ក្នុងខែកក្កដា CDC ចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិក
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល ១ ខែ នៃខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC…
រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល ១ ខែ នៃខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC…
រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល ១ ខែ នៃខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគនានានៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ១០០ លានដុល្លារអាមេរិក និងផ្ដល់ការងាររាប់ម៉ឺននាក់នៅពេលគម្រោងទាំងនោះដំណើរការ ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថាក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះ កម្ពុជាបានចេញវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់១១៨ លានដុល្លារអាមេរិកដោយភាគច្រើននៃគម្រោងនោះជាគម្រោងរោងចក្រសហគ្រាសផលិត និងកែច្នៃផលិតផលសម្រាប់បម្រើការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ។
របាយការណ៍ដដែលនេះឱ្យដឹងទៀតថា ក្រុមហ៊ុនចំនួនជាង ២០ បានស្នើសុំចុះបញ្ជីវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសម្រេចចុះបញ្ជីស្ថាពរផងដែរ ដោយមានទីតាំងនៅកន្លែងផ្សេងដូចជានៅជុំវិញរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតដែលក្នុងនោះមាន៖ ខេត្តកំពង់ស្ពឺ, ក្រុងព្រះសីហនុ, តាកែវ និងខេត្តកណ្ដាលផងដែរ ។ ក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្សាយក្នុងគេទំព័ររបស់ខ្លួននោះ បានបញ្ជាក់ថា មានគម្រោងដែលមានទឹកប្រាក់ច្រើនជាងគេគឺ ១៦,៥ លានដុល្លារអាមេរិក ជាគម្រោងរោងចក្រផលិតទឹកកកនៅខេត្តកណ្ដាល ហើយគម្រោងនេះដែរព្យាករណ៍នឹងត្រូវការបុគ្គលិកប្រមាណជាង ៣០០ នាក់ បន្ទាប់មកគឺ គម្រោងទឹកប្រាក់ ១៥ លានដុល្លារ ជាគម្រោងរោងចក្រផលិតក្ដារបន្ទះ និងក្ដារប៉ាកេ អាចផ្ដល់ការងារដល់ពលរដ្ឋជាង ៤០០នាក់ផងដែរ ។
ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាសូមស្វាគមន៍រាល់វិនិយោគក្នុង និងក្រៅប្រទេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ហើយកម្ពុជាមិនរើសអើងអ្នកវិនិយោគមកពីប្រទេសណានោះឡើយ ។ កម្ពុជាក៏បានសម្រួលដល់អ្នកវិនិយោគនូវការងារច្រើនដើម្បីទាក់ទាញបន្ថែមទៀត ដូចជាកាត់បន្ថយនូវស្ថាប័នមួយចំនួន ដូចជាស្ថាប័នកាំកុងត្រូលនៅតាមព្រំដែន ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយនូវទីភ្នាក់ងារនាវាចរកាំសាបផងដែរ ។
ថ្មីៗនេះដែរ កម្ពុជាបានបង្ហាញនូវការលើកទឹកចិត្តដល់វិនិយោគិនមួយទៀតផងដែរ តាមរយៈការកាត់បន្ថយថ្ងៃឈប់សម្រាកមកនៅត្រឹម ២២ ថ្ងៃប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២០ ខាងមុខដែលបញ្ហានេះវិនិយោគិនក៏ចង់បានផងដែរ ព្រោះតែកន្លងមកកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនជាងគេធៀបនឹងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ។ ក្រៅពីនោះកម្ពុជាក៏កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីសម្រួលដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែអន្តរជាតិតែមួយតាមរយៈការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលនឹងបញ្ចប់នៅរយៈពេលពី ៣ ទៅ ៤ ឆ្នាំខាងមុខនេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ