ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បក្ស​កាន់​អំណាច ៖ ទិញ​អាវុធ​ពី​ចិន​បង្ក្រាប​អំពើ​អនាធិបតេយ្យ​ក្នុង​សង្គម​ពិសេស​ជន​ក្បត់ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ទិញ​អាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​អំពើ​អនាធិបតេយ្យ​ក្នុង​សង្គម ពិសេស​នោះ​ជន​ក្បត់ជាតិ​ដែល​ចង់​បំផ្លាញ​សន្តិសុខ​ជាតិ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ទិញ​អាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​អំពើ​អនាធិបតេយ្យ​ក្នុង​សង្គម ពិសេស​នោះ​ជន​ក្បត់ជាតិ​ដែល​ចង់​បំផ្លាញ​សន្តិសុខ​ជាតិ ។ លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែសីហា​ថា កម្ពុជា​ទិញ​អាវុធ​ត្រឹម​៤០​លាន​ដុល្លារ​ពី​ប្រទេស​ចិន​ថា ជា​ការ​គម្រាម​ប្រទេស​ដទៃ ជា​ការ​មិន​ពិត​នោះ​ទេ ព្រោះថា​ប្រទេស​ខ្លះ​មាន​អាវុធ​តម្លៃ​រាប់រយ​ពាន់​លាន​នោះ តើ​ជា​ការ​គម្រាម​ប្រទេស​ដទៃ​ដែរ​ប្ញ​ទេ ? ។

អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អាវុធ​ដែល​ទិញ​មក​សម្រាប់​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី ការពារ​សន្តិភាព ការពារ​ប្រជាជន និង​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​អនាធិបតេយ្យ​ក្នុង​សង្គម ជា​ពិសេស​ក្រុម​ជន​ក្បត់ជាតិ​ដែល​ចង់​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សុខ ឥ​សាន បញ្ជាក់​ចំពោះ​ការ​ចោទប្រកាន់​ថា​កម្ពុជា​បាន​ចុះហត្ថលេខា​ជា​សង្កាត់ ដើម្បី​ផ្តល់​មូលដ្ឋានទ័ព​ចិន​នៅ​តំ​បត់​រាម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺជា​ការ​មិន​ពិត​ទេ ។ ព្រោះថា មាន​អ្នក​សារព័ត៌មាន​រាប់​សិប​នាក់​ទៅ​ពិនិត្យ​មិនឃើញ​មាន​មូលដ្ឋានទ័ព​ចិន​នោះ​មិន​មាន​នោះ​ទេ ។

សូមរ​ឮ​កថា កាលពី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន «​មរតក​តេ​ជោ​» កន្លង​មកនេះ សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ចំណាយ​៤០​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៩ ដើម្បី​ទិញ​អាវុធ​រាប់​ម៉ឺន​ដើម​ពី​ចិន ហើយ​ទទូច​ឲ្យ​អា​មេ​រិ​ក​រឹបអូស​ប្រាក់​ដែល​ជន​ពុក​រលួយ​យក​ទៅ​ផ្ញើ​នៅ​អា​មេ​រិ​ក មុន​ពេល​ច្បាប់ «​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ២០១៩» ត្រូវ​បាន​អនុម័ត ។ ការ​បង្ហើប​ឲ្យ​ដឹង​ពី​ថវិកា​ទិញ​អាវុធ​ចិន​នេះ​ធ្វើ​ឡើង​នៅ​ពេល​មានការ​រិះគន់​លើ​ការ​លើក​ឡើង​របស់​អា​មេ​រិ​ក​ដែល​បាន​ចោទ​ថា មាន​កិច្ចព្រមព្រៀងសម្ងាត់​រវាង​កម្ពុជា និង​ចិន​ដែល​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​រាម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ចំណុច​ចោទប្រកាន់​មក​កម្ពុជា​ពី​សំណាក់​អា​មេ​រិ​ក​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រៀបប្រដូច​ទៅ​នឹង​ព្រឹត្តិការណ៍​កាលពីមុន​ឆ្នាំ​១៩៧០ ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ​នរោត្តម​សីហ​នុ ដោយ​លោក​សេនាប្រមុខ លន់ ន​ល់ ។ សម្តេច​បាន​បញ្ជាក់​ថា ៖ «​អស់លោក​ត្រូវ​ចាំ​មុន​ឆ្នាំ​១៩៧០ មុន​រដ្ឋប្រហារ​អស់លោក​បាន​និយាយ​ពី​វត្តមាន​កងទ័ព​រំដោះ​វៀតណាម​នៅ​លើ​ទឹកដី​កម្ពុជា ។ តែ​ប៉ុន្មាន​រយៈ​ក្រោយមក​អស់លោក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ​នរោត្តម​សីហ​នុ​អស់លោក​ត្រូវ​ចាំ​ទៅ​លើ​ចំណុច​នេះ​ហើយ អស់លោក​ក៏​ត្រូវ​ចាំ​នូវ​ប្រវត្តិ​ចោទ​អ៊ី​រ៉ា​ក់ថា មាន​អាវុធ​ប្រល័យ​លោក​ដល់​វ៉ៃ​ចូល​អ៊ី​រ៉ា​ក់ ឥឡូវ​អាវុធ​ប្រល័យ​លោក​ទីបំផុត​នៅឯណា ? ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​អ៊ី​រ៉ា​ក់​» ។

សម្តេច​បាន​ដាក់​សំណួរ​ថា ៖ «​តើ​ជា​វត្ថុបំណង​ចង់​ធ្វើ​ដូច​ឆ្នាំ ១៩៧០​ទេ នៅ​ក្នុង​ការ​មួលបង្កាច់​បែប​នេះ ។ កម្ពុជា​នឹង​ចិន​មាន​បញ្ហា​អ្វី​ដេ​ល​ត្រូវ​ចាំបាច់​ចុះហត្ថលេខា​ជាមួយ​គ្នា​លើ​បញ្ហា​កិច្ចព្រមព្រៀងសម្ងាត់ ។ គ្មាន​ត្រូវការ​ចាំបាច់​អ្វី​សោះ ។ ឥឡូវ​និយាយ​ឲ្យ​ត្រង់​ទៅ ។ ខ្ញុំ​កំពុង​តែ​ដឹក​មក​ឥឡូវ​កំពុង​ដឹក​តាម​នាវា​មកនេះ ។ ឆ្នាំ​នេះ​ខ្ញុំ​ឲ្យ​ដក​លុយ​ជិត​៤០​លាន​ដុល្លារ ដើម្បី​ទិញ​អាវុធ​មួយ​ចំនួន​ពី​ចិន​បន្ថែម​ទៅ​លើ ២០០​លាន​ដុល្លារ ដែល​ឲ្យ​ពី​មុន​សម្រាប់​ការ​ទិញ ហើយ​និង​៩០ លាន​ដុល្លារ ដែល​ឲ្យ​លើក​ក្រោយ​ក្នុង​ពេល​ដែល​ខ្ញុំ​ទៅ​នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ពន្យល់​ថា ការ​ទិញ​អាវុធ​នេះ គឺ​ចង់​ពង្រឹងសមត្ថភាព​កងទ័ព ហើយ​ក៏​មិនមែន​ដោយសារ​តែ​កម្ពុជា មានការ​ភ័យ​ខ្លាច​អ្វី​ដែរ ។ ព្រោះ​នៅ​លើ​លោក​នេះ​គ្មាន​ប្រទេស​ណា​ដែល​គ្មាន​កាំភ្លើង​ទេ ។

ការ​ទិញ​ក៏​ដោយសារ​តែ​កាំភ្លើង​របស់​កម្ពុជា​វា​រាង​ចាស់​ៗ​បន្តិច ហើយ​ដូច្នេះ​ការ​ទិញ​បន្ថែម ប៉ុន្មាន​ម៉ឺន​ដើម​នេះ គឺ​យក​មក​ស្តុក​ទុក​បំពាក់ ហើយ​យក​អាវុធ​ចាស់​ៗ​ទៅ​ជួសជុល ។ ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ថា កាលពី​ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ស្នើ​ថវិកា​២៥​លាន​ដុល្លារ ដើម្បី​ទិញ​អាវុធ ។ ប៉ុន្តែ​ការ​ចំណាយ​៤០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ គឺជា​ការ​គិតគូ​របស់​សម្តេច ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​ចាប់ពី​ពេល​នេះ​ទៅ​ត្រូវ​បាញ់​គ្រាប់​ពិត ដោយ​មិន​គ្រាន់តែ​ឈរ​តម្រង់​ជួរ ហើយ​អត់​គ្រាប់​បាញ់​នោះ​ទេ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ