ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​ដំណាំ​ដំឡូង​មី​ក៏​កើត​ជំងឺ​ដែរ(មានវីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជា​កសិករ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ដំណាំ​ដំឡូង​មី​របស់​ពួក​គាត់​ដាំ​នៅ​ឆ្នាំ​នេះ​ដែល​កំពុង​ប្រឈម​កើត​ជំងឺ​ម៉ូ​សា​អ៊ិ​ក (CMD) ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​សង្ស័យ​ថា អាច​កើត​លើ​ផ្ទៃដី​ដាំ​ដុះ​ចាស់​របស់​កសិករ ។ កសិករ​ឈ្មោះ ម៉េ​ង…

ខេត្តមណ្ឌលគិរី ៖ ប្រជា​កសិករ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ដំណាំ​ដំឡូង​មី​របស់​ពួក​គាត់​ដាំ​នៅ​ឆ្នាំ​នេះ​ដែល​កំពុង​ប្រឈម​កើត​ជំងឺ​ម៉ូ​សា​អ៊ិ​ក (CMD) ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​សង្ស័យ​ថា អាច​កើត​លើ​ផ្ទៃដី​ដាំ​ដុះ​ចាស់​របស់​កសិករ ។

កសិករ​ឈ្មោះ ម៉េ​ង ធីតា រស់នៅ​ភូមិ អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​គាត់ និង​ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ព្រោះតែ​ដំណាំ​ដំឡូង​មី​ឆ្នាំ​នេះ មាន​បញ្ហា​ជួប និង​ជំងឺ ។ គាត់​មាន​ដីចម្ការ​សម្រាប់​ដាំដំឡូង​មី​ប្រមាណ​៥​ហិ​កតា​ជា​រៀង​រាល់​ឆ្នាំ ដំឡូង​របស់​គាត់​មិន​មាន​បញ្ហា​ដូច​ឆ្នាំ​នេះ​ទេ ហើយ​ទទួល​បាន​ទិន្នផល​សមរម្យ ដោយឡែក​ឆ្នាំ​នេះ​ដំឡូង​ជួប​បញ្ហា​ជំងឺ​ដែល​គាត់​ត្រូវ​ប្រឈម និង​ការ​ខាតបង់​ទាំងស្រុង ។ គាត់​បន្ត​ថា ឆ្នាំ​មុន​មាន​បញ្ហា​តម្លៃ​បន្តិចបន្តួច​ដែរ តែ​ដំឡូង​មិន​មាន​ជំងឺ​ដូច​ឆ្នាំ​នេះ​ទេ ។

ជុំវិញ​ករណី​ផ្ទុះ​នូវ​ជំងឺ​លើ​ដំណាំ​ដំឡូង​មីនេះ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តមណ្ឌលគិរី ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ជំនាញ​តែងតែ​ចុះ​ពន្យល់​ដល់​កសិករ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ ដោយ​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​ណែនាំ​ដល់​កសិករ​ឧស្សាហ៍​ប្តូរ​ប្រភេទ​ដំណាំ​កុំ​ដាំ​ដំណាំ​ដដែល​ៗ​លើ​ផ្ទៃដី​មួយ​កន្លែង ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​កែវ​សីមា​ដែល​បាន​ធ្វើការ​ចុះ​ពិនិត្យ​ចំការ​ដំណាំ​ដំឡូង​មី​របស់​កសិករ​នៅ​ភូមិ​ទាំង​០៧ ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម និង​ភូមិ​ទាំង​០៤ ក្នុង​ឃុំ​ស្រែ​ព្រះ ឃើញ​ថា សង្ស័យ​កើត​ជំងឺ​ម៉ូ​សា​អ៊ិ​ក (CMD) ដែល​ទូ​ទាំង​ស្រុក​កែវ​សីមា​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ចំនួន​៤៩៣៤​ហិ​កតា ក្នុង​នោះ​មាន​ផល​ប៉ះពាល់ ប្រមាណ​ជា​២៨​ភាគរយ និង​មាន​ភូមិ​ចំនួន​០៥ ក្នុង​ឃុំ​ចំនួន​០២ ដែល​ប៉ះពាល់​ខ្លាំង​រួម​មាន ភូមិ​អូរ​អាម ភូមិ​ឆ្នែង ភូមិ​ត្រពាំង​ផ្អេ និង​ភូមិ​ឡា​ប៉ា​ខេ ស្ថិត​ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម រួម​និង​ភូមិ​ពូ​ចារ ក្នុង​ឃុំ​ស្រែ​ព្រះ ក្រៅពី​នេះ​មាន​ភូមិ​ផ្សេង​ៗ​ទៀត​ប៉ះពាល់​តិចតួច​តែ​ប៉ុណ្ណោះ ។

យោង​តាម​សេចក្តីជូនដំណឹង​លេខ ៧៩៩៥​ក​សក ស​ជ​ណ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ដី​ពី​ការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ម៉ូ​សា​អ៊ិ​ក (CMD)​លើ​ដំណាំ​ដំឡូង​មី​១. មិន​អនុញ្ញាត​ឲ្យ​ចល័ត​ពូជ​ដំឡូង​មី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ២.​ចំពោះ​ចម្ការ​ដែល​សង្ស័យ​ថា បាន​ទទួល​រង​នូវ​ជំងឺ​នេះ​ត្រូវ​ផ្អាក់​ដាំ​ដំណាំ​ដំ​ឡូ​មី​មួយ​រដូវ នៅ​រដូវ​ក្រោយ ដាំ​ដំណាំ​ផ្សេង​ជំនួស​វិញ​ដូច​ជា ពពួក​សណ្ដែក ពោត ។ ៣. ជម្រុញ​ឲ្យ​កសិករ​ចុះ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ ហើយ​នៅ​ពេល​ឃើញ​មាន​រោគ​សញ្ញា​សង្ស័យ​ត្រូវ​រាយ​ការ​មក​ជំនាញ​ជា​បន្ទាន់ ។ តាម​ការ​សិក្សា​ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ ហើយ​ធ្វើ​អោយ​ដំណាំ​មី​ងាប់​ទាំងស្រុង​ធ្វើ​អោយ​បាត់បង់​ទិន្នផល​ពី​៧០ ទៅ​៨០​ភាគរយ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ