រាជធានីភ្នំពេញ៖ អតីតតារាសម្តែងលោក សំអែល ដារ៉ាវុធ បានបង្ហាញជំហរចង់ចូលរួមសម្តែងភាពយន្តជាថ្មី បន្ទាប់ពីលោកបញ្ចប់អាជីពនេះជាច្រើនឆ្នាំកន្លងមក ដោយលោកបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ។ ការបង្ហាញជំហរចង់ចូលសម្តែងភាពយន្តជាថ្មីពីអតីតតារាសម្តែងរួមជំនាន់ជាមួយលោកខៃ ប្រសិដ្ឋ រូបនេះបន្ទាប់ពីអតីតារាសម្តែងដូចជាអ្នកនាងអម្ពរ ទេវី និងលោកយស បូវណ្ណៈ ក៏បានមកថតភាពយន្តជាថ្មីឡើងវិញផងដែរ ។
បើយោងតាមការបញ្ជាក់ពីតារាចម្រៀងលោកសុះ ម៉ាច ដែលបានជួបទាក់ទងជាមួយលោកសំអែល តារាវុធ បានឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា អតីតតារាភាពយន្តក្នុងអំឡុងទសវត្សរ៍៩០ និងជាគ្រូបង្រៀនភាសាអង់គ្លេសលោកសំអែល ដារ៉ាវុធ សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ។ លោកដារ៉ាវុធ បង្ហាញជំហរចង់ជួយលើកស្ទួយវិស័យសិល្បៈភាយន្តខ្មែរឲ្យមានគុណភាព និងរីកចម្រើន ។
លោកតារាវុធប្រាប់លោកសុះ ម៉ាច ថានឹងមកលេងស្រុកខ្មែរ ហើយអំឡុងពេលនោះបើសិនមានផលិតកម្មណាអញ្ជើញលោកថតកុន លោកនឹងឆ្លៀតពេលចូលរួម ព្រោះលោកចង់បង្ហាញវត្តមាន រួមទាំងទេពកោសល្យនៃការសម្ដែងរបស់លោក រួមជាមួយអ្នកជំនាន់ក្រោយឲ្យទស្សនិកជនខ្មែរបានឃើញឡើងវិញក្រោយពីបាត់មុខអស់រយៈពេលជាយូរកន្លងមក ។ លោកសង្ឃឹមថានឹងមានផលិតកម្មជាច្រើននឹងអញ្ជើញលោកថតមិនខាន ។
បច្ចុប្បន្នលោកសំអែល តារាវុធ បានសញ្ជាតិអាមេរិក និងបម្រើការនៅក្រសួងសង្គមកិច្ចនៃសហរដ្ឋអាមេរិក ។ ខ្សែភាពយន្តដែលលោកសំអែល តារាវុធ បានចូលរួមសម្តែងលើកដំបូងមានចំណងជើងថា «រហែកចិត្ត ដ្បិតស្នេហ៍» ដោយលោកដើរតួឯក ហើយបានចាក់បញ្ចាំងនៅរោងភាពយន្តអង្គរនាអំឡុងទសវត្សរ៍៩០ ។
ក្នុងសម័យអ៊ុនតាក់លោកសំអែល តារាវុធ បានធ្វើការនៅក្រសួងការពារជាតិផ្នែកបកប្រែភាសា និងជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ ។ ជាមួយនឹងការងារទាំងនេះលោកក៏បានឆ្លៀតពេលទំនេរថតភាពយន្តឲ្យផលិតកម្មផ្សេងៗជាបន្តបន្ទាប់ មានដូចជារឿង ព្រៃគុបម្លប់ចិត្ត ស្នេហ៍ប្រែចិត្ត ដែលជារឿងភាគ និងខ្សែភាពយន្តភាគដែលលោកសម្តែងជាតួឯកចុងក្រោយ គឺរឿង«ភូមិខ្ញុំផ្ទះខ្មោច» សម្តែងជាមួយអ្នកនាងចាន់ តារាទី ។
លោកសំអែល តារាវុធ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០០១ ហើយបានចូលបម្រើការងារនៅក្នុងក្រសួងសង្គមកិច្ចអាមេរិកអស់រយៈពេលប្រមាណជាង១៨ឆ្នាំហើយ ។ លោកមានបំណងចូលនិវត្តន៍ពីការងារមុនអាយុ ហើយអាចមកចូលរួមថតភាពយន្តឡើងវិញ ក្នុងបំណងជួយជ្រោងភាពយន្តខ្មែរឲ្យមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ