ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះ​! មក​ដឹង​ប្រវត្តិ​ខ្លះ​ៗ​ពី​វត្ត​ភ្នំ​ដូនពេញ

4 ឆ្នាំ មុន

តាម​ប្រភព​សៀវភៅ​របស់​លោក​បណ្ឌិត ម​.​ត្រា​ណេ បាន​បង្ហាញ​ថា រាជធានី​ភ្នំពេញ​បាន​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​ពញាយ៉ាត ជា​ស្តេច​ក្រោយ​សម័យ​អង្គរ ដោយ​ស្តេច​អង្គ​នេះ​បាន​ផ្លាស់​ព្រះរាជ​ធានី​ខ្មែរ​ពី​តំបន់​សៀមរាប​អង្គរ​មក​កាន់​តំបន់​ភ្នំពេញ​យើង​នេះ​បុព្វហេតុ បណ្តាល​មក​ពី​ព្រះ​អង្គ​ប្រាថ្នា​ចង់​គេច​ផុត​ពី​ការ​វាយឆ្មក់​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម​ឈ្លានពាន ។ ក្នុង​ទិដ្ឋភាព​ដ៏​ជូរ​ចត់​នេះ​បានជា​ព្រះ​អង្គ​យាង​ចាក​ចេញពី​តំបន់​ទន្លេសាប​ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព​នា​សម័យ​អង្គរ​ដែល​ជា​ជង្រុក​ត្រី និង​ស្រូវ​នា​សម័យ​នោះ…

តាម​ប្រភព​សៀវភៅ​របស់​លោក​បណ្ឌិត ម​.​ត្រា​ណេ បាន​បង្ហាញ​ថា រាជធានី​ភ្នំពេញ​បាន​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​ពញាយ៉ាត ជា​ស្តេច​ក្រោយ​សម័យ​អង្គរ ដោយ​ស្តេច​អង្គ​នេះ​បាន​ផ្លាស់​ព្រះរាជ​ធានី​ខ្មែរ​ពី​តំបន់​សៀមរាប​អង្គរ​មក​កាន់​តំបន់​ភ្នំពេញ​យើង​នេះ​បុព្វហេតុ បណ្តាល​មក​ពី​ព្រះ​អង្គ​ប្រាថ្នា​ចង់​គេច​ផុត​ពី​ការ​វាយឆ្មក់​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម​ឈ្លានពាន ។

ក្នុង​ទិដ្ឋភាព​ដ៏​ជូរ​ចត់​នេះ​បានជា​ព្រះ​អង្គ​យាង​ចាក​ចេញពី​តំបន់​ទន្លេសាប​ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព​នា​សម័យ​អង្គរ​ដែល​ជា​ជង្រុក​ត្រី និង​ស្រូវ​នា​សម័យ​នោះ ការ​ជម្លៀស​ខ្លួន​បាន​ធ្វើ​ឡើងជា​ពីរ​ដំណាក់ បន្ទាប់​ពី​ស្រី​សន្ធរ​មក​ចតុមុខ​ព្រះ​អង្គ​បាន​សាងសង់​ព្រះរាជវាំង​មួយ​នៅ​បាន​កាន ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ពាមផ្កាយម្រេច ក៏​ប៉ុន្តែ​ដោយសារ​តំបន់​នេះ​ជា​តំបន់​ទឹក​លិច​ព្រះ​អង្គ​បញ្ជា​ឲ្យ​គេ​ផ្លាស់​ទីតាំង​ភ្លាម ដើម្បី​ទៅ​តាំង​ព្រះរាជវាំង​មួយ​ថ្មី​ទៀត​នៅ​ឯមុខ​ទន្លេចតុមុខ​យើង​នេះ​រវាង​ឆ្នាំ​១៤០០ និង​១៤៥០ នៃ​គ្រិស្តសករាជ ។

ចំពោះ​កាលបរិច្ឆេទ​ខាងលើ​នេះ​ថ្វី​ត្បិត​ព្រះរាជ​ពង្សាវតារ​ខ្មែរ​បាន​ចេញ​មតិ​ខុស​ប្លែក​ៗ​ពី​គ្នា​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​រើរុះ​នូវ​ព្រះ​បរមរាជវាំង​ចាស់ ហើយ​ការ​សាងសង់​ឡើង​វិញ ជា​ពិសេស​ការ​ផ្លាស់​ប្តូរ​ទីតាំង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ត្រូវ​ប្រើ​ពេល​យ៉ាង​យូរ ។ ម្យ៉ាងវិញទៀត នា​សម័យ​នោះ​គេ​ប្រើ​កម្លាំង​មនុស្ស និង​សត្វ​ដូច​ជា គោ ក្របី និង​ដំរី​សម្រាប់​ដឹក​ជញ្ជូន ។ នេះ​មិន​គិតដល់​ការ​ជ្រើសរើស​ទីតាំង ឬ​ក៏​ពិធីការ​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ភូមិសាស្ត្រ​ផង ។

មានរឿង​ដំណាល​មួយ​ដែល​ល្បី​ជាងគេ ហើយ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ជាងគេ គឺ​មាន​ដូន​ម្នាក់​ឈ្មោះ​ពេញ គាត់​បាន​សាងសង់​ផ្ទះ​របស់​គាត់​នៅ​ជិត​មាត់ច្រាំង​នៃ​ទន្លេមេគង្គ នៅ​លើ​ទួល​មួយ ។

សូម​បញ្ជាក់​ថា ការ​រស់នៅ ឬ​សាងសង់​ផ្ទះសម្បែង​វត្ត​អារាម ឬ​បូជនីយដ្ឋាន​នានា​នៅ​លើ​ទួល ឬ​ដីគោក​ជា​ប្រពៃណី​របស់​ខ្មែរ​យើង ព្រោះ​ស្រុក​យើង​សម្បូរ​ទៅ​ដោយ​ទឹក​នៅ​រដូវវស្សា ។ ខ្ទម​របស់​គាត់ ស្ថិត​នៅ​ខាងកើត​នៃ​ខ្ទម​អ្នកតា​មួយ ។ នៅ​ថ្ងៃមួយ​មាន​ទឹកជំនន់​ធំ ធ្វើ​ឲ្យ​លិចលង់​ជុំវិញ​ទួល​នោះ​ទាំងអស់ ដូនពេញ​ក៏​ចុះ​ពី​ផ្ទះ​របស់​គាត់​ដែល​សង់​ខ្ពស់​ពី​ដី ហើយ​ក៏​បានឃើញ​មាន​ដើម​គគី​ធំ​មួយ​ដែល​បាន​រសាត់​តាម​ខ្សែទឹក ហើយ​មក​ប៉ះ​ជាប់​នឹង​មាត់ច្រាំង ។ ដូនពេញ​អរ​ណាស់​ដោយ​គិត​ថា អញ​នឹង​បាន​ឈើ​ប្រើ​ហើយ ក៏​ម្នីម្នា​ដើរ​រក​ញាតិ​ញោម​ជិតខាង ដើម្បី​អូស​ឈើ​នេះ ។
ក្នុង​ខណៈនោះ​ស្រាប់តែ​ឃើញ​ព្រះ​បដិមា​បុរាណ​ចំនួន​៥​អង្គ ធ្វើ​អំពី​សំរឹទ្ធិ និង​ថ្ម ហើយ​ទេវរូប​សំរឹទ្ធិ​ខាងលើ​នេះ​ជា​រូប​ព្រះ​នរាយណ៍ ទ្រង់​ឈរ ហើយ​នៅ​ដៃ​មាន​កាន់​ឧបករណ៍ និង​អាវុធ​ផ្សេង​ៗ​ដូច​ជា ដំបង​, ខ្យងស័ង្ខ រីឯ​ព្រះ​កេស​វិញ​មាន​ផ្នួងសក់ ។ ដូនពេញ​សប្បាយ​ចិត្តជា​ពន់ពេក ក៏​ប្រមែប្រមូល​អ្នកស្រុក​ជិត​ឆ្ងាយ​ធ្វើបុណ្យ​នា​ពេល​នោះ​ទៅ គាត់​បាន​សាងសង់​រោង​មួយ​នៅ​មុខ​ខ្ទម​របស់​គាត់ ដើម្បី​ដាក់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​អស់នោះ ។ បន្ទាប់​មក​ទៀត គាត់​ក៏​បាន​ស្នើ​អ្នកស្រុក​ភូមិ​ឲ្យ​ជួយ​ពូនដី នៅ​មុខ​ផ្ទះ​គាត់​ឲ្យ​ខ្ពស់​ដូច​កូនភ្នំ ដើម្បី​ទុក​ជាទី​គោរព​សក្ការៈបូជា ។

លោកយាយ និង​អ្នកស្រុក​ក៏​បាន​អារ​ដើម​គគី​នោះ ដើម្បី​យក​ទៅ​សាងសង់​ព្រះ​វិហារ ។ ក្រោយ​ពី​បាន​សាងសង់​ព្រះ​វិហារ​ប្រក់​ស្បូវ​រួច លោកយាយ​ក៏​បាន​និមន្ត​ព្រះសង្ឃ​ជា​ច្រើន​អង្គ ដើម្បី​ធ្វើ​ពិធី​អភិសេកព្រះ និង​ទេវរូប​ដោយ​ដាក់​តម្កល់​ក្នុង​ព្រះ​វិហារ​នោះ​ទៅ ។ ក្រោយ​ពី​សូត្រ​មន្ត រួច ព្រះសង្ឃ​ក៏​បាន​សម្រេច​ព្រះ​ទ័យ​រស់នៅ​ទីនោះ​ដោយ​សាងសង់​កុដិ​នៅ​ខាងលិច​វត្ត​នោះ ។ ដូច្នេះ​ហើយ​បានជា​ចាស់ទុំ​ហៅ​វត្ត​ខាងលើ​នេះ​ថា វត្ត​ភ្នំ​ដូនពេញ ហើយ​ក្រោយមក​ទៀត​ក៏​បាន​ក្លាយទៅជា​វត្ត​ភ្នំ​រហូត​ដល់​សព្វថ្ងៃ​ទៅ ។

ព្រះពុទ្ធ​អង្គ​ទាំង​៤ ព្រមទាំង​ព្រះ​នរាយណ៍​ដែល​គេ​តាំង​ឈ្មោះ​ថា អ្នកតា​ព្រះ​ចៅ​រមែងតែ​ផ្តល់​ចំពោះ​ព្រះរាជ​នគរ​ខ្មែរ នូវ​សិរី​មង្គល និង​វិបុលភាព​គ្រប់​ប្រការ ហើយ​នៅ​ជិត​ទីតាំង​វត្ត​ភ្នំ​ដូនពេញ​ខាងលើ​នេះ​ហើយ​ដែល​ព្រះរាជា​ខ្មែរ​ពញាយ៉ាត ព្រះ​អង្គ​បាន​ស្ថាបនា​ព្រះរាជ​ធានី​របស់​ព្រះ​អង្គ ។ រួម​សេចក្តី​មក​ស្លាកស្នាម​វប្បធម៌​ខ្មែរ​គ្រប់​យុគសម័យ​បាន​ត្រូវ​គេ​ជួប​ប្រទះ​នៅ​លើ​ទីតាំង​ស្ថិត​ជិត​ឆ្ងាយ​នៃ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ​រហូត​ដល់​សព្វ​ថ្ងៃនេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ទីតាំង​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ​មាន​លក្ខណៈ​ប្រកបដោយ​អំណោយផល​ភូមិសាស្ត្រ ដោយ​មាន​ទន្លេ​៤​មុខ ជាស​សៃ​ឈាម​ក្នុង​វិស័យសេដ្ឋកិច្ច ហើយ​ក៏​ជា​មូលហេតុ​នៃ​ការ​រីក​ដុះដាល​នៃ​ភូមិភាគ​នេះ ។

សូម​រំលឹក​ថា ព្រះ​ចេ​ត្យី​ដែល​ធំ​ជាងគេ​នៅ​លើ​វត្ត​ភ្នំ​សព្វ​ថ្ងៃនេះ គឺជា​ព្រះ​ចេ​ត្យី​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះបាទ​ពញាយ៉ាត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ