ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកីឡា​ប្រណាំង​យានយន្ត​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​Asia Cross Country Rally2019

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ប្រណាំង​រថយន្ត​កម្រិត​អាជីព​កម្ពុជា​ចំនួន​៦​រូប​ក្នុង​នោះ​មាន​នារី​១​រូប​ផង រថយន្ត​ប្រណាំង​២​គ្រឿង​និង​រថយន្ត​សង្គ្រោះ​ព្រមទាំង​គ្រឿងបន្លាស់​មួយ​ចំនួន​ទៀត បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ សីហា ដើម្បី​ទៅ​ចូលរួម​ប្រកួត​ជើងឯក​Asia Cross Country Rally…

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ប្រណាំង​រថយន្ត​កម្រិត​អាជីព​កម្ពុជា​ចំនួន​៦​រូប​ក្នុង​នោះ​មាន​នារី​១​រូប​ផង រថយន្ត​ប្រណាំង​២​គ្រឿង​និង​រថយន្ត​សង្គ្រោះ​ព្រមទាំង​គ្រឿងបន្លាស់​មួយ​ចំនួន​ទៀត បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ សីហា ដើម្បី​ទៅ​ចូលរួម​ប្រកួត​ជើងឯក​Asia Cross Country Rally 2019​។ គោលដៅ​ប្រណាំង​គឺ​ចាប់ពី​ទី​ក្រុម​ប៉ា​តា​យ៉ា​ប្រទេស​ថៃ ទៅ​ដល់ទី​ក្រុង​ណៃ​ពី​ដោ ប្រទេស​មី​យ៉ា​ន់​ម៉ា​។

លោក ហូ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ជា​ប្រធាន​ដឹកនាំ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​បានឱ្យ​ដឹង​ថា នេះ​គឺជា​ការ​ប្រកួតប្រជែង​មួយ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​លើក​មុន​ៗ​ដោយ​មាន​រថយន្ត​សរុប​រហូត​ដល់​ទៅ​៣៧​គ្រឿង ហើយ​ជា​ប្រភេទ​រថយន្ត​ប្រើ​សាំង​ផង​ដែរ ។ ដូច្នេះ​សម្រាប់​កីឡាករ​យើង​ដែល​ធ្លាប់តែ​ប្រើ​រថយន្ត​ប្រភេទ​ម៉ា​ស៊ូ​ត​ពី​មុន​មក លោក គិត​ថា នឹង​មានការ​ប្រែប្រួល​ខុស​ពី​លើក​មុន​បន្តិច ។

អ្វី​ដែល​ជា​ក្ដី​បារម្ភ​សម្រាប់​យើង​គឺ​លើក​នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាករ​យើង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​មី​យ៉ា​ន់​ម៉ា​បើ​និយាយ​ពី​ស្ថានភាព​ផ្លូវ​វិញ​ក៏​មានការ​លំបាក​ជាង​មុន​បន្តិច​ដែរ ។ ដូច្នេះ​លោក​រំពឹង​ថា ការ​ប្រកួត​អាច​នឹង​មាន​ភាព​តានតឹង​ជាង​មុន ។ ម្យ៉ាងវិញទៀត ក្នុង​នាម​ក្រុម​ការពារ​ជើងឯក លោក​សង្ឃឹមថា នឹង​អាច​រក្សា​ចន្លោះ​ពិន្ទុ​សមរម្យ​ណាមួយ ។

លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន​ព្រឹត្តិការណ៍​បែប​នេះ​យើង​ធ្លាប់​ធ្វើ​នៅ​កម្ពុជា​និង​ថៃ ដោយឡែក​សម្រាប់​ឆ្នាំ​នេះ​ការ​ប្រណាំង​ធ្វើ​នៅ​ថៃ​និង​មី​យ៉ា​ន់​ម៉ា ដូច្នេះ​ទាក់ទង​នឹង​ភូមិសាស្ត្រ​ក៏​ខុស​គ្នា​ដែរ តែ​យើង​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​បាន​ល្អ ។ ព្រោះ​មុន​ពេល​ប្រកួត​ប៉ុន្មាន​ខែ​មកនេះ​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ទាំង​រថយន្ត សម្ភារ​បច្ចេកទេស​ជាដើម ។

ការ​ប្រកួត​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១១ ដល់​១៦ សីហា ដោយ​បញ្ចប់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​មាន​ចម្ងាយ​ផ្លូវ​ជាង​២២០០​គីឡូម៉ែត្រ ។ សម្រាប់​កីឡាករ កីឡាការិនី​ដែល​ត្រូវ​ទៅ​ចូលរួម​លើក​នេះ​ប្រើ​រថយន្ត​លេខ​១១៥​បើកបរ​ដោយ​លោក សោម កុសល និង​ជំនួយការ​បើកបរ​លោក វង្ស គឹ​ម​ហួត រីឯ​រថយន្ត​លេខ​១០៧​បើកបរ​ដោយ​កីឡាករ ហូ សិទ្ធិគុណ និង​ជំនួយការ​បើកបរ​កីឡាការិនី សេង សុជាតា និង​កីឡាករ ពៅ តិច​ឡេ​ង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ