ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កា​ស្មៀ​រ​ ប៉ា​គី​ស្ថាន​បណ្ដេញ​ទូត​ឥណ្ឌា

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ប្រទេស​ប៉ា​គី​ស្ថាន​ប្រកាស​នា​ថ្ងៃ​ទី​៧​សីហា​ថា ខ្លួន​បាន​បណ្ដេញ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ចេញពី​ប្រទេស ហើយ​ផ្អាក​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ឥណ្ឌា ២​ថ្ងៃក្រោយ​ពី​ក្រុង​ញូ​វ​ដែ​ល្លី​ដក​ស្វ័យ​ភាព​ពី​ផ្នែក​កា​ស្មៀ​រដែ​ល​ខ្លួន​ត្រួតត្រា​។ រដ្ឋមន្ត្រី​ការ​បរទេស​ប៉ា​គី​ស្ថាន​លោក​SHAH MEHMOOD QURESHI ថ្លែង​តាម​ទូរទស្សន៍​ក្នុងស្រុក​ARY…

ប្រទេស​ឥណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ប្រទេស​ប៉ា​គី​ស្ថាន​ប្រកាស​នា​ថ្ងៃ​ទី​៧​សីហា​ថា ខ្លួន​បាន​បណ្ដេញ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ចេញពី​ប្រទេស ហើយ​ផ្អាក​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ឥណ្ឌា ២​ថ្ងៃក្រោយ​ពី​ក្រុង​ញូ​វ​ដែ​ល្លី​ដក​ស្វ័យ​ភាព​ពី​ផ្នែក​កា​ស្មៀ​រដែ​ល​ខ្លួន​ត្រួតត្រា​។

រដ្ឋមន្ត្រី​ការ​បរទេស​ប៉ា​គី​ស្ថាន​លោក​SHAH MEHMOOD QURESHI ថ្លែង​តាម​ទូរទស្សន៍​ក្នុងស្រុក​ARY NEWS​ថា យើង​នឹង​ដក​ឯកអគ្គរដ្ឋទូត​របស់​យើង​ប្រចាំ​ក្រុង​ញូ​វ​ដែ​ល្លី​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​។ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក៏​ប្រកាស​ដែរ​ថា​ខ្លួន​នឹង​កាត់​បន្ថយ​កម្រិត​ទំនាក់ទំនង​ការទូត​ជាមួយ​ឥណ្ឌា ហើយ​ផ្អាក​ពាណិជ្ជកម្ម​ទ្វេភាគី​។ ការ​ផ្លាស់​ប្ដូរ​គ្នា​រវាង​ប្រទេស​ជិតខាង​ទាំង​២​ក៏​នឹង​កម្រិត​។ ការ​សម្រេច​ទាំងនោះ​របស់​ប៉ា​គី​ស្ថាន​ត្រូវ​បាន​ប្រកាស ក្រោយ​កិច្ចប្រជុំ​ថ្មី​មួយ​របស់​គណៈកម្មាធិការ​សន្តិសុខ​ជាតិ ដោយ​មាន​ការ​ចូលរួម​របស់​រដ្ឋមន្ត្រី​សំខាន់​ៗ​ព្រមទាំង​បណ្ដា​ឧត្ដមសេនីយ​ប៉ា​គី​ស្ថាន​។

រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​កាលពី​ថ្ងៃ​ទី​៥​សីហា ដក​ស្វ័យភាព​ពី​រដ្ឋកា​ស្មៀ​រដែ​ល​នោះ​ជា​ការ​សម្រេច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ​ដែល​សំដៅដាក់​តំបន់​ដែល​កើត​មាន​ឧទ្ទាម​កម្ម​នោះ ហើយ​ទាមទារ​យក​ដោយ​ប៉ា​គី​ស្ថាន​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដោយ​ផ្ទាល់​របស់​ក្រុង​ញូ​វ​ដែ​ល្លី​។

ប៉ា​គី​ស្ថាន​ដែល​ទាមទារ​យក​តំបន់​ចា​មូ​និង​កា​ស្មៀ​រ ចាប់តាំងពី​ការ​បែងចែក​គ្នា​ជាមួយ​ឥណ្ឌា​ពី​ឆ្នាំ​១៩៤៧​ក្រោយ​ការ​បញ្ចប់​អាណានិគម​អង់គ្លេស​មក​។ ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​៥​សីហា​ចាត់​ទុក​ការ​សម្រេច​របស់​ឥណ្ឌា​ថា​ខុសច្បាប់​។ ការ​សម្រេច​នោះ​អាច​នាំ​ឲ្យ​មានការ​រើ​ឡើង​វិញ​នៃ​ឧទ្ទាម​កម្ម​នៅ​កា​ស្មៀ​រ ដែល​ឧទ្ទាម​កម្ម​នៅ​ទីនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៧០.០០០​នាក់​រួច​ហើយ​ភាគច្រើន​ជា​ជន​ស៊ីវិល ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក​។

ជា​ការ​បង្ការ​ចលាចល​អាជ្ញាធរ​ឥណ្ឌា​រយៈពេល​១០​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ដាក់​ពង្រាយ​ទាហាន​ប្រមាណ​ជា​៨០.០០០​នាក់​ថែម​ទៀត​ក្នុង​តំបន់​នោះ ដែល​មាន​វត្តមាន​យោធា​យ៉ាងច្រើន​ស្រាប់​ហើយ​។ នៅ​ប៉ា​គី​ស្ថាន​មាន​បាតុកម្ម​នានា​ប្រឆាំង​ឥណ្ឌា ដោយ​ពួក​បាតុករ​បាន​ដុត​រូប​នាយក​រដ្ឋមន្ត្រី​និង​ទង់ជាតិ​ឥណ្ឌា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ