺ​មាន​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​ចូលរួម​ប្រឹក្សា​ជំនួយ​បច្ចេកទេស ដែល​ក្នុង​នោះ​មាន​ប្រទេស​ចិន បាន​ផ្តល់​នូវ រថយន្ត ម៉ូតូ កុំព្យូទ័រ ម៉ាស៊ីនថតចម្លង​ជាដើម​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​ជំរឿន​ប្រជាជន​របស់​ខ្លួន ជា​លើក​ទី​៣ គឺ​មាន​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​១៣ ខែមីនា ឆ្នាំ​២០១៩​កន្លង​ទៅ ហើយ​សម្រាប់​ការ​ធ្វើ​ជំរឿន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង ៨​លាន​ដុល្លារ និង​ប្រើប្រាស់​មន្ដ្រី​ជំរឿន ៥​ម៉ឺន​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ