ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈនេះ…ជំនន់ទឹក​ភ្លៀងវាយប្រហារ​​ព្រះសីហនុ និងកោះកុង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្ន្ំ​ពេញ ៖ ចាប់ពី​ថ្ងៃ​ទី​៣ ខែសីហា ​រហូត​ដល់​ថ្ងៃ​ទី​៦ ​សីហា ឥទ្ធិពល​ខ្យល់មូសុង​និរតី នឹង​ធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ ពិសេស​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង…

​រាជធានី​ភ្ន្ំ​ពេញ ៖ ចាប់ពី​ថ្ងៃ​ទី​៣ ខែសីហា ​រហូត​ដល់​ថ្ងៃ​ទី​៦ ​សីហា ឥទ្ធិពល​ខ្យល់មូសុង​និរតី នឹង​ធ្វើ​ឲ្យ​តំបន់​មាត់សមុទ្រ ពិសេស​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង អាច​នឹង​រង​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​​​ពិសេស​របស់ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​សៅរ៍​ទី​៣ ខែសីហា ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​បាន​អះអាង​ថា ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ទាំង​២​នេះ​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​នឹង​រង​គ្រោះ ។ កាលពី​ស​ប្តា​ហ៍​មុន នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​មួយ​មេ​ធំ ក៏​ធ្វើ​ឲ្យ​ផ្លូវ ​និង​តំបន់​មួយ​ចំនួន​រង​ការ​ជន់​លិច​ដែរ ។

តាម​ការ​ព្យាករណ៍​បង្ហាញ​ថា រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣ ខែសីហា​ទៅ នឹង​មាន​ភ្លៀង​និងខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ជា​ពិសេស ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ។ ស្ថានភាព​នេះ បណ្តាល​ឱ្យ​មានការ​លិច​លង់​ដល់​ភូមិឋាន​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​ជា​ពិសេស​នោះ​គឺ​អាច​មានការ​លិចលង់​កំណាត់​ផ្លូវជាតិ​លេខ​៤ ។ ជាមួយ​គ្នា​នេះ វា​នាំ​ឱ្យ​ខ្យល់​មាន​ល្បឿនខ្លាំង​ពី​១៥-២០​ម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​រលក​មាន​កម្ពស់​ពី​១-២​ម៉ែត្រ ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ជូនដំណឹង​ជា​ពិសេស​តែ​លើ​ខេត្ត​ព្រះសីហ​នុ និង​ខេត្តកោះកុង​នេះ គឺ​ដោយសារ​តែ​ខេត្តទាំង​២​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រង​គ្រោះ គឺ​នឹង​មានភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឱ្យ​កើតជា​ជំនន់ និង មហន្តរាយ​ផ្សេង​ៗ​ជាង​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃទៀត ។

បើ​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ស្ថានភាព​នេះ​ក៏​អាច​ពាក់ព័ន្ធ​ដល់​អាយុជីវិត​មនុស្ស សត្វថែម​ទៀត​ផង ។ ហេតុ​ដូច្នេះ​ហើយ ក្រសួង​បាន​អំពា​វនា​វ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ត្រៀម​លក្ខណៈ​ទុកជា​មុន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ធម្មជាតិ​នេះ ។

ចំណែក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​លើក​ឡើង​ថា បញ្ហា​ជំនន់​ទឹក ភ្លៀង​នៅ​ក្នុង​ខេត្ត​​ជាប់​សមុទ្រ​នេះ​មិន​ទាន់​ជា​បញ្ហា​ដែល​គួរ​ព្រួយបារម្ភ​ខ្លាំង​នៅឡើយ​ទេ តែ​យ៉ាងណា​ក៏​ដោយ លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អះអាង​ថា ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​ខេត្ត ព្រះ​សីហ​នុ និង​ខេត្តកោះកុង បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពល
រដ្ឋ ។

នៅ​ថ្ងៃ​ទី​៤ ខែសីហា ក្រសួង​ធនធានទឹក​និង ឧតុនិយម ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អា​កាស​ធាតុ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់ទី​១០ ខែ​សីហា ដែល​ប្រទេស​កម្ពុជា​រង​សម្ពាធ​ទាប​ពី​ព្យុះ​ទី ៧​បណ្តាល​ឲ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម ។ តាម​សេចក្តី​សេចក្តីជូនដំណឹង​នេះ​បាន​ឲ្យ​ដឹងថា តាម​ការ​តាមដាន​ជា​ប្រចាំ​នូវ​កា​រវិ​វត្ត​នៃ​អាកាស​ធាតុ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​កម្ពុជា​យើង​បាន​និង​កំពុង​ស្ថិត​ក្នុង​តំបន់​នៃ​សម្ពាធ​ទាប​មាន​ជា​អាទិ៍ ៖ ជ្រលង​សម្ពាធ​ទាប​(ITCZ) ដែល​លាតសន្ធឹង​ក្នុង​ទឹកដី​ថៃ ឡាវ និង​វៀតណាម ភ្ជាប់​នឹង​ព្យុះ​ទី​៧ ដែល​បាន​រលាយខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែសីហា ។

ឯ​ព្យុះ​ទី​៨​ឈ្មោះ​ហ្វ្រ​ង់​ស៊ី​ស​ភូ ស្ថិត​នៅ​ឆ្ងាយក្នុង​មហាសមុទ្រ​នៅឡើយ តែ​ព្យុះ​នេះ​មិន​មានឥទ្ធិពល​មក​លើ​កម្ពុជា​យើង​ទេ ដោយ​នឹង​ធ្វើ​ដំណើ​រ​ទៅ​កាន់​ឧបទ្វីប​កូរ៉េ ។ សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅ​ខាងកើត​ហ្វ៊ី​លី​ពី​ន នឹង​កកើត​ព្យុះ ទី​៩​ឈ្មោះ​ឡេ​ឌី​ម៉ា ដែល​អាច​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា ។

ទន្ទឹម​នោះ ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​នឹង​នៅ​បន្ត​បក់​ខ្លាំង​មក​លើ​កម្ពុជា ពិសេស​នៅ​ភាគ​ខាងក្រោម ។ តាម​លក្ខណៈ​ដូច​បាន​រៀបរាប់​ខាងលើ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ជាប់​សមុទ្រ ភ្លៀងនៅ​បន្ត​ធ្លាក់​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ខ្លាំង ។ ចំណែកឯ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល មណ្ឌលគិរី និង​រាជធានី​ភ្នំពេញ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

រីឯ​ព្រៃវែង ស្វាយ​រៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង រតនគិរី និង​ព្រះ​វិហារ ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ចាប់ពី​ថ្ងៃ​ទី​៤​ដល់ទី​៨ ខែសីហា ខេត្ត​ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​៨​ទៅ​១០ ខែសីហា​ទៅ កម្រិត​ទឹកភ្លៀង​នឹង​អាច​កើនឡើង​ពី​មធ្យម​ទៅ​បង្គរ ។

ជាមួយ​គ្នា​នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្ត​ទុកដាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​នៃ​ល្បឿន​ខ្យល់​ខ្លាំង​ក្នុង​កម្រិត​ពី​១៥-២០​ម៉ែត្រ​ក្នុងមួយ​វិនាទី ។ រលក​សមុទ្រ​ធំ​ដែល​កម្ពស់​អាច​ពី ១-២​ម៉ែត្រ ។ ជំនន់​ទឹកភ្លៀង​អាច​នឹង​កើត​មាន ពិសេស​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​កំណាត់​ផ្លូវជាតិ​លេខ​៤ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ