ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានប្រាប់ថា គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងការពារព្រំដែនគោក ប្រចាំស្រុកកោះញែក និងស្រុកពេជ្រាដា ជាង៤០នាក់ត្រូវបានជម្លៀសចេញពីប៉ុស្តិ៍ប្រចាំការ ទៅរកកន្លែងសុវត្ថិភាពនៅលើទឹកដីប្រទេសវៀតណាមជាប៉ុណ្ណោះអាសន្ន ក្រោយទឹកបានជន់លិចស្នាក់ការទាំងស្រុង ។
លោកស្នងការបានបន្តថា កម្លាំងនគរបាលការពារព្រំដែនគោកកម្ពុជា-វៀតណាម នៅចំណុចប៉ុស្តិ៍ម្រើច ប៉ុស្តិ៍៣ ប៉ុស្តិ៍៤ និងប៉ុស្តិ៍៥ ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម លាតសន្ធឹងលើស្រុកកោះញែក និងស្រុកពេជ្រាដា កំពុងរងការប៉ះពាល់ពីទឹកជំនន់តាមអូរព្រំដែន និងទឹកទន្លេស្រែពក ក្រោយពេលមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាមក។
បន្ទាប់ពីទទួលដំណឹងនេះភ្លាមៗ លោកស្នងការបានបញ្ជាឲ្យស្នងការរងទទួលបន្ទុកព្រំដែន និងមេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៣០៣ ចេញអន្តរាគមន៍ជាបន្ទាន់ ដោយបានស្នើសុំភាគីវៀតណាមជួយផ្តល់ទីទួលសុវត្ថិភាពដល់កងកម្លាំងដែលរងការរំខានពីទឹកជំនន់។ ក្រៅពីការជួយសង្គ្រោះកម្លាំងដែលរងការប៉ះពាល់ លោកស្នកការខេត្តបានផ្តល់ជាសម្ភារៈប្រើប្រាស់ និងស្បៀងអាហារជាច្រើនសម្រាប់ជូនដល់កងកម្លាំងប្រើប្រាស់ផងដែរ។
ទោះជាយ៉ាងណា បើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ថា មិនមានកងកម្លាំងណាម្នាក់រងគ្រោះថ្នាក់ របួស ឬក៏បាត់បង់ជីវិតក្នុងហេតុការណ៍នេះឡើយ ពោលគឺគ្រាន់តែប៉ះពាល់ដល់ទីតាំងឈរជើងប្រចាំការ និងសម្ភារៈប្រើប្រាស់ប៉ុណ្ណោះ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ