រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ជំនាញឆ្កឹះសោបន្ទប់លួចសម្ភារៈគេបានសម្រេចជាច្រើនដងហើយ មិនស្កប់ស្កល់ត្រឡប់មកឆ្កឹះម្តងទៀត តែត្រូវម្ចាស់ផ្ទះទាន់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ក៏ត្រូវកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង6និង30នាទីយប់ ថ្ងៃទី6 ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវសុធារស ក្រុម48 ភូមិ9 សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ចាន់ សិទ្ធ ភេទប្រុស អាយុ28ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវនរោត្តម ក្រុម123 ភូមិ16 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយជនសង្ស័យរូបនេះជាមនុស្សញៀនថ្នាំ និងចូលចិត្តលេងល្បែងទៀតផង។ ចំណែកជនរងគ្រោះឈ្មោះ ផល រដ្ឋា ភេទស្រី អាយុ33ឆ្នាំ ស្នាក់នៅបន្ទប់លេខ C5 ជាន់ទី3 ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ គឺកាលពីថ្ងៃទី20 ឧសភា ជនសង្ស័យនេះបានឆ្កឹះសោបន្ទប់នៅផ្ទះកើតហេតុខាងលើ នៅបន្ទប់លេខ C5 ជាន់ទី3 ដែលស្ត្រីរងគ្រោះជាអ្នកជួលស្នាក់នៅលួចយកសម្ភារៈជាច្រើនរួមមាន ៖
កុំព្យួទ័រយួរដៃចំនួន2គ្រឿង 1 ម៉ាក Dell និង១គ្រឿងទៀត ម៉ាក Apple ទូរស័ព្ទដៃ1គ្រឿង ម៉ាកiPhone 6 ថេបប្លេត1គ្រឿងម៉ាក lenovo នឹងកងដៃផ្លាកទីន9កង បានសម្រេច និងគេចខ្លួនបាត់ស្រមោល ហើយជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ឱ្យជួយស្រាវជ្រាវរកជនសង្ស័យ និងឆែកកាមេរ៉ាសុវត្ថិភាពមើលភិនភាគជនសង្ស័យ ដើម្បីកំណត់មុខសញ្ញា ។
ប្រភពដដែលបន្តថា លុះដល់ដល់ថ្ងៃកើតហេតុថ្ងៃទី6 សីហា នៅចំណុចផ្ទះកើតហេតុដដែល ស្រាប់តែលេចមុខជនសង្ស័យខាងលើមកម្តងទៀត ដោយធ្វើសកម្មភាពឆ្កឹះសោរបន្ទប់គេនៅជាន់ទី2 និងជាន់ទី3 ទៀត ស្រាប់តែម្ចាស់ផ្ទះគេដឹងទាន់ក៏រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ក៏ត្រូវកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបានភ្លាមៗនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់លួចយកសម្ភារៈគេពិតមែន ហើយសម្ភារៈទាំងនោះត្រូវបានរូបគេយកទៅលក់បានលុយ យកទៅទិញគ្រឿងញៀនជក់ និងលេងល្បែងបាញ់ត្រីចាញ់អស់លុយទៅហើយ លុះដល់ថ្ងៃកើតហេតុនេះ រូបខ្លួនគ្មានប្រាក់ក៏ទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលគេម្តងទៀតនៅផ្ទះកើតហេតុដដែល មិនទាន់បានសម្រេចផង ក៏ត្រូវម្ចាស់ផ្ទះសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនរូបគេបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ