សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​លោក គន់ គី​ម ជម្លៀស​ពលរដ្ឋ​៥០០​គ្រួសារ​ពី​ទឹកជំនន់​នៅ​ខេត្ត​រតនគីរី


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រ​ធា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ហ​ន្ត​រាយ​បាន​បញ្ជា​ឲ្យ​លោក ទេស​រដ្ឋមន្ត្រី​គន់ គី​ម ជួយ​ចេញ​អន្តរាគមន៍​បន្ត ជម្លៀស​ប្រជាជន​៥០០​គ្រួសារ ពី​ទឹកជំនន់​នៅ​ខេត្ត​រតនគីរី ។ នេះ​បើ​តាម​លោក ខៀវ កា​ញ្ញា​រី​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៩ សីហា​យ៉ាង​ដូច្នេះ​ថា​តាម​បញ្ជា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​តាម​បញ្ជា​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​សុក្រ​ទី​០៩ ខែសីហា​នេះ​បាន​ចេញដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ឆ្ពោះទៅ​កាន់​ខេត្ត​រតនគីរី ដើម្បី​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ ដែល​កំពុង​ទទួល​រង​នូវ​ទឹកជំនន់ ។

លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​នាំ​នូវ​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​របស់​កាកបាទក្រហម ចំនួន​២​យន្តហោះ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ផង​ដែរ ។ លោក​ទេស​រដ្ឋ មន្ត្រី​បាន​បញ្ជាក់​ថា គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​ខេត្ត​រតនគីរី​នេះ​ត្រូវ​បាន​សម្តេច​ប្រធាន​កាកបាទក្រហម​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​បាន​ប្រគល់​ភារកិច្ច​នេះ​ដល់​ឯកឧត្តម ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ដដែល​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​សេចក្តីជូនដំណឹង​ពី​គ្រោះ​ទឹកជំនន់​នៅ​ខេត្តរតនគិរី និង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង ដែល​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា (​ដូចដែល​ក្រសួង​បាន​ជូនដំណឹង​ជា​បន្តបន្ទាប់​មក​) ពិសេស​យោង​តាម​សភាព​ជាក់ស្តែង​យើង​ឃើញ​ថា មាន​តំបន់​មួយ​ចំនួន​បាន និង​កំពុង​បន្ត​ជួប​នូវ​កង្វះខាត​ទឹក​នៅឡើយ​ដូច​ជា នៅ​ភាគ​ពាយព្យ​ប្រទេស មាន​ដូច​ជា ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ខេត្តឧត្តរមានជ័យ ។ តែ​ក៏​នៅ​មាន​ខេត្ត​មួយ​ចំនួន​ទៀត​ភ្លៀង​បាន​បន្ត​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក​ដូច​ជា ខេត្ត​ព្រះ​សីហ​នុ ភ្លៀង​ធ្លាក់​គំហុក​ជាប់​ៗ​គ្នា ក្នុង​កម្រិត​ខ្លាំង​ស្ទើរ​រៀងរាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​១ ខែសីហា​មក​ម្ល៉េះ ។​ប្រភព​បាន​បន្ត​ថា​គិត​មក​ទល់​ថ្ងៃនេះ​បរិមាណ​ភ្លៀង​សរុប​មាន​រហូត​ដល់​៨១៥​មី​លី​ម៉ែត្រ និង​បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ។​នេះ​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​កើត​មាន​ឡើង ។

ទន្ទឹម​នឹង​ស្ថានភាព​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏​បាន​បញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់ រួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ផង​ដែរ ។ ក្រសួង​បាន​បន្ត​ថា ខេត្ត​រតនគីរី តាម​រយៈ​នៃ​ទន្លេស្រែពក​ដែល​ផ្ទៃ​រងទឹក​ភ្លៀង​ប្រមាណ​៦០​ភាគរយ ស្ថិត​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម​ធ្វើ​ឲ្យ​ទឹក​ទន្លេស្រែពក​ឡើង​យ៉ាង​គំហុក បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​០២ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំ​ផាត់ ។

ដូចនេះ​ការ​លិចលង់​ដែល​បាន​និង​កំពុង​កើត​មាន​មកនេះ គឺ​បណ្តាល​មក​ពី​បាតុភូត​ធម្មជាតិ ។ ចំពោះ​ស្ថានភាព​បែប​នេះ​មិនមែន​មាន​តែ​កម្ពុជា​យើង​នោះ​ទេ សូ​ម្បី​តែ​បណ្តា​ប្រទេស​ដែល​ហៅ​ថា ជឿនលឿន និង​អភិវឌ្ឍន៍​ក៏​មិន​អាច​ជៀស​រួច​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ