រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំកម្ពុជាដាក់អោយដំណើរការគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគ្មានការរំខានដោយបញ្ហាកក់ស្ទះចរាចរណ៍ ។
អភិបាលរាជធានីភ្នំពេញបានចាត់ទុកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលកំពុងដាក់អោយដំណើរការនាពេលកន្លងមកនេះ បានជួយដោះស្រាយ បញ្ហាកកស្ទះចរារចណ៍ក្នុងរាជធានីភ្នំពេញបានមួយចំនួនធំ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យា ទំនើបនេះអាចបញ្ជាចរាចរណ៍ពីចំងាយ មិនអោយចរណ៍កកស្ទះយូរ ហើយអាចបញ្ជាទិសចរាចរណ៍ទៅកន្លែងដែលពុំសូវកកស្ទះ ។
ថ្លែងក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការនូវសមិទ្ធិផលនានាដែលបានសាងសង់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥយសំណងរបស់ប្រទេសជប៉ុននៅរសៀលថ្ងៃទី៨ សីហា នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គម្រោងនេះគឺមានភាពវ័យឆ្លាតតាមរយៈការតម្លើងការបំពាក់ស្តុបថ្មីនៅចំណុចប្រសព្វចំនួន១១៥ទីតាំង ការបំពាក់កាមេរ៉ាចាប់យករូបភាពចរាចរណ៍ហើយវិភាគទិន្នន័យ និងការកសាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ដើម្បីងាយស្រួលក្នុងការបញ្ជាចរាចរណ៍ពីចំងាយ ។
លោកបានអះអាងថា ការបង្កើតគម្រោងគ្រប់គ្រងប្រព័ន្ធចរាចរណ៍នេះឡើងគឺជាវិធានការដោះស្រាយចំពោះមុខ ខណៈដែលក្នុងរាជធានីភ្នំពេញ មានមធ្យោបាយធ្វើដំណើរកើនឡើងខ្លាំងរហូតដល់ជាង២លានគ្រឿង ដែលបង្កការកកស្ទះជាងរាល់ថ្ងៃ ។
លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រង់ចរាចរណ៍បែបទំនើបកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញយ៉ាងមានប្រសិទ្ធភាព ។
លោកបន្តថា គម្រោងនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងរហូតដល់ជាង ១៥លាន៧សែនដុល្លារហើយត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ