ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេងប្រុសស្រីសិស្សសាលាចំនួន២ នាក់ ដោយម្នាក់បានស្លាប់យ៉ាងអាណោចអាធម្មនៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសជាទម្ងន់ ដោយសារតែដើមត្នោតដែលគេអារកាត់មិនប្រយ័ត្នរលំបាក់សង្កត់ពីលើជាមួយម៉ូតូមួយគ្រឿងក៏បានរងការខូចខាតខ្ទេចទាំងស្រុង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី០៨ ខែសីហានេះ នៅចំណុចមុខសាលាបឋមសិក្សាចំបក់រង្សី ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ជាមួយគ្នានេះ ។
សេចក្តីរាយការណ៍បានបន្តថា ជនសង្ស័យ២នាក់ ដែលជាអ្នកអារកាត់ដើមត្នោតត្រូវបានកងរាជអាវុធហត្ថស្នាក់ការ 501 ធ្វើការឃាត់ខ្លួនផងដែរ ។ ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានផ្ដល់ព័ត៌មានជាបឋមថា សិស្សសាលា២នាក់ ម្នាក់ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ឆ្នាំ បានស្លាប់នៅនឹងកន្លែង ម្នាក់ទៀតឈ្មោះ សេន អាលី ភេទប្រុស អាយុ១២ឆ្នាំ បានរងរបួសជាទម្ងន់ ក្មេងទាំង២នាក់ មានទីលំនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុកុមារីឈ្មោះ សា ម៉ៃសំ ជាបងបានជិះម៉ូតូម៉ាកហុងដា សេ125 ទៅដល់ប្អូនឈ្មោះ សេន អាលី ចេញពីសាលារៀន ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែដើមត្នោតដែលគេកំពុងអារកាត់បានបាក់រលំសង្កត់ពីលើតែម្ដង បណ្ដាលឱ្យកុមារីជាបងស្លាប់នៅនឹងកន្លែង ចំណែកប្អូនបានរងរបួសជាទម្ងន់ និងម៉ូតូបានរងការខូចខាតស្ទើរទាំងស្រុង ។
ដោយឡែកក្រោយពេលកើតហេតុជនបង្កដែលអារកាត់ដើមត្នោតទាំង២នាក់ ម្នាក់ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ តុល ណាង ភេទប្រុស អាយុ២៥ឆ្នាំ ទាំង២ នាក់ មានទីលំនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ត្រូវបានកងរាជអាវុធហត្ថស្នាក់ការ 501 ធ្វើការចាប់ឃាត់ខ្លួន និងកំពុងតែកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯកុមារារងគ្រោះក៏បានដឹកទៅសង្គ្រោះជាបន្ទាន់ នៅមណ្ឌលសុខភាពស្រុកផងដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ