ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ដើមខែសីហាមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សចំនួន៦នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយយ៉ែតបានឲ្យដឹងថា នៅវេលាម៉ោង៨និង១១នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ខាងលិចផ្សារតានង ស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់នៅកន្លែង ។
សេចក្តីរាយការណ៍បានបន្ត របាយការណ៍ដដែលបានបញ្ជាក់ថា ជនរងគ្រោះអ្នកបើកបរម៉ូតូមានឈ្មោះ ឆូយ ម៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើតកៀរ បណ្តាលដួលម៉ូតូជនរងគ្រោះបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើត ។
រថយន្តក្រោយពីបង្កហេតុ អ្នកបើកគេចខ្លួនបាត់ស្រមោល ។ ចំពោះសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញធ្វើការវាស់វែង និងត្រួតពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ