រាជធានីភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កាមកធ្វើការវិនិយោគនៅកម្ពុជាឲ្យបានច្រើន ។ ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ដែលត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀលថ្ងៃទី៧ សីហា សម្តេច តេជោបានបញ្ជាក់យ៉ាងដូច្នេះថា«ខ្ញុំសូមលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កាដែលមានវត្តមាននៅទីនេះធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា»។
សម្តេចបន្តថា៖«ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយក៏ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពប៉ាន់ប្រមាណបាន ។ សម្តេច តេជោក៏បានជម្រាបជូនធុរជន និងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ៥ចំណុច ។
ទី១ ៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពីឆ្នាំ១៩៧៩ កម្ពុជាបានប្រឹងប្រែងដោយប្រើប្រាស់ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចពីចំណុចសូន្យដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅយ៉ាងអយុត្តិធម៌រហូតបានបញ្ឈប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ កាលពីចុងឆ្នាំ១៩៩៨ ដោយដាក់ចេញនូវ «គោលនយោបាយឈ្នះ-ឈ្នះ» ។ ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិ ក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះបានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីទាំងក្នុងតំបន់ និងសកល ហើយបច្ចុប្បន្នកម្ពុជាទទួលបានទាំងស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ច ពេញលេញដែលជាមូលដ្ឋានសម្រាប់ទាក់ទាញធុរជន និងវិនិយោគិនមកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា ។
ទី២ ៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស ។ ទី៣ ៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេងដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះមានចំនួនដល់ទៅ៧២ % នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង ។ ទី៤ -កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ានដែលតំបន់នេះបាន និងកំពុងក្លាយជា «រោងចក្រនៃអាស៊ី » ។
និងទី៥ ៖ កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» រួមមានសម្បត្តិ វប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេ បឹងបួរ និងព្រៃព្រឹក្សារបស់ជាតិដែលទាំងនេះមានភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ