ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​ប្រវត្តិ​ភូមិ​ និង​សង្កាត់​ «​ប្រទះ​ឡា​ង​»​ប្រាកដ​​ជក់ចិត្ត​ដិតអារម្មណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ប្រទះ​ឡា​ង​» គឺជា​ឈ្មោះ​របស់​ភូមិ​ប្រទះ​ឡា​ង និង​សង្កាត់​ប្រទះ​ឡា​ង ដែល​អ្នកស្រុក​បាន​ដាក់​ឬ​ហៅ​ទៅ​តាម​សាវតា​នៃ​សាច់​រឿងព្រេង​និទាន​ដែល​មាន​ពាក់ព័ន្ធ​ទៅ​សកម្មភាព​ផ្សេង ឬ​ព្រះរាជ​ដំណើរ​យាង​ឆ្លងកាត់ ពី​តំបន់​មួយ​​ទៅ​តំបន់​របស់​អង្គ​ព្រះមហាក្សត្រ​នា​សម័យ​បុរាណកាល ។ សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រាកដជា​ធ្លាប់​ស្គាល់​និង​ធ្លាប់​ឮ​ពី​ឈ្មោះ​ភូមិ​និង​សង្កាត់​ខាង​លើ​នេះ…

រាជធានី​ភ្នំពេញ ៖ «​ប្រទះ​ឡា​ង​» គឺជា​ឈ្មោះ​របស់​ភូមិ​ប្រទះ​ឡា​ង និង​សង្កាត់​ប្រទះ​ឡា​ង ដែល​អ្នកស្រុក​បាន​ដាក់​ឬ​ហៅ​ទៅ​តាម​សាវតា​នៃ​សាច់​រឿងព្រេង​និទាន​ដែល​មាន​ពាក់ព័ន្ធ​ទៅ​សកម្មភាព​ផ្សេង ឬ​ព្រះរាជ​ដំណើរ​យាង​ឆ្លងកាត់ ពី​តំបន់​មួយ​​ទៅ​តំបន់​របស់​អង្គ​ព្រះមហាក្សត្រ​នា​សម័យ​បុរាណកាល ។

សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រាកដជា​ធ្លាប់​ស្គាល់​និង​ធ្លាប់​ឮ​ពី​ឈ្មោះ​ភូមិ​និង​សង្កាត់​ខាង​លើ​នេះ ជាក់​ជា​មិន​ខាន​ឡើយ ។ ប៉ុន្តែ​អ្នក​ភាគច្រើន​ប្រហែលជា​មិន​បានដឹង​ថា តើ​ហេតុ​អ្វី​បានជា​ភូមិ និង​សង្កាត់​នោះ​មានឈ្មោះ​«​ប្រទះ​ឡា​ង​»​បែប​នេះ ? ហើយ​ឈ្មោះ​នេះ​មាន​ជាប់​ទាក់ទង​ទៅ​និង​ដំណើររឿង​អ្វី​ដែរ ? មិន​ថា​តែ​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ឬ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែ​ម្ដងនោះ​ទេ សូ​ម្បី​តែ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ និង​សង្កាត់​ប្រទះ​ឡា​ង​នេះ​ដោយ​ផ្ទាល់​ក៏​មិនសូវ​បានដឹង​ច្បាស់​ថា​ភូមិ​សង្កាត់​ដែល​គាត់​កំពុង​តែ​រស់នៅ​នោះ​មាន​ប្រវត្តិ​និង​សាវតា​បែប​ណា​ផង ។

ដោយសារ​តែ​មជ្ឈដ្ឋាន​ជា​ច្រើន​ធ្លាប់តែ​ឮឈ្មោះ តែ​មិន​បានដឹង​ពី​ប្រភព​នៃ​ការ​ដាក់​ឈ្មោះ​នេះ ទើប​កោះ​សន្តិ​ភាព​បាន​ព្យាយាម​ធ្វើការ​ស្រាវ​តាម​រយៈ​អ្នក​ភូមិ​ខាងលើ​នេះ​ដើម្បី​ចង់​ដឹង​ពី​ប្រវត្តិ​រឿង​។ ប៉ុន្តែ​ជា​ច្រើន​ថ្ងៃ​នៅ​តែ​មិន​អាច​លាតត្រដាង​តាម​រយៈ​អ្នក​ភូមិ​នេះ​បាន​ឡើយ សូ​ម្បី​តែ​លោកតា​លោកយាយ ដែល​ជា​ចាស់​ព្រឹទ្ធាចារ្យ មាន​ជន្មាយុ​រហូត​ដល់​ជាង​៨០​ឆ្នាំទៅ​ហើយ​ក្ដី ក៏​ពួក​គាត់​មិន​បាន​ដឹងផង​គឺ​ដឹង​ត្រឹមតែ ពាក្យ​នេះ​កាលពីមុន​ហៅ​ថា «​ប្រទះ​នាង​» លុះ​ក្រោយមក​ក្លាយទៅជា «​ប្រទះ​ឡា​ង​» វិញ​រហូត​ដល់​សព្វ​ថ្ងៃនេះ​តែ​ប៉ុណ្ណោះ ។

បើ​យោង​តាម​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​របស់ (​ក្រុម​ប្រជុំ​ទំនៀម​ទន្លាប់​ខ្មែរ​) ឈ្មោះ​ភូមិ​និង​សង្កាត់​ប្រទះ​ឡា​ង នេះ​ពុំ​មែន​ចេះ​តែ​ដាក់​ឬ​ហៅ​តាម​ចិត្ត​នឹកឃើញ​នោះ​ទេ ។ តាម​ពិត​ទៅ​គឺ​មាន​ជាប់​ទាក់ទង​ទៅ​ក្នុង​សាច់​រឿងព្រេង​និទាន​ពី​«​ក្រុង​ឧ​ដ​ង្គ​» ដែល​សព្វ​ថ្ងៃនេះ​ហៅ​ថា​«​ភ្នំ​ឧដុង្គ​ឬ​ភ្នំ​អដ្ឋារស្ស​» នៅ​ត្រង់​វគ្គ​ប្រវត្តិ​រឿង «​តា​ដុ​ង យាយ​ជ័យ​» ដែល​កាលពី​អ​តី​កាល​ក្រុង​ឧដុង្គ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​បច្ចុប្បន្ន​កាល​បាន​ស្ថិត​នៅ​ក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល ។ តែ​នៅ​ក្នុង​សៀវភៅ​នោះ​ពុំ​បាន​បញ្ជាក់​អំពី​ពុទ្ធ​សករាជ ឬ​គ្រឹ​ស្ដ​សករាជ​ប៉ុន្មាន​នោះ​ឡើយ ។

ពេល​នេះ​កោះសន្តិភាព​សូម​ដកស្រង់​យក​ប្រវត្តិ​រឿង​«​ក្រុង​ឧ​ដ​ង្គ​» ត្រង់​វគ្គ​ប្រវត្តិ​រឿង «​តា​ដុ​ង យាយ​ជ័យ​» ចេញពី​សៀវភៅ​រឿង​ប្រជុំ​ព្រេង​ខ្មែរ​ភាគ​ទី​៥ របស់​ក្រុម​«​ប្រជុំ​ទំនៀម​ទន្លាប់​ខ្មែរ​» ត្រង់​ទំព័រ​ទី​២៩​ដល់​ទំព័រ​ទី​៤៣ ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថាន​បោះពុម្ព​និង​ចែក​ផ្សាយ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​ពុទ្ធសករាជ​២៥៤៧ ត្រូវ​និង​គ្រឹ​ស្ត​សករាជ​២០០៣ មក​ផ្សាយ​ជូន​ដល់​ប្រិ​យ​មិត្ត និង​មិត្ត​អ្នក​អាន​ទាំងអស់ បានដឹង​ពី​សាវតា​នៃ​ឈ្មោះ​ភូមិ​«​ប្រទះ​ឡា​ង​»​សង្កាត់​ប្រទះ​ឡា​ង ដែល​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ប្រវត្តិ​នៃ​រឿង​មាន​យ៉ាង​ដូច្នេះ​៖ មានរឿង​ដំណាល​មក​ថា មាន​ព្រះមហាក្សត្រ​១​ព្រះ​អង្គ​សោយរាជ្យ​នៅ​នគរ​ខ្មែរ បាន​នាំ​ព្រះ​អគ្គមហេសី​ដែល​ទ្រង់​ព្រះ​គ​ត៌​យាង​ទៅ​ក្រសាល​ព្រៃ ។ លុះ​ពេល​យាង​ទៅ​ដល់​ក្នុង​ព្រៃ​មួយ ព្រះ​អគ្គមហេសី​ទ្រង់​ប្រឈួន​ព្រះ​ឧទរ ។ តែ​ខណៈនោះ​ព្រះ​នាង​ទ្រង់​ពុំ​បាន​ជ្រាប​ថា ការ​ប្រឈួន​នោះ​គឺ​បម្រុង​​និង​ប្រ​សូត្រ​រាជបុត្រ​ឡើយ ។ ពេល​នោះ​ព្រះ​នាង​បាន​នាំ​ព្រះ​ស្វាមី​យាង​ចូល​ព្រៃ​ជ្រៅ​ឆ្ងាយ​ពី​ពល​រេ​ហ៍​ទាំងពួង​ដែល​ហែហម​អមដំណើរ ។​

មិនយូរ​ប៉ុន្មាន​ស្រាប់តែ​ប្រ​សូត្រ​ព្រះរាជបុត្រ​មក​ជា​«​ពង​ធំ​មួយ​» បន្ទាប់​​ពី​ទត​ឃើញ​បែប​នេះ​ព្រះ​អគ្គ​មហេសី​​និង​ព្រះរាជា​បាន នឹក​ខ្មាស​អស់​អាណាប្រជានុរាស្ត្រ​និង​ពល​រេ​ហ៍ ទ្រង់​ក៏​បាន​កាយ​ដី​កប់​ពង​នោះ​ទុក​ចោល​ក្នុង​ព្រៃ ទាំង​មិន​សប្បាយ​ព្រះ​ទ័យ​សោះឡើយ ។ ដោយ​ព្រះ​អង្គ​ទ្រង់​បាន​នឹក​ស្ដាយ​ព្រះរាជបុត្រ​ដែល​ប្រ​សូត្រ​មក​ជា​ពង​បែប​នេះ ព្រោះ​ទ្រង់​តែង​សង្ឃឹម​ក្នុង​ព្រះ​ទ័យ​ថា បើ​ប្រ​សូត្រ​មក​បានជា​កូន​មនុស្ស​នឹង​បាន​សោយរាជ្យ​តំណរ​ព្រះរាជ​វង្ស​ពី​ព្រះ​អង្គ​តទៅ ព្រោះ​ព្រះ​អង្គ​គ្មាន​ព្រះរាជបុត្រ​សោះ ។ បន្ទាប់​មក​ទ្រង់​បាន​នាំ​ព្រះ​អគ្គមហេសី​ចូល​ព្រះ​មហានគរ​វិញ ។

ថ្លែង​ពី​ព្រានព្រៃ​ម្នាក់ ឈ្មោះ វិ​ង ដែល​ជា​ព្រាន​របស់​ព្រះរាជា ថ្ងៃមួយ​ព្រាន​វិ​ង​បាន​ចេញ​ទៅ​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ​ដោយ​បាន​បណ្ដើរ​ឆ្កែ​១​ក្បាល​ទៅ​ជាមួយ​ផង ។ លុះ​ពេល​ទៅ​ដល់​ក្នុង​ព្រៃ​ដែល​ព្រះរាជា​និង​ព្រះ​អគ្គ​មហេសី​យាង​ទៅ​ក្រសាល​និង​ជាទី​កន្លែង​កប់​ពង​ដែល​ប្រ​សូត្រ​ចេញពី​ឧទរ​ព្រះ​អគ្គមហេសី​នោះ ។ ឆ្កែ​បាន​ព្រូស និង​កាយ​ដី​រហូត​ឃើញ​ពង​ធំ​ចម្លែក​អស្ចារ្យ​ប៉ុន្តែ​គាត់​ពុំ​បានដឹង​ថា​ជា​ពង​ដែល​ព្រះរាជា​កប់​នោះ​ឡើយ ។ ខណៈនោះ​ព្រាន​វិ​ង​ក៏​បាន​រើស​យក​ពង​នេះ​ទៅ​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​បាន​ថែរក្សា​ទុក​ភ្ញាស់​មើល​ថែម​ទៀត​ផង ។ លុះ​គ្រប់​ថ្ងៃខែ​ស្រាប់តែ​ពង​នោះ​ញាស់​ចេញ​មក​ជា​កូន​មនុស្ស​ភេទ​ប្រុស ។

ចំណែក​ព្រាន​វី​ង​កាលបើ​ឃើញ​ហេតុ​ដ៏​ចម្លែក​អស្ចារ្យ​យ៉ាងនេះ ក៏​បាន​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​រហូត​ដល់​ធំ និង​បាន​ដាក់​ឈ្មោះ​ថា​«​ចៅ​ប្រមាញ់​វិងស៊ុង​» ។ លុះ​ចម្រើន​វ័យ​ឡើង​ចៅ​ប្រមាញ់​វិងស៊ុង​នេះ​មាន រូបឆោម​លោម​ពណ៌​ល្អឆើត​ឆាយ លើសលប់​បុរស​ទាំងពួង និង​បាន​ហាត់​ថ្នឹក​ខាង​ដើរ​បរបាញ់​សត្វ​ជាមួយ​ព្រាន​វិ​ង​ជា​ឪពុក ហើយ​អ្នកស្រុក​ភូមិ​បាន​ស្គាល់​ថា​ចៅ​ប្រមាញ់​វិងស៊ុង គឺជា​កូនប្រុស​ព្រាន​វិ​ង​គ្រប់​ៗ​គ្នា​ទៀត​ផង ។

ស្លេះ​រឿង​ព្រាន​វិ​ង សូម​និទាន​ពី​តា​ដុ​ង យាយ​ជ័យ ។ តា​យាយ​នេះ​គាត់​មានកូន​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​«​ត្រចើល​ដោះ​ក្រាល​»​នាង​មាន​រូបឆោម​លោម​ពណ៌​ល្អ ស្រស់​លើ​នារី​ទាំងពួង ដំណើរ​ល្វតល្វន់​សម​ឫក ហាក់ដូចជា​ស្រី​ទេពអប្សរ​បវរកញ្ញា ។ ចំណែក​តា​ដុ​ង យាយ​ជ័យ បាន​សង់ផ្ទះ​នៅ​លើ​ដី​ទួល​មួយ​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ​ការពារ​កុំ​ឲ្យ​បុរស​ៗ​ចូល​ដល់​លំនៅ​ឋាន​គាត់ ហើយ​ទី​ដែល​តា​ដុ​ង​យាយ​ជ័យ​សង់ផ្ទះ​នោះ​នៅ​មាន​ដំណែល​មក​ដល់​សព្វថ្ងៃ ស្ថិត​នៅ​មុខ​ខ្លោងទ្វារ​ចូលរ​វត្ត​ទេពប្រណម្យ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥​ចម្ងាយ​៥០​ម៉ែត្រ ក្នុង​ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។

​ពួក​គាត់​ក៏​មាន​ប្អូនស្រី​ម្នាក់​ទៀត​ឈ្មោះ នាង ទែន រស់នៅ​ក្នុងភូមិ​ស្រែ​ននោង ក្នុង​ខេត្តតាកែវ​ផង​ដែរ ។ ពួក​គាត់​តែងតែ​នាំ​នាង​ត្រចើល​ដោះ​ក្រាល​ជា​កូន​ទៅ​លេង​ផ្ទះ​នាង​ទែន​ជា​ញឹក​ញ​ប់ ។ ថ្ងៃមួយ​ពេល​ដែល​តា​និង​យាយ នាំ​កូនស្រី​ទៅ​ផ្ទះ​នាង​ទែន ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ជួប​ព្រាន​វិ​ង​កំពុង​នាំ​ចៅ​ប្រមាញ់​វិងស៊ុង ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ ។ ដោយសារ​ពួក​គាត់​បាន​ស្គាល់គ្នា​ពី​មុន​មក​ផង​ក៏​បាន​សាកសួរ​សុខទុក្ខ​និង​រាក់ទាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ចំណែក​ចៅ​ប្រមាញ់​វិ​ង ស៊ុ​ង និង​នាង​ត្រចើល​ដោះ​ក្រាល កាលបើ​បានឃើញ​គ្នា​ហើយ ចេះ​តែ​គយគន់​មើល​គ្នា​ទៅ​វិញ​ទៅ​មក ។

មិនយូរ​ប៉ុន្មាន​ក៏​បាន​ចាប់ចិត្ត​ស្រឡាញ់​គ្នា​នា​គ្រានោះ​តែ​ម្ដង ។ រីឯ​តា​ដុ​ង​យាយ​ជ័យ​ក៏​ចេះ​តែ​គយគន់​មើល​ចៅ​ប្រមាញ់​វិងស៊ុង​មិន​ដាក់​ភ្នែក​ដែរ ព្រោះតែ​ឃើញ​មាន​រូបល្អ ហើយ​ពួក​គាត់​ក៏​នឹក​ក្នុង​ចិត្ត​ថា​«​បើ​បានជា​គូ​ស្វាមីភរិយា​កូនស្រី​គាត់​ស័ក្ដិសម​គ្នា​ណាស់​» ។ បន្ទាប់​មក​ពួក​គាត់​បាន​សួរ​ទៅ​ព្រាន​វិ​ង​ថា «​តើ​អ្នក​ក​ម្លោះ​នោះ​ត្រូវជា​អ្វី​និង​លោក ? ព្រាន​វិ​ង​ឆ្លើយ​ថា​«​កូន​» ដោយ​ពេញចិត្ត​និង​រូបល្អ​ស្រស់​ចៅ​ប្រមាញ់​វិងស៊ុង តា​និង​យាយ​ក៏​ទុក​ឱកាស​ឲ្យ​គូ​ស្នេហា​ទាំង​២​នោះ​និយាយ​ឆ្លើ​ង​ឆ្លង​គ្នា​បាន​តាម​ចិត្ត ។ លុះ​ចប់​ការ​សន្ទនា​និង​គ្នា​ហើយ ទើប​លា​បែក​គ្នា​ដោយ​អ្នក​ទាំង​២ បាន​ពាំនាំ​យក​ទាំង​សេចក្ដី​ស្នេហា​ជាប់​ខ្លួន​រៀង​ៗ​ខ្លួន​ទៅ​ជា​មួយ​ផង ។

ក្រោយមក​ដោយ​ដឹង​ថា​នាង​ត្រចើល​ដោះ​ក្រាល​ឧស្សាហ៍​ទៅ​លេង​ផ្ទះ​ម្ដាយមីង​ឈ្មោះ​នាង​ទែន​ជា​ញឹក​ញាប់​​នោះ ចៅ​ប្រមាញ់​វិ​ង ស៊ុ​ង ក៏​បាន​ស្កាត់​ទៅ​ជួប និង​នាង​ដល់​ផ្ទះ​នាង​ទែន​ជា​ញឹកញាប់​ដែរ​។​លុះ​យូរ​ទៅ​សេចក្ដី​ស្នេហា ក៏​កាន់តែ​រីក​ដុះដាល​ធំ​ឡើង​ៗ​តែ​រាល់ថ្ងៃ ហើយដោយ​ហេតុ​តា​ដុ​ង យាយ​ជ័យ​ពុំ​បាន​ជូន​ទៅ​លេង​ផ្ទះ​នាង​ទែន​ញឹក​ញ​ប់​ដូច​កាល​មុន​ៗ ព្រោះ​គាត់​មានការ​រវល់​ច្រើន នាង​ត្រចើល​ដោះ​ក្រាល​ក៏​លប​លួចរ​ត់ទៅ​ផ្ទះ​នាង​ទែន​ម្នាក់ឯង ។

ថ្លែង​ពី​ព្រះរាជា​ដែល​គង់​សំចត​នៅ​ព្រះ​ពន្លា​លង្វែក​ព្រះ​អង្គ​ឡើង​គង់​លើ​អស្សពាហ៍ មាន​សេនា​៤​នាក់ ដង្ហែ​ព្រះ​អង្គ​ទៅ​ផង លុះ​ចូល​ដល់​ព្រៃ​ជ្រៅ​ស្រាប់តែ​ប្រទះ​ឃើញ​នាង​ត្រចើល​ដោះ​ក្រាល​កំពុង​ដើរ​ម្នាក់ឯង ។ នៅ​ត្រង់​ព្រៃ​ដែល​ស្ដេច​ប្រទះ​ឃើញ​ត្រចើល​ដោះ​ក្រាល​នេះ​ហើយ ដែល​អ្នកស្រុក​ហៅ​ថា​«​ព្រៃ​ប្រទះ​នាង​» ។ លុះ​ក្រោយមក​បាន​ហៅ​ក្លាយទៅជា​«​ព្រៃ​ប្រទះ​ឡា​ង​» ហើយ​បច្ចុប្បន្ន​ទីនោះ​មិន​មានព្រៃ​ទៀត​នោះ​ទេ គឺ​មាន​តែ​វាលស្រែ ភូមិ​និង​សង្កាត់​ដែល​មាន​អ្នកស្រុក​រស់នៅ​ច្រើន គឺ​ឈ្មោះ​ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង នេះឯង​) ។

ដោយឡែក​ព្រះរាជា​ក្រោយ​ពី​ព្រះ​អង្គ​ទ្រង់​ទត ឃើញ​នាង​ត្រចើល​ដោះ​ក្រាល​មាន រូបឆោម​លោម​ពណ៌​ល្អ​ដូច​ទេពធីតា ទ្រង់​ក៏​លោត​ចុះ​ពីលើ​ខ្នង​សេះ យាង​សំដៅ​ទៅ​រក​រូប​នាង បន្ទាប់​មក​ទ្រង់​លួងលោម​ដោយ​សេចក្ដី​ស្នេហា​។​ពេល​នោះ​នាង​ត្រ​ចើ​លោះ​ក្រាល មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​និង​មិន​ហ៊ាន​ឆ្លើយ​អ្វី​តប ទៅ​ព្រះរាជា​វិញ​ទេ នាង​បាន​រត់​ត្រឡប់​ក្រោយ​វិញ ហើយ​ព្រះរាជា​និង​សេនា​៤​នាក់​ក៏​បាន​រត់​ដេញ​តាម​ពី​ក្រោយ ខណៈនោះ​ដោយសារ​តែ​ជា​ស្រី​កម្លាំង​ខ្សោយ​និង​រត់​តាម​ផ្លូវ​ឆ្ងាយ​ផង បាន​ប្រទះ​ឃើញ​ដំបូក​មួយ​ក្នុង​ព្រៃ ។ ពេល​នោះ​នាង​ត្រចើល​ដោះ​ក្រាល​ក៏​បាន​លើកដៃ​សំពះ​បួងសួង​ថា «​បើ​ខ្លួន​នាង​ខ្ញុំ​ពិតជា​គូ​និង ចៅ​ប្រមាញ់​វិងស៊ុង សូម​ឲ្យ​ខ្ញុំ​ចូល​ពួន​លាក់ខ្លួន​ក្នុង​ដំបូក​នោះ​ឲ្យ​បាត់​» ។ លុះ​បួងសួង​រួច​នាង​បាន​រត់​ចូល​ទៅ​ពួន​លាក់ខ្លួន​នៅ​និង​ដំបូក​នោះ​ហើយ​ក៏​បាន​បាត់​តាម​ប្រាថ្នា​ដោយ​ព្រះរាជា និង​សេនា​ទាំង​៤​នាក់​នោះ រក​នាង​មិនឃើញ​ឡើយ ។

ចំពោះ​រឿង​តា​ដុ​ង​យាយ​ជ័យ​នេះ​នៅ​មាន​វែង​តទៅ​ទៀត ហើយ​ក៏​មាន​ប្រវត្តិ​ឈ្មោះ​តំបន់ និង​ភូមិ ឃុំ សង្កាត់ ជា​ច្រើន​ទៀត​នៅ​ក្នុង​សាច់​រឿង​នោះ​ផង​ដែរ ប៉ុន្តែ​កោះសន្តិភាព សូម​ស្លេះ​និង​សង្ខេប​តែត្រឹម​ប្រវត្តិ​ឈ្មោះ​ភូមិ​និង​សង្កាត់​ប្រទះ​ឡា​ង​នេះ​ប៉ុណ្ណោះ ដើម្បី​ចែក​ជូន​ដល់​ប្រិ​យ​មិត្ត និង​មិត្ត​អ្នក​អាន​សារព័ត៌មាន​កោះសន្តិភាព​ទាំងអស់​បានដឹង ។ ព្រោះ​សង្គម​ខ្មែរ​យើង​ពោរពេញ​ទៅ​ដោយ​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌​និង​កេរតំណែល​ច្រើន​រាប់​មិន​អស់​ឡើយ​ហើយ​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត​ជា​ច្រើន​គឺ​ជាប់​ពាក់​ក់​ព័ន្ធ​ទៅ​និង​ដំណើររឿង​ព្រេង​និង​ប្រវត្តិ​ស្ត្រ​នានា ។

ដោយឡែក​ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡាយ គឺ​ចេញពី​រឿង​តា​ដុ​ង យាយ​ជ័យ​នោះ​ឯង ហើយ​សព្វថ្ងៃ​ភូមិ និង​សង្កាត់​ប្រទះ​ឡា​ង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ។ តាម​ការ​ប៉ាន់ស្មាន​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ បើ​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ទៅ​ដល់​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ត្រូវ​បន្ត​ដំណើរ​ទៅ​តាម​ផ្លូវជាតិ​លេខ​៣​រហូត​ទៅ​ដល់​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ លោក​អ្នក​បត់​ស្ដាំ​ចូល​តាម​ផ្លូវ​វត្ត​ស្លែង​-​បែក​ចាន ប្រហែល​២​គីឡូម៉ែត្រ​និង​ទៅ​ដល់​ភូមិ និង​សង្កាត់​ប្រទះ​ឡា​ង​នេះ ហើយ ។

ម្យ៉ាងទៀត​កាល​ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩ ភូមិ​និង​សង្កាត់​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត កណ្ដាល ។ លុះ​ក្រោយមក​ត្រូវ​បាន​រាជរដ្ឋាភិបាល​កាត់​បញ្ចូល​ក្រោម​ការ​គ្រប់គ្រង​របស់​រាជធានី​ភ្នំពេញ​វិញ​រហូត​ដល់​សព្វថ្ងៃ ។

លោកនាយ​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង​បាន​ប្រាប់​ថា បច្ចុប្បន្ន នៅ​ទូ​ទាំង​សង្កាត់​ប្រទះ​ឡា​ង​មាន​ប្រជាជន​ទាំង​ចាស់​និង​ក្មេង​សរុប​ចំនួន​១,១៣៨​គ្រួសារ មនុស្ស​សរុប​ចំនួន​៥,០៦៦​នាក់​ក្នុង​នោះ​ប្រុស​ចំនួន​២,៥៣៦​នាក់ ហើយ​អ្នក​ដែល​មាន​អាយុ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​៣,៨០៥ នាក់​ប្រុស​ចំនួន​១,៧៥៩​នាក់​។​ពួក​គាត់​ទាំងនោះ ប្រកបការងារ​ជា​កសិករ កម្មករ អាជីវករ និង​មន្ត្រីរាជការ​មួយ​ចំនួន​ផង​ដែរ ចំណែក​ឈ្មោះ​ភូមិ​និង​សង្កាត់​នេះ មាន​ប្រវត្តិ​ណែងណង​បែប​ណា​នោះ លោក​មិន​បានដឹង​ទេ ព្រោះ​លោក​គឺជា​អ្នក​រស់នៅ​ស្រុក​ផ្សេង​និង​ទើបតែ​ទៅ​រស់នៅ​ទីនោះ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ