ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លើករណី​បទល្មើស​ព្រៃឈើ…២០នាក់ឱ្យបង្ហាញខ្លួន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដីកាកោះ ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​២០​នាក់ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​អំឡុង​ខែសីហា​នេះ នៅ​សាលាដំបូង​ខេត្ត ។…

ខេត្តមណ្ឌលគិរី ៖ ដីកាកោះ ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស​២០​នាក់ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ នៅ​អំឡុង​ខែសីហា​នេះ នៅ​សាលាដំបូង​ខេត្ត ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ សីហា ។

ដីកា​កោះហៅ​នេះ ​បាន​ចុះហត្ថលេខា​ដោយ លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង ខេត្តមណ្ឌលគិរី ។ អ្នក​ទាំង​២០​នាក់​ដែល​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​បំភ្លឺ បើយោង​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​នេះ​ខ្លះ​មុន​ថ្ងៃ​ទី​២៤ សីហា និង​ខ្លះ​មុន​ថ្ងៃ​ទី​៣០ សីហា ហើយ​ការ​ចូល​បំភ្លឺ​នេះ​មាន​តែ​ប្រធាន​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ក​ឡូ​ធើ​ស ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​និង​ក្រៅពី​នេះ​ឱ្យ​បង្ហាញខ្លួន​នៅ​ទី​បញ្ជា​ការ​​ក​ងរាជអាវុធហត្ថ​ខេត្ត ។ ជន​ទាំង​២០​នាក់​ដែល​បាន​កោះហៅ​នេះ​មាន​៖

១-​ឈ្មោះ ស្រ៊ុ​ន ម៉េ​ង​លាង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន ម៉េ​ង​លាង ។
២-​ឈ្មោះ គង់ វិ​រៈ អាយុ​៤៦​ឆ្នាំ ជានា​យក​ផ្នែក​រដ្ឋបាល​ព្រៃឈើ កោះ​ញែក ។
៣-​ឈ្មោះ តុ​ប វីរ​ដា ភេទ​ប្រុស ជា​ម្ចាស់​ក្រុមហ៊ុន​វិ​ជ្ជ​រី ។ ឈ្មោះ​នេះ​ជា​ឈ្មួញ​ឈើ​ល្បី​ដុះ​ស្លែ​យូរហើយ ។
៤-​ឈ្មោះ យិ​ន ហ្គ័​រ​ហុង ភេទ​ប្រុស ជនជាតិ​ចិន ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន ចាន់ វួ​ច (​ខេ​ម​បូ​ឌា​) ខូ​ល​អិ​ល​ធី​ឌី ។

៥-​ឈ្មោះ វ៉ាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ជា​ម្ចាស់​ហ៊ុន​រោង​សន្និធិ ។
៦-​ឈ្មោះ ឆុ​ន ផាន្និត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។
៧-​ឈ្មោះ ចាង វិ​នតា​វ ជនជាតិ​ចិន ជានា​យក​ក្រុមហ៊ុន យ៉ា​ន​ចាវ (​ខេ​ម​បូ​ឌា​) ។
៨-​ឈ្មោះ ហាន ម៉ា​ប់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។
៩-​ឈ្មោះ សាំង សុ​ខុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​ចាត់ចែង របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ។
១០-​ឈ្មោះ ណេ​ង ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អ្នក​ចាត់ចែង​ប្រមូល​ឈើ របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់។

១១-​ឈ្មោះ Nguyen Thai Son ជា​អគ្គនាយក​ក្រុមហ៊ុន ប៉ា​ស៊ី​ហ្វិ​ក​ឡូ​ធើ​ស ។
១២-​ឈ្មោះ តុ​ប ផា​ន់​ណា ភេទ​ប្រុស ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​វិ​ជ្ជ​រី ។
១៣-​ឈ្មោះ សួន គឹ​ម​ហេង ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​ម្ចាស់​រោង​សន្និធិ ។
១៤-​ឈ្មោះ វន់ ប៊ុ​ន​ថៃ ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៤ ។
១៥-​ឈ្មោះ លឿង ភិ​រុណ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ។
១៦-​ឈ្មោះ PHAM QUOC LONG ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម ជានា​យក​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គ្រេ​ន ។

១៧-​ឈ្មោះ Nguyen Manh Tham ភេទ​ប្រុស អគ្គនាយក​ក្រុមហ៊ុន ប៉ា​ស៊ី​ហ្វិ​ក​ភើ​ល និង​ជា​អគ្គនាយក​ក្រុមហ៊ុន ប៉ា​ស៊ី​ហ្វិ​ក ។
១៨-​ឈ្មោះ ម៉េ​ង គ្រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​មេការ​ឲ្យ​ក្រុមហ៊ុន វិ​ជ្ជ​រី ។
១៩-​ឈ្មោះ ប៊ិ​ញ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ជា​ម្ចាស់​ហ៊ុន​រោង​សន្និធិ (​អ្នក​ផ្តល់​លុយ​ដំណើរការ​រោង​សន្និធិ​) ។
២០-​ឈ្មោះ ឃុន ឈៀង ភេទ​ប្រុស កើត​ឆ្នាំ​១៩៤៣ ។

អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់​ខេត្ត​ពង្រឹង​ការ​រក្សា​ការពារ​វត្ថុ​តាង
ក្រោយ​យុ​ទ្ឋ​នា​ការ​បង្ក្រាប​ការ​កាប់​ឈើ​យ៉ាង​រង្គាល​នៅ​ស្រុក​កោះ​ញែក និង​រឹបអូស​ឈើ​បាន​រាប់​ពាន់​ម៉ែត្រគូប និង​មនុស្ស​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​ព​ន្ឋ​នាគារ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៣ ខែសីហា លោក សុក សេ​រ៉ា នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ត្រួតពិនិត្យ​ឈើ និង​វត្ថុ​តាង​នៅ​តាម​ក្រុមហ៊ុន​នានា ក្នុងស្រុក​កោះ​ញែក ដែល​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចុះ​បង្ក្រាប​កន្លង​មក ។

លោក សុក សេ​រ៉ា បាន​បញ្ជាក់​ថា បន្ទាប់​ពី​ក្រុមការងារ​គណៈកម្មាធិការ​ថ្នាក់​ជាតិ បាន​ចុះ​បង្ក្រាប លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​យកចិត្តទុកដាក់​គិតគូរ និង​រក្សា​ការពារ​ឈើ និង​វត្ថុ​តាង ដែល​រឹបអូស​បាន​នៅ​តាម​ក្រុមហ៊ុន​នានា ជា​ពិសេស បាន​ដាក់​កងកម្លាំង មាន​អាវុធ នគរបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដើម្បី​ការពារ​វត្ថុ​តាង​ទាំងនោះ​ផង​ដែរ ។

សូម​រំ​ឮ​កថា ចាប់ពី​ដើមខែ​កក្កដា ២០១៩ គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំ​អុល និង​មន្ត្រី​ជំនាញ​ព្រៃឈើ​ប្រចាំ​នៅ​ស្រុក​កោះ​ញែក​បី​នាក់ រួម​នឹង​អ្នក​ពាក់ព័ន្ធ​ជាង​១០​នាក់​ទៀត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដើម្បី​ដំណើរការ​សំណុំរឿង​បទល្មើស​បំផ្លាញ​ព្រៃឈើ ។ មនុស្ស​ទាំងអស់​ខាងលើ​នេះ​រកស៊ី​បំផ្លាញ​ព្រៃឈើ ឃុបឃិត​គ្នា​បំផ្លាញ ក្លាយជា​អ្នកមាន ខ្លះ​មាន​សណ្ឋាគារ​ប្រណីត​ៗ​យ៉ាង​សុខសាន្ត ។ លុះដល់​អាជ្ញាធរ​លេង​ធម៌​ក្តៅ​ទើប​ម្នាក់​ៗ​បានដឹង​ខ្លួន ហើយ​មួយ​ជីវិត​ដូច​ពាក្យចាស់​ថា លួច​បាន​វា​គ្រាន់ ដល់​ម្ចាស់​គេ​ទាន់​វា​ក្រែល​អុ​ី​ចឹ​ង​ហើយ ។

មុន​នេះ​អាជ្ញាធរ​ស្រុក​អូរ​រាំង ក្រោម​ការ​បញ្ជា​ពី​គណៈកម្មាធិការ បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ បាន​ដុត​កម្ទេច​ចោល រថយន្ត​ដែល​ជា​មធ្យោបាយ​ដឹក​បទល្មើស​ធនធានធម្មជាតិ ក្រោយ​ការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​៣១ កក្កដា​កន្លង​ទៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​ខេត្តមណ្ឌលគិរី ។

លោក សូ សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ល្មើស ត្រូវ​បាន​សមត្ថកិច្ច​ចាប់ ខណៈ​ពេល​ដឹកឈើ​បេង​ចំនួន​៥៦​ដុំ ដែល​ស្មើ​និង​០,៩៦៧​ម៉ែត្រគូប ។ លោក​ថា រថយន្ត​នេះ​ម៉ាក​កាម​រី​គូទ​ប៉ោង ចង្កូត​ឆ្វេង ពុំ​មាន​ស្លាក​លេខ ហើយ​ម្ចាស់​បាន​រត់គេច​ខ្លួន​ពេល​សមត្ថកិច្ច​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប ។ លោក​មេបញ្ជាការ​បញ្ជាក់​ថា ឈើ​ត្រូវ​ដឹក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូ​រាំង ។

ដោយឡែក ​រថយន្ត​ត្រូវ​យក​ទៅ​ដុត​កម្ទេច​ចោល​កាលពី​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​២ សីហា ។ ក្នុង​ខេត្ត មណ្ឌល គិរី​តាម​សេចក្តី​រាយ​ការ​បឋម​បាន​បង្ហាញ​ថា រថយន្ត​ដឹក​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ​(​ប៉ា​កុង​)​ចំនួន​៣២​គ្រឿង ​ត្រូវ​បាន​ដុត​ចោល​រួចរាល់ ។ ជាមួយ​គ្នា​នោះ រថយន្ត​ធុន​តូច​ក្នុងស្រុក​កែវ​សីមា​ចំនួន​៣​គ្រឿង និង​ស្រុក​អូរ​រាំង​១​គ្រឿង ក៏​ត្រូវ​ដុត​កម្ទេច​ចោល​ដូច​គ្នា​ដែរ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ