ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប្តឹង​ថៅកែ​ឡឥដ្ឋ​ថា​វាយ​ប្រពន្ធ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា នេះ​ថា បុរស​ជា​ថៅកែ​ឡឥដ្ឋ​ម្នាក់​បាន​វាយ​ទៅ​លើ​ផ្ទៃមុខ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់…

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា នេះ​ថា បុរស​ជា​ថៅកែ​ឡឥដ្ឋ​ម្នាក់​បាន​វាយ​ទៅ​លើ​ផ្ទៃមុខ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ដោយ​ជនសង្ស័យ​អះអាង​ថា​ស្ត្រី​រង​គ្រោះ​បាន​ជេរ​បញ្ចោរ​មក​លើ​ខ្លួន ចំណែក​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា ប្រពន្ធ​របស់​គាត់​ជេរ​សត្វ​គោ​ដែល​មក​ស៊ី​ដំណាំ​មុខ​ផ្ទះ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មក​វាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​។ បន្ទាប់​ពី​កើតហេតុ​ ប្តីរបស់​ស្ត្រី​រង​គ្រោះ​បានមក​ដាក់ពាក្យប្តឹង​ ​ហើយ​​​កម្លាំង​នគរ​បាល​ជំនាញ​ស្រុក​ជីក្រែងបាន​​ឃាត់ខ្លួនជនដៃដល់​ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ ដោយ​​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​។

លោក​អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​បន្ត​ថា ករណី​ទំនាស់​រឿង​គោ​ស៊ី​ដំណាំ​មុខ​ផ្ទះ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ប៉ាត​ត ឃុំ​គោក​ធ្លក ក្រោម ស្រុក​ជីក្រែង​។

ជនសង្ស័យ​ឈ្មោះ ហង្ស សីហា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ថៅកែ​ឡឥដ្ឋ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឈិ​ន ម៉ៅ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ (​សូម​បញ្ជាក់​ថា ផ្ទះ​ជនសង្ស័យ និង​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​គឺ​នៅ​ជាប់​គ្នា​) ។

លោក​អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​បន្ត​ថា ឈ្មោះ សួន ចក់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​មក​ប្តឹង​នៅ​ប៉ុស្តិ៍​គោក​ធ្លក​ក្រោម ដោយ​ចោទប្រកាន់​ទៅ​លើ ឈ្មោះ ហង្ស សីហា ថា​បាន​វាយ​មក​លើ​ប្រពន្ធ​របស់​គាត់​ជា​ច្រើន​ដៃ បណ្តាល​ឲ្យ​រង​របួស​ហើមមុខ ។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​ដែល​ជា​ថៅកែ​ឡឥដ្ឋ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ចំនួន​២​ដៃ បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​ពិតប្រាកដ​មែន មូលហេតុ​មក​ពី​ស្ត្រី​រង​គ្រោះ​ជេរ​បញ្ចោរ​មក​លើ​គាត់​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សួន ចក់ ត្រូវជា​ប្តី​របស់​ស្ត្រី រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ដំបូង​ប្រពន្ធ​របស់​គាត់​ខឹង​សត្វ​គោ​មក​ស៊ី​ដំណាំ​នៅ​មុខ​ផ្ទះ ទើប​ប្រពន្ធ​របស់​គាត់​ជេរ​សត្វ​គោ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​ជា​ថៅកែ​ឡឥដ្ឋ​បាន​មក​វាយ​ទៅ​លើ​ផ្ទៃមុខ​ប្រពន្ធ​របស់​គាត់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​។

តាម​ប្រភព​ដដែល​បាន​រៀបរាប់​បន្ថែម​ថា គាត់​សូម​ស្នើ​ដល់​ស្ថាប័ន​ផ្សេង​ៗ​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​គាត់​ផង ព្រោះ​គាត់​ក្រ ខ្លាច​ចាញ់ក្តី​គេ ព្រោះ​ជន​ដៃដល់​ជា​អ្នកមាន ចំណែក​គាត់​ជា​អ្នកក្រ មិន​អាច​មាន​លុយ​តតាំង​ក្តី​នឹង​គេ​ទេ ។

សមត្ថកិច្ច​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​កម្លាំង​នគរបាល​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួចរាល់​ហើយ ក្នុង​នោះ​សង្ស័យ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចូល​ពន្ធនាគារ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ