ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មក​ពី៣ប្រទេស​បណ្តាក់ទុន​លើ​វិស័យ​សំណង់​ឈានមុខ​គេ​មាន​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចំនួន ៣ បាន​បណ្តាក់ទុន​លើ​វិស័យ​សំណង់​ឈានមុខ​គេ​ដែល​មាន​ទឹកប្រាក់​សរុប​ជិត ៥ ពាន់​លាន​ដុល្លារ ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​ដែល​បណ្តាក់ទុន​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចំនួន ៣ បាន​បណ្តាក់ទុន​លើ​វិស័យ​សំណង់​ឈានមុខ​គេ​ដែល​មាន​ទឹកប្រាក់​សរុប​ជិត ៥ ពាន់​លាន​ដុល្លារ ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​ដែល​បណ្តាក់ទុន​នៅ​កម្ពុជា ។

លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​មកនេះ​ថា​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៧ គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​សំណង់​មាន​តែ ៣.២០០ លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ហើយពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១១ បាន​កើនឡើង​ដល់ ១.២២៦ លាន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត និង​រហូត​មក​ដល់​ឆ្នាំ ២០១២ ដល់ ២០១៨ ចាប់ផ្តើម​ឡើង​កំ​ហុ​ក គឺ​ឡើង​រហូត​ដល់ ៥.៧៥៥ លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ឧបនាយករដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​នៅ​ក្នុង​វិស័យ​សំណង់​ក្រុមហ៊ុន​ចិន​បោះទុន​វិនិយោគ​មាន​ចំនួន ២.៨៦៥ លាន​ដុល្លារ​ឈរ​នៅ​លំដាប់​ទី ១,​លេខ ២ ប្រទេស​កូរ៉េ​មាន​១.៦៥០ លាន​ដុល្លារ និង​ជប៉ុន​មាន ៣៨២ លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នេះ គឺ​យើង​បាន​បើក​ច្រក​ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគ​ទាំំ​ង​អស់​ដែល​បាន​ចូល​មក​វិនិយោគ​ជាង ១៣ ប្រទេស​» ។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បើក​ច្រក​គ្រប់​ទិស​ឱ្យ​ក្រុមហ៊ុន​បរទេស​ចូល​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​មិន​មាន​តែ​ក្រុមហ៊ុន​ចិន​នោះ​ទេ ។ ទន្ទឹម​នឹង​វិស័យ​សំណង់​មានកា​រីក​ចម្រើន និង​ចៀសវាង​កុំ​ហុ​ស​ឆ្គង​ធ្លាប់​កើត​មាន​ឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​កន្លង​មក​លោក ជា​សុ ផា​រ៉ា មាន​ប្រសាសន៍​ថា គ្រប់ការ​សាងសង់ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​វិនិយោគិន ត្រូវ​រក​ក្រុមហ៊ុន​ដៃគូ​សាងសង់​ត្រូវ​មាន​វិជ្ជាជីវៈ​លើ​វិស័យ​សំណង់​, ត្រូវ​មាន​ក្រុមហ៊ុន​បាន​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធានា​ឱ្យ​សំណង់​នេះ​បាន​អនុវត្ត​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់ ។ ជាមួយ​គ្នា​នេះ​ពលរដ្ឋ​ទាំងអស់​ដែល​សាងសង់​ត្រូវ​តែ​មាន​ក្រុមហ៊ុន​ត្រួតពិនិត្យ​ដឹកនាំ​ការ​សាងសង់​ពី​ដើម​ដល់​ចប់ មាន​ក្រុមហ៊ុន​ធំ ក្រុមហ៊ុន​ធ​ម្យ​ម និង​ក្រុមហ៊ុន​តូច​ត្រូវ​តែ​មាន ។ នេះ​គឺជា​លក្ខខណ្ឌ​នៃ​ការ​គ្រប់គ្រង​សំណង់ ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៨ បង្ហាញ​ថា​ទិន្នន័យ​សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ២.៨៦៧ គម្រោង មាន​ផ្ទៃក្រឡា​ជាង ១១ លាន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ៥,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៧ មាន ៣.០៥២ គម្រោង ផ្ទៃក្រឡា​មាន​ជាង ១០,៧ លាន​ម៉ែត្រការ៉េ គិត​ជា​ទុន​វិនិយោគ​មាន​ជាង ៦,៤ លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​ថយ​ចុះ ១៨,៦៦% ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ