ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​កំសត់​! រៀន​បណ្តើរ មើលឃើញ​មេឃ​បណ្តើរ សិស្ស​រៀន​ទាំង​លំបាក (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាលារៀន​1​ខ្នង​ដំបូល​ធ្លុះធ្លាយ​មើលឃើញ​មេឃ ហើយ​សិស្ស​ៗ និង​គ្រូ​ៗ​បង្រៀន​ទាំងអស់ នាំ​គ្នា​រៀន​ទាំង​លំបាក​រាល់​រដូវវស្សា ហើយ​ប្រាថ្នា​ចង់បាន​ដំបូល​ថ្មី ព្រោះ​កំណើន​សិស្ស​មានកា​កើនឡើង​រាល់​ឆ្នាំ​។ សាលារៀន​ខាងលើ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សំរោង…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាលារៀន​1​ខ្នង​ដំបូល​ធ្លុះធ្លាយ​មើលឃើញ​មេឃ ហើយ​សិស្ស​ៗ និង​គ្រូ​ៗ​បង្រៀន​ទាំងអស់ នាំ​គ្នា​រៀន​ទាំង​លំបាក​រាល់​រដូវវស្សា ហើយ​ប្រាថ្នា​ចង់បាន​ដំបូល​ថ្មី ព្រោះ​កំណើន​សិស្ស​មានកា​កើនឡើង​រាល់​ឆ្នាំ​។

សាលារៀន​ខាងលើ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក គឺ​សាលា​បឋម​សិក្សា​បន្ទាយ​មាន​ឬ​ទ្ធិ ហើយ​សាលា​បឋម​សិក្សា​មួយ​នេះ​មាន​អគារសិក្សា​ចំនួន​3​ខ្នង ស្មើ​17​បន្ទប់ មាន​សិស្ស​រៀន​ចំនួន​933​នាក់ ក្នុង​នោះ​ស្រី​463​នាក់​។ ក្នុង​ចំណោម​អគារ​3​ខ្នង​នេះ មាន​អគារ​មួយ​ស្មើ​6​បន្ទប់ ដែល​មាន​ដំបូល​ធ្លុះធ្លាយ​មើលឃើញ​មេឃ បន្ទប់​ខ្លះ​ធ្លុះធ្លាយ​តិច បន្ទប់​ខ្លះ​ធ្លុះធ្លាយ​ខ្លាំង ធ្វើ​ឱ្យ​សិស្ស​ទាំងអស់​រៀន​លែង​កើត​ទៅ​ហើយ​។

លោក ណឹ​ម ឈាង នាយក​សាលា​បឋម​សិក្សា​បន្ទាយ​មាន​ឬ​ទ្ធិ មិន​អាច​ទាក់ទង​សុំ​កា​អត្ថាធិប្បាយ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​។ ដោយឡែក​លោក​ហួយ ហេង នាយករង​សាលា​ខាងលើ​បាន​ប្រាប់​កោះសន្តិភាព​ថា អគារ​សាលា​មួយ​ខ្នង​ស្មើនឹង​6​បន្ទប់​នេះ ពិតជា​រង​កា​ខូចខាត​ដំបូល​ធ្លុះធ្លាយ​មែន​។

លោក​នាយករង​រូប​នេះ​រៀបរាប់​ថា សាលា​បឋម​សិក្សា​បន្ទាយ​មាន​ឬ​ទ្ធិ​ត្រូវ​បាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ហើយ​អគារ​6​បន្ទប់​ដែល​ដំបូល​ធ្លុះធ្លាយ​នេះ កសាង​ឡើង​ក្នុង​ឆ្នាំ​1996 ជា​អំណោយ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ហើយ​អគារ​មួយទៀត​មាន​5​បន្ទប់ កសាង​ក្នុង​ឆ្នាំ​2004 ជា​ថវិកា​របស់​ក្រសួង​អប់រំ និង​មួយ​អគារ​ផ្សេង​១​ទៀត​មាន​6​បន្ទប់ កសាង​ឡើង​ក្នុង​ឆ្នាំ​2018 ជា​អំណោយ​ឧបត្ថម្ភ​របស់​អង្គកា​សម្រេច​សុបិន​កុមារ​កម្ពុជា​។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក ខាង​សាលា​បាន​ធ្វើ​ឯកសារ​តាម​រយៈ​អាជ្ញាធរ​ឃុំ ដើម្បី​ស្នើ​សុំ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ឲ្យ​ជួយ ប៉ុន្តែ​សង្ស័យ​ឯកសារ​ទាំងនោះ​មិន​បាន​ដល់​ដៃ​ថ្នាក់ដឹកនាំ ទើប​ដំបូល​សាលា​មួយ​នេះ​នៅ​មេម៉ាយ​ជា​រៀង​រហូត​មក​។

ជុំវិញ​ករណី​នេះ លោក នៃ ពៅ មេឃុំ​គោក​រមៀត មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​ចុច​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល​។ ហើយ​លោកគ្រូ​ៗ ក៏​ដូច​ជា​សិស្សានុសិស្ស​នៅ​សាលា​ខាងលើ អំពាវ​នាវ​សុំ​ថ្នាក់ដឹកនាំ ជា​ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​ធ្វើ​យ៉ាងណា សុំ​ឲ្យ​សាលា​នេះ​បាន​ដំបូល​ថ្មី​វិញ ដើម្បី​ឲ្យ​សិស្ស​បាន​រៀន​ស្រួល​ដូច​សាលា​ផ្សេង​ៗ​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ