ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទស្សនៈកិច្ច​ប្រធានាធិបតី​ស្រី​លង្កា​នឹង​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ប្រសើរ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​ស្រី​លង្កា​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា និង​ស្រី​លង្កា​កាន់តែ​ប្រសើរ​ថែម​ទៀត ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​ស្រី​លង្កា​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា និង​ស្រី​លង្កា​កាន់តែ​ប្រសើរ​ថែម​ទៀត ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៧ សីហា​ថា កម្ពុជា​រីករាយ​ស្វាគមន៍​លោក Maithripala Sirisena ប្រធានាធិបតី​ស្រី​លង្កា និង​លោក​ជំទាវ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃនេះ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖«​តាម​រយៈ​ទស្សនកិច្ច​នេះ គឺ​នឹង​ពង្រឹង​បាន​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​អោយ​កាន់តែ​រឹង​មាំ​ល្អ​ប្រសើរ​ថែម​ទៀត​» ។

សូមរ​ឮ​កថា លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រី​លង្កា​បាន​មក​ដល់​កម្ពុជា​នៅ​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃ​ទី​៧-១០ ខែសីហា ឆ្នាំ​២០១៩ តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​កម្ពុជា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លោក​ប្រធានាធិបតី​នឹង​ចូល​គាល់​ព្រះមហាក្សត្រ ។ លោក​ក៏​នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ។ ព្រមទាំង​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សន​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ការ​ព្រួយបារម្ភ និង​ផលប្រយោជន៍​រួម​ផង​ដែរ ។ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​លោក​ប្រធានាធិបតី និង​សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន ។

ក្នុងអំឡុងពេល​ស្នាក់​នៅ​កម្ពុជា​លោក​ប្រធានាធិបតី​នឹង​អញ្ជើញ​ទៅ​វត្ត​លង្កា និង​ប្រគេន​សម្តេចព្រះ​មហា​អរិយវង្ស សៅរ៍ ច័ន្ទ​ថុ​ល្ល ព្រះ​ចៅអធិការ​វត្ត​លង្កា​នូវ​កូនដើម​ពោធិ៍​នៃ​មហាពោធិ​ព្រឹក្ស​ពី​ក្រុង​អនុ​រា​ធ​បុ​រៈ ។ បន្ទាប់​មក​នឹង​ចូលរួម​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រី​លង្កា​ចំនួន​១០​ដើម​នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧត្តុង្គ ។

លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា និង​សមាជិក​គណៈប្រតិភូ​ក៏​នឹង​ទស្សនា​ប្រាសាទ​នានា​នៅ​ខេត្តសៀមរាប​ផង​ដែរ ។ ទស្សនកិច្ច​ជា​លើក​ដំបូង​មក​កម្ពុជា​របស់​លោក​ប្រធានាធិបតី​ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា​នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​រវាង​កម្ពុជា និង​ស្រី​លង្កា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ