រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាបានកំពុងរងសម្ពាធពីចំហាយខ្យល់ព្យុះដែលបានបំលែងខ្លួនយ៉ាងលឿនស្ទើរមិនអាចស្មានដល់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយពីការវិវត្តន៍នៃស្ថានភាពអាកាសធាតុនៅថ្ងៃទី៧ សីហាថា ចាប់តាំងពីថ្ងៃទី៧-១០ ខែសីហានេះទៅ ស្ថានភាពក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងលឿនស្ទើរតែអាចនិយាយបានថា មិនដែលធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក ។
សេចក្តីជូនដំណឹងបានឲ្យដឹងថា នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតហ្វីលីពីន មានការកកើតឡើងនូវព្យុះដល់ទៅ៣ ស្ថិតក្នុងកន្សោមនៃប្រព័ន្ធតែមួយរួមមាន ៖ព្យុះទី៤ ឈ្មោះហ្វ្រង់ស៊ីសកូ (Francisco) ដែលមានទិសដៅឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ។ ព្យុះទី៩ ឈ្មោះឡេឌីម៉ា (Lekima) ដែលមានទិសដៅឆ្ពោះទៅកាន់តៃវ៉ាន់ ។ព្យុះទី១០ ឈ្មោះក្រសារ (Krosa) ដែលជាឈ្មោះកម្ពុជាយើងបានដាក់ដែលមានទិសដៅឡើងទៅលើភាគខាងជើង ។
សូមបញ្ជាក់ជូនថា ព្យុះទាំង៣នេះមិនបោកបក់ចូលក្នុងកម្ពុជាយើងនោះទេ ។ ប្រភពបានបន្តថា ប្រពន្ធ័សម្ពាធទាប (ITCZ) ដែលលាតសន្ធឹងលើប្រទេសថៃ ឡាវ និងវៀតណាមដែលនៅខាងចុងកន្លងមកភ្ជាប់នឹងសម្ពាធទាប (Low) បច្ចុប្បន្នសម្ពាធទាបបានបំប្លែងខ្លួនទៅជាវិសម្ពាធសកម្ម (Active Low) ហើយក៏ត្រូវបានអូសទាញដោយប្រព័ន្ធព្យុះទាំង៣ដូចបានជម្រាបជូនខាងលើ ។ មានន័យថា ប្រព័ន្ធសម្ពាធទាប និងមានការប្រែប្រលខុសបន្តិចពីការជូនដំណឹង ប្រចាំសប្តាហ៍កន្លងមក ។ ដូចនេះសម្រាប់កម្ពុជាយើង ។
ភ្លៀងនៅតែបន្តធ្លាក់ដដែលគ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់ នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ។ បណ្តាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀងនឹងកើនឡើងខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កឡើងមានជាជំនន់ទឹកភ្លៀង ។ កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែល គឺ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ។ ជាមួយគ្នានោះដែរក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នខ្ពស់ ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ