ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បើក​សាលាបង្រៀន​ឆុង​កាហ្វេ​ដំបូង​គេ​​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​វិស័យ​កាហ្វេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កំណើន​ខ្ពស់ និង​ពិបាក​រក​អ្នកជំនាញ​នេះ សាលាបង្រៀន​ឆុង​កាហ្វេ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត និង​បំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​វិស័យ​កាហ្វេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​កំណើន​ខ្ពស់ និង​ពិបាក​រក​អ្នកជំនាញ​នេះ សាលាបង្រៀន​ឆុង​កាហ្វេ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត និង​បំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ផង​ដែរ ។ មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេស​ចរណ៍ អបអរ​ចំពោះ​សាលាបង្រៀន​ឆុង​កាហ្វេ​វិជ្ជាជីវៈ និង​រំពឹង​ថា តាម​រយៈ​សាលា​នេះ នឹង​ជួយ​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​ដល់​ភ្ញៀវ​ទេសចរ​ក្នុង និង​ក្រៅប្រទេស ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​វិទ្យាស្ថាន​ខូ​ហ្វី កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា វិស័យ​កាហ្វេ គឺជា​វិស័យ​មួយ ដែល​បាន​រួមចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ទៅ​លើ​ការ​បម្រើ​សេវាកម្ម​ភេសជ្ជៈ​ជូន​ភ្ញៀវ​ក្នុង​និង​ក្រៅ​ស្រុក ព្រោះ​ថា​​សឹង តែ​គ្រប់​ប្រទេស គឺ​តែងតែមាន​អ្នក​ទទួលទាន​កាហ្វេ​ជា​ប្រចាំ ដូច្នេះ​កាហ្វេ​នេះ​ក៏​ជា​ភេសជ្ជៈ​ដ៏​សំខាន់​​មួយ​ផង​ដែរ សម្រាប់​ទេសចរណ៍ ដែល​អាច​ឱ្យ​ពួក​គាត់​ញ៉ាំ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ ។

លោក​បន្ត​ថា តាម​ពិត​ទៅ កម្ពុជា​នៅ​ខ្វះ​ធនធាន​ជំនាញ​ខាង​ឆុង​កាហ្វេ​នេះ​ច្រើន ដោយសារ​តែ​យើង​មិន​មាន​សាលា​បណ្ដុះ​បណ្ដ​ល​ត្រឹមត្រូវ និង​មាន​ស្តង់ដា ហើយ​ភាគច្រើន​គឺ​ចេះ​ត​ៗ​គ្នា ដូច្នេះ​ហើយ​យើង​ចង់ឱ្យ​មាន​ជំនាញ​ច្បាស់លាស់ មានការ​ទទួលស្គាល់​ជា​ស្តង់ដា​មួយ ។ លោក​ថា​៖ « ការ​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍ គឺ​ត្រូវ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ជាក់ស្ដែង ដោយ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កំណើន​ទេសចរ​បរទេស​នៅ​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់​ដូច្នេះ » ។

លោក​ថន រ៉ា​ដែន ប្រធាន​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស​នៃ​វិទ្យាស្ថាន​ខូ​ហ្វី បានឱ្យ​ដឹង​ថា ការ​បង្កើត​វិទ្យា​ស្ថាន​នេះ​ឡើង ដើម្បី​ពង្រឹង​និង​អភិវឌ្ឍន៍​ជំនាញ​ឆុង​កាហ្វេ ចាប់ពី​ដំណើរការ​ដាំ​ដុះ​រហូត​ដល់​ក្លាយជា​កាហ្វេ​​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ផ្ដល់​ជូន​អតិថិជន​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ។ ទន្ទឹម​នឹង​នេះ​ដែរ វិទ្យាស្ថាន​ខូ​ហ្វី​បាន​រៀបចំ​ថ្នាក់​បណ្ដុះបណ្ដាល​ចំនួន​៣​សំខាន់​រួម​មាន ទី​១​កម្រិត​ជំនាញ​វិជ្ជាជីវៈ ដែល​ក្នុង​នោះ​មាន​ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មូលដ្ឋាន ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​កម្រិត​មធ្យម និង​ថ្នាក់​ជំនាញ​ឆុង​កាហ្វេ​ឡា​តេ ។ ទី​២​កម្រិត​អតិថិជន ដែល​ចែក​ចេញ​ជា ការ​ណែនាំ​អំពី​កាហ្វេ ការ​ណែនាំ​អំពី​ទឹកដោះគោ ការ​ណែនាំ​អំពី Espresso និង​ការ​ណែនាំ​អំពី​ការ​លីង​កាហ្វេ ។ ទី​៣​គឺជា​វគ្គ​ពិសេស​សម្រាប់​ប្រើប្រាស់​ម៉ាស៊ីន​កាហ្វេ​ដោយ​ទទួល​បាន​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ។

លោក​បន្ត​ថា ស្រប​ពេល​វិស័យ​កាហ្វេ វិស័យ​ចំណីអាហារ ភេសជ្ជៈ​មានការ​រីក​ចម្រើន និង​ពេញ​និយម​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​ប្រទេស​កម្ពុជា​យើង ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ឆុង​កាហ្វេ ពិតជា​មាន​សារសំខាន់ ដែល​មិន​អាច​ខ្វះ​បាន ដូច្នេះ​វិទ្យាស្ថាន​ខូ​ហ្វី នឹង​ចូលរួម​ចែករំលែក​កសាង​សមត្ថភាព​អ្នកជំនាញ​វិជ្ជាជីវៈ​ឆុង​កាហ្វេ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ជំនាញ​មួយ​ច្បាស់លាស់ សម្រាប់​បម្រើ​ការងារ ក៏​ដូច​ជា​ផ្ដល់​គុណភាព និង​រសជាតិ​កាន់តែ​ប្រសើរ​រាល់​កាហ្វេ​គ្រប់​ៗ​កែវ ។ លោក​ថា ៖ «​ក្រុមហ៊ុន​ខូ​ហ្វី និង​វិទ្យាស្ថាន​ខូ​ហ្វី​ក៏​ចូល​រួម​ផង​ដែរ ក្នុង​ការ​ជំរុញ​បន្ថែម​ជាមួយ​ដៃគូរ​ឯកជន និង​រដ្ឋ​ទៅ​លើ​វិស័យ​កាហ្វេ​ទាំងមូល ដើម្បី​បង្កើត​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ឡើង​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន» ។

បើ​តាម​ក្រសួងទេសចរណ៍​កម្ពុជា រំពឹង​ថា ឆ្នាំ​២០១៩​នេះ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង​៧​លាន​នាក់ ដូច្នេះ​តាម​ការ​ព្យាករណ៍ និង​រំពឹង​ទុក​ថា វិស័យ​នេះ​នឹង​អាច​ផ្ដល់​ការងារ​ប្រមា​ន​១​លាន​កន្លែង​ដល់​ពលរដ្ឋ ក្នុង​នោះ​ដែរ យ៉ាង​ហោច​ណា​ក៏​៥០​ភាគរយ​ដែរ ត្រូវ​មាន​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ ។ យ៉ាងណា​ក៏​ដោយ​លោក​តុ​ប សុ​ភ័ក បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ទីផ្សារ​ការងារ ក្នុង​វិស័យ​ទេសចរណ៍​នៅ​មាន​ភាព​ទូលំទូលាយ និង​ត្រូវការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​កំនើន​ភ្ញៀវ​ទេសចរ​បរទេស ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ