ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែក​បដិមា​១០០០០​បំណែក​ត្រូវ​បាន​ចាប់ផ្តើម​ផ្គុំ​រូបរាង​ឡើង​វិញ​!

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បដិមា​ព្រះ​សិវៈ​រាំ កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ ព្រះ​ភក្ត្រ​៥ ព្រះ​ហ​ស្ថ​១០ មាន​ប្រភព​មក​ពី​ប្រាសាទក្រហម នៅ​កោះ​កេរ នា​ស​.​វ​ទី​១០…

ខេត្តសៀមរាប ៖ បដិមា​ព្រះ​សិវៈ​រាំ កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ ព្រះ​ភក្ត្រ​៥ ព្រះ​ហ​ស្ថ​១០ មាន​ប្រភព​មក​ពី​ប្រាសាទក្រហម នៅ​កោះ​កេរ នា​ស​.​វ​ទី​១០ នៃ​គ​.​ស ស្ថិត​ក្នុង​សភាព​បាក់បែក​ចំនួន​១០០០០​បំណែក បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ អាជ្ញាធរ​ជាតិ​អប្សរា សារៈមន្ទីរ​ជាតិ​ភ្នំពេញ និង​សាលា​បារាំង​ចុង​បូព៌ា​ធ្វើការ​ជួសជុល​ផ្គុំ​រូបរាង​ឡើង​វិញ​តាម​ទម្រង់​ដើម ។

ភាព​ខ្ទេចខ្ទាំ​រាង​កាយ​រាប់​ម៉ឺន​បំណែក​នៃ​ទេព​អង្គ​នេះ​បណ្តាល​មក​ពី​កត្តា​ធម្មជាតិ​នៃ​អាយុកាល ភាព​វឹកវរ​នៃ​សង្គ្រាមស៊ីវិល និង​ពួក​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​ឆ្លៀតឱកាស​ស្រុក​ទេស​គ្មាន​សុខ​សន្តិភាព​ក៏​បាន​អារកាត់​ព្រះ​សិរ​យក​ទៅ​ជួញដូរ ហើយ​វាយ​បំបែក​រូបរាង​កាយ​ដែល​ពុក​ផុយ​ឱ្យ​បែក​ខ្ទេច គួរ​ឱ្យ​សង្វេគ​បុរាណវត្ថុ​ដ៏​ធំ​នេះ​ក្រៃ ។

ទាក់ទង​នឹង​ការ​ប្រមូល​បំណែក​នៃ​ព្រះ​សិវៈ​រាំ​មក​ធ្វើការ​អភិរក្ស​ឡើង​វិញ​គឺ​នៅ​ឆ្នាំ​២០១២​សាលា បារាំង ចុង​បូព៌ា បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​រួម​គ្នា​ដើម្បី​ប្រមូល​នូវ​បំណែក​នៃ​ព្រះ​សិវៈ​រាំ​ដែល​សេសសល់​ពី​ការ​បំផ្លាញ​ទាំង​ក្នុង​ដី​ខ្លះ និង​គរ​លើ​ដី​លាយឡំ​នឹង​បំណែក​ឥដ្ឋ​ខ្លះ មក​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ក៏​ប៉ុន្តែ​ដោយសារ​នៅ​ទីនោះ​មានការ​លំបាក​ក្នុង​ការ​ជួសជុល ក៏​បាន​ផ្ទេរ​មក​អភិរក្ស​ដ្ឋា​ន​អង្គរ​វិញ ។ ក្នុង​ការ​ជួសជុល​នេះ​ក៏​បាន​យក​បំណែ​កដៃ​ចំនួន​៥ និង​ព្រះ​ភក្ត្រ​ចំនួន​ពីរ​មក​ពី​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដែល​បារាំង​បាន​យក​ទៅ​រក្សា​ទុក​នៅ​ឆ្នាំ​១៩៦០ ដើម្បី​ផ្គុំ​ឱ្យ​ចេញ​រូបរាង​ដើម​វិញ ។

ចំពោះ​ដំណើរការ​ជួសជុល​លោក ឆាន់ ចំរើន អនុប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ការ​ជួល​ជុល និង​ផ្គុំ​បំណែក​បដិមា​ព្រះ​សិវៈ​រាំ​បាន​ដំណើរការ​ជាង​២​ខែ​មក​ហើយ ដោយ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ខ្មែរ​មក​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​ជាតិ​ភ្នំពេញ ។

ជា​លទ្ធផល យើង​ផ្គុំ​បាន​ផ្នែក​ទ្រូង​ការ​ព្យាបាល​ពង្រឹង​ថ្ម​ដែល​ពុក​ផុយ​ខ្លះ រួម​ទាំង​ផ្នែក​ផ្សេង​ៗ​ទៀត ។ ក្នុង​នោះ​ដែរ​ក៏​ជា​ការ​សោកស្តាយ​ដែល​ព្រះ​ភក្ត្រ​ចំនួន​បី​ត្រូវ​បាន​បាត់បង់ ហើយ​ក្រុមការងារ​ក៏​កំពុង​ពិចារណា​ថា គួរ​បំពេញបន្ថែម និង​ប្រើ​ថ្ម​ថ្មី​ក្នុង​កម្រិត​ណា​ក្នុង​ការ​បំពេញ​នៅ កន្លែង​បាត់បង់​ផ្នែក​ផ្សេង​ទៀត ។

លោក ចំរើន បន្ត​ទៀត​ថា ក្នុង​ការ​អនុវត្ត​ការងារ​យើង​មិន​ទាន់​ហ៊ាន​កំណត់​ពី​វេលា​សម្រេច​ទេ ព្រោះ​មានការ​លំបាក​ខ្លាំង​ដោយសារ​បំណែក​រូប​មាន​ដល់​ទៅ​មួយ​ម៉ឺន​ដុំ​ទាំង​តូច​ធំ​ដែល​បំណែក​ខ្លះ​តូច​ពិបាក​ក្នុង​ការ​ផ្គុំ ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការ​យក​ថ្ម​មក​ភ្ជាប់​ឱ្យ​ត្រូវ​គ្នា​កន្លែង​ខ្លះ​មាន​ស្នាម​មុខ​ដាប់​ច្រើន​ឯ​ថ្ម​ខ្លះ​ទ្រុឌទ្រោម​ខ្លាំង​ត្រូវការ​ព្យាបាល និង​ពង្រឹង ។ ចំពោះ​ការ​ផ្គុំ​ឱ្យ​ចេញ​ជា​រូបរាង​គឺ​ផ្គុំ​ពី​សាច់​ក្នុង​មក​ក្រៅ​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​អត់ធ្មត់​ពេលវេលា​ការ​ស្រឡាញ់​ទើប​អាច​ធ្វើ​បាន​សម្រេច ។

អ្នកជំនាញ​រូប​នេះ​បាន​ប្តេជ្ញា​ថា មិន​ថា​មានការ​លំបាក​យ៉ាងណា​នោះ​ទេ​ក៏​នឹង​បំពេញ​កិច្ចការ​នេះ​ឱ្យ​បាន​សម្រេច និង​សំណូមពរ​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​រួម​គ្នា​ថែរក្សា​ការពារ​ស្វែង​យល់​ពី​រតនៈវត្ថុ​របស់​យើង​ដោយ​មិន​ពឹង​តែ​លើ​អ្នកជំនាញ​តែ​មួយ​មុខ ។ ចំពោះ​ការ​ប្រឹងប្រែង​ផ្គុំ​រូប​សិវៈ​ទោល​ធំ ក្នុង​សភាព​បែក​ខ្ទេច​ដូច្នេះ​ក៏​ព្រោះ​ចង់​រក្សា​អ្វី​ជា​បុរាណ ទាំង​ស្នាដៃ និង​បច្ចេកទេស​ធ្វើ​របស់​ដូនតា​ខ្មែរ​តាំងពី​ស​.​វ​.​ទី​១០ ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ឱ្យ​កូនចៅ​អ្នក​ស្រាវ ជ្រាវ​ជំនាន់​ក្រោយ​បានឃើញ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ