សហរដ្ឋអាមេរិក-ចិន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍នាថ្ងៃទី៥ សីហា ថាបណ្ដាសហគ្រាសចិនបានបញ្ឈប់ការទិញបណ្ដាផលិតផលកសិកម្មអាមេរិក ។ នេះជាការបង្កើនសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ។ ការសម្រេចនោះរបស់ចិនកើតមានបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គំរាមយកពន្ធគយបន្ថែមលើគ្រប់ផលិតផលនាំចូលពីចិន គិតចាប់ពីថ្ងៃទី១ កញ្ញា ទៅ ។
ដោយដកស្រង់សម្ដីរដ្ឋមន្ត្រីពាណិជ្ជកម្មចិនស៊ីនហួរៀបរាប់ថា ចិនមិនបដិសេធឡើយលទ្ធភាពយកពន្ធគយបន្ថែម លើបណ្ដាផលិតផលកសិកម្មអាមេរិក ហើយបណ្ដាក្រុមហ៊ុនចិនដែលទាក់ទិន បានបញ្ឈប់ការទិញផលិតផលកសិកម្មអាមេរិក ។
ទោះបីយ៉ាងណាតម្លៃនៃបណ្ដាផលិតផលកសិកម្មអាមេរិក ដែលជាគោលដៅនៃការយកពន្ធគយថ្មី ក្រុងប៉េកាំងនៅមិនទាន់បញ្ជាក់នៅឡើយ ។ ចិនជាអ្នកទិញសណ្ដែកសៀងធំជាងគេបំផុតលើពិភពលោក ខណៈសណ្ដែកសៀងជាផលិតផលកសិកម្មអាមេរិកសំខាន់ជាងគេសម្រាប់ការនាំចេញ។
ក្រុងប៉េកាំងយល់ថាការសម្រេចរបស់លោក ដូណាល់ ត្រាំ យកពន្ធលើផលិតផលនាំចូលពីចិន ទាំងអស់ មានទឹកប្រាក់៣០០ពាន់លានដុល្លារ ចាប់ពីថ្ងៃទី១ កញ្ញា ទៅគឺជាការបំផ្លាញកុងសង់ស៊ុសដែលសម្រេចបាន រវាងប្រធានាធិបតីអាមេរិកនិងសមភាគីចិនលោក ស៊ី ជីនពីង នាឱកាសនៃការជួបគ្នានៅទីក្រុងអូសាកាជប៉ុន ខាងក្រៅកិច្ចប្រជុំកំពូលរបស់G20 ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ