ប្រទេសកៀហ្ស៊ីស៊ីស្ថាន ៖ ប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី៨សីហា ស្ថិតក្នុងវិបត្តិនយោបាយចម្បងមួយ ក្រោយបរាជ័យនៃប្រតិបត្តិការនាពេលមុននេះ របស់កងកម្លាំងពិសេសដើម្បីចាប់អតីតប្រធានាធិបតី លោកALMAZBEK ATAMBAIEVដែលជាប់ការចោទប្រកាន់ពីបទពុករលួយ។
ក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងកងកម្លាំងសន្តិសុខនិងពួកអ្នកគាំទ្រលោក ATAMBAIEV សមាជិកម្នាក់របស់កងកម្លាំងពិសេសបានត្រូវស្លាប់ ហើយអ្នកទទួលខុសត្រូវប៉ូលិសម្នាក់រងរបួសធ្ងន់។ យោងតាមអគ្គរដ្ឋអាជ្ញាថា សរុបជនស៊ីវិល២៣នាក់និងសមាជិកកងកម្លាំងសន្តិសុខ២៤នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ។
លោកALMAZBEK ATAMBAIEVអាយុ៦២ឆ្នាំ ជាប្រធានាធិបតីពីឆ្នាំ២០១១ដល់ដំណាច់ឆ្នាំ២០១៧ ហើយត្រូវតុលាការចោទប្រកាន់កាលពីដំណាច់ខែឧសភាពីបទពុករលួយ។ អភ័យឯកសិទ្ធិក្នុងឋានៈជាអតីតប្រធានាធិបតីមួយរូបត្រូវបានដកហូតដោយបណ្ដាសមាជិកសភា។ អតីតប្រធានាធិបតីរូបនោះសង្ស័យដណ្ដើមយកដោយខុសច្បាប់ដីនានានិងជាប់ចោទថាដោះលែងសមាជិកម្នាក់នៃក្រុមម៉ាហ្វីយ៉ាមួយ។
ការចោទប្រកាន់ទាំងនោះត្រូវបានលោកបរិហារថា ជាឧបាយកលនយោបាយរបស់ប្រធានាធិបតីថ្មី ជាគូប្រជែងលោកSOORONBAI JEENBEKOV។ ដោយចាត់ទុកការចោទប្រកាន់លោកថាមិនទំនងលោក ATAMBAIEVប្រកាសពីចេតនា មិនបណ្ដោយឲ្យគេធ្វើអ្វីស្រេចចិត្តដោយនិយាយថាលោកត្រៀមក្រោកឈររហូតដល់ទីបញ្ចប់ហើយប្រឆាំងនឹងការចាប់ខ្លួនលោក។
កាលពីថ្ងៃទី៧សីហាប្រតិបត្តិការដើម្បីចាប់ខ្លួនលោកក្នុងនិវេសនដ្ឋានលោក នៅភូមិKOI TASHជិតរដ្ឋធានីប៊ីស្កេក ក្លាយទៅជាការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខនិងពួកអ្នកគាំទ្រលោកATAMBAIEV ដែលកាន់អាវុធហើយលើកគ្នាមកជាង១០០០នាក់ដើម្បីការពារអតីតប្រធានាធិបតីរូបនោះ។
យោងតាមក្រសួងសុខាភិបាលថា សមាជិកម្នាក់នៃកងកម្លាំងពិសេសបានត្រូវស្លាប់ដោយគ្រាប់កាំភ្លើង។ បណ្ដាសាក្សីរៀបរាប់ថាគេឃើញពួកអ្នកគាំទ្រអតីតប្រធានាធិបតី ដណ្ដើមអាវុធហើយវាយប្រហារលើកងកម្លាំងពិសេសរួចបន្ទាប់មក ចាប់ពួកគេជាចំណាប់ខ្មាំងចំណែកពួកអ្នកគាំទ្រឯទៀតៗ ប៉ុនប៉ងការពារពួកគេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ