បាតុករ​​អុកឡុក​ ប៉ង​រាំង​ខ្ទប់​ផ្នែក​ដឹក​ជញ្ជូន​រួម


ក្រុង​ហុង​កុ​ង ៖ ដូច​ពេល​មុន​ដែរ​ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ទៀត កាលពី​យប់​ថ្ងៃ​ទី​៤​សីហា​រវាង​ពួក​បាតុករ​និង​កងកម្លាំង​ប៉ូលិស​នៅ​ក្រុង​ហុងកុង ខណៈ​ក្រុង​ប៉េ​កាំ​ង​បាន​បន្តឹង​សំឡេង ដោយ​សន្យា​ថា​នឹង​មិន​អោបដៃ​នៅ​ស្ងៀម​ឡើយ ប្រឈម​មុខ​នឹង​កងកម្លាំង​ថោកទាប​ដែល​បំផ្លាញ​ឯកភាព​ជាតិ​។

ក្រុង​ហុងកុង​ចាប់តាំងពី​ប្រគល់​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក ២​ខែ​មក​ហើយ​ផ្ទុះ​បាតុកម្ម​ជាប់​ហើយ​ជា​រឿយ​ៗ មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​រ៉ា​ឌី​កាល់​និង​កងកម្លាំង​ប៉ូលិស​។ នា​យប់​ថ្ងៃ​ទី​៤​សីហា​ការ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​បំផុត កើត​មាន​ក្នុង​សង្កាត់​CAUSEWAY BAY​ជា​សង្កាត់​ពា​ណិ​កម្ម​សំខាន់ ដោយ​បាតុករ​ច្រើន​ពាន់​នាក់​បាន​កាន់កាប់​វិ​ថី​ទាំងឡាយ និង​ដាក់​បា​រ៉ា​ស់រាំង​ផ្លូវ​។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​បាតុករ​ក្នុង​សង្កាត់​SHEUNG WAN លើ​កោះ​សំខាន់​នៃ​ក្រុង​ហុងកុង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋាភិបាល​ហុងកុង​មាន​ប្រតិកម្ម​ថា​ការ​បំផ្លាញ​សន្តិសុខ​សាធារណៈ​និង​ការ​វាយ​ប្រហារ​ប្រឆាំង​ប៉ូលិស នឹង​បំផ្លាញ​ដល់​សង្គម សេដ្ឋកិច្ច​ហុងកុង​និង​ផលប្រយោជន៍​នានា​របស់​ប្រជាជន​យើង​។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​បាន​ចេញ​ការ​ព្រមាន​មឺ​ុ​ង​ម៉ាត់​មួយ ប្រឆាំង​កងកម្លាំង​ថោកទាប​ដែល​គំរាមកំហែង​ដល់​បណ្ដា​មូលដ្ឋាន​នៃ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​២​។ រដ្ឋាភិបាល​កណ្ដាល​នឹង​មិន​អោបដៃ​នៅ​ស្ងៀម ហើយ​បណ្ដោយ​ឲ្យ​សភាពការណ៍​កាន់តែ​ដុនដាប​ឡើយ​។

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​បាតុករ​ជាង​២០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​នោះ​ច្រើន​សិប​នាក់​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការ​បះបោរ​ដែល​អាច​មានទោស​ជាប់គុក​១០​ឆ្នាំ​។

កូដកម្ម​ជា​ទូទៅ​មួយ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៥​សីហា​ខណៈ​នា​ថ្ងៃ​ទី​៤​សីហា ពួក​បាតុករ​បាន​បង្កើន​សកម្មភាព​ពួក​គេ​ដោយ​រាំង​ខ្ទប់​វិ​ថី​នានា ព្រមទាំង​ដាក់​បា​រ៉ា​ស់ ហើយ​រាំង​ខ្ទប់​រយៈពេល​ខ្លី​ផ្លូវ​រូង​ក្រោម​ដី​មួយ​និង​វាយ​បំផ្លាញ​បណ្ដា​ភ្លើងស្តុប​។ មុន​នេះ​បន្តិច​ពួក​អ្នក​តវ៉ា​បាន​គប់​ដុំឥដ្ឋ​និង​ស៊ុត​ទៅ​លើ​ទីតាំង​ប៉ូលិស​មួយ បណ្ដាល​ឲ្យ​បែក​កញ្ចក់​មួយ​ចំនួន​។

បាតុករ​អុកឡុក​មេត្រូ
នា​ព្រឹក​ថ្ងៃ​ទី​៥​សីហា​ពួក​បាតុករ​បាន​សាកល្បង​រាំង​ខ្ទប់​មេត្រូ​ក្រុង​ហុងកុង ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​រួម​សំខាន់ នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​កាន់តែ​ខ្លាំង ទន្ទឹម​នឹង​ការ​ធ្វើ​កូដកម្ម​ជា​ទូទៅ​មួយ​ដើម្បី​បង្កើន​ការ​គាបសង្កត់​លើ​អាជ្ញាធរ​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។

ចំណែក​ការ​ហោះហើរ​របស់​យន្តហោះ​ជាង​១០០​ជើង​ត្រូវ​លុប​ចោល នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ហុងកុង ជា​ព្រ​លាន​យន្តហោះ​ដ៏​សកម្ម​បំផុត​មួយ ខណៈ​អាជ្ញាធរ​ខាង​ដឹក​ជញ្ជូន​តាម​អាកាស​បាន​ប្រាប់​ទៅ​កាន់​បណ្ដា​អ្នកដំណើរ​ពី​លទ្ធភាព​នៃ​ការ​រាំង​ខ្ទប់​។

ចំណែក​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង លោកស្រី​CARRIE LAM​បាន​ចេញពី​ភាព​ស្ងៀមស្ងាត់​ដោយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បាន​ចោទប្រកាន់​ពួក​អ្នក​តវ៉ា​ថា ប៉ុនប៉ង​បំផ្លាញ​ជីវិត​របស់​ពលរដ្ឋ​ហុងកុង​។ ពួក​បាតុករ​បាន​ផ្គើន​ចិន​ដោយ​មួយ​ចំនួន​យក​ទង់ជាតិ​ចិន​ទៅ​ជ្រមុជ​ទឹក ហើយ​ខ្លះ​រហូត​ដល់​ស្រែក​ទាមទារ​ឲ្យ​មានការ​រំដោះ​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ